សត្វព្រៃ និង​បរិស្ថាន

វិបត្តិអន្ទាក់​គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​​សត្វព្រៃ​នៅ​កម្ពុជា ឡាវ និង​វៀតណាម


របាយការណ៍ថ្មីមួយរបស់អង្គការ WWF បានក្រើនរំលឹកថា ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបង្កហានិភ័យនៃការចម្លង​មេរោគពីសត្វទៅមនុស្សថែមទៀតផង។ តាមរយៈរបាយការណ៍នេះ វាជាលើកដំបូងហើយដែលគេបានប៉ាន់ប្រមាណអំពីចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិដែលស្ថិតក្នុងប្រទេសមួយចំនួនក្នុងតំបន់ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ដោយ

ផ្អែកលើរបាយការណ៍ដែលមានចំណងជើងថា៖ “វិបត្តិនៃការដាក់អន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia’s Snaring Crisis” គេបានប៉ាន់ប្រមាណថា មានអន្ទាក់ចំនួនប្រមាណ ១២,៣ លាន កំពុងគំរាមកំហែងដល់ការរស់រានរបស់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ភាគច្រើននៃអន្ទាក់ទាំងនេះត្រូវបានផលិត និងច្នៃឡើងដោយប្រើខ្សែ ឬខ្សែកាប។ ការដាក់អន្ទាក់បង្កើនឱកាសដល់មនុស្សក្នុងការប៉ះពាល់ដោយផ្ទាល់នឹងសត្វព្រៃ ដែលវាជាទង្វើអាចបង្កលទ្ធភាពនៃការចម្លងមេរោគពីសត្វទៅមនុស្ស។ ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាសត្វជ្រូកព្រៃ សំពោច និងសត្វពង្រូលស្ថិតក្នុងចំណោមសត្វច្រើនប្រភេទទៀតដែលជាគោលដៅនៃការដាក់អន្ទាក់ ហើយសុទ្ធសឹងជាប្រភេទសត្វដែលបង្កហានិភ័យខ្ពស់បំផុតនៃការចម្លងមេរោគ។ 

អាជីវកម្មសត្វព្រៃគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងបង្ក​ហានិភ័យនៃការចម្លងមេរោគពីសត្វទៅមនុស្ស

សត្វព្រៃ​នៅកម្ពុជា កំពុងរង​ការគំរាមកំហែង​ពី​ការដាក់​អន្ទាក់។

លោក Stuart Chapman ប្រធានកម្មវិធីសត្វខ្លាប្រចាំតំបន់នៃអង្គការ WWF មានប្រសាសន៍ថា៖ “អន្ទាក់បានសម្លាប់និងបង្ករបួសធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃដោយមិនរើសប្រភេទឡើយ។ អន្ទាក់នេះហើយដែលបាន និងកំពុងបំផ្លាញជីវិតសត្វព្រៃសំខាន់ៗនៅក្នុងតំបន់ចាប់តាំងពីប្រភេទសត្វធំៗដូចជា សត្វខ្លាធំ និងសត្វដំរីអាស៊ី រហូតដល់សត្វពង្រូល និងសត្វសំពោច ហើយបន្ថែមលើនេះ វាឈានទៅធ្វើឱ្យតំបន់ព្រៃទាំងមូលលែងមានវត្តមានសត្វព្រៃទៀតផង”។ លោកបន្តថា៖“សត្វព្រៃអាចបន្តរស់រានបាន លុះត្រាតែរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចាត់វិធានការបន្ទាន់ចំពោះវិបត្តិអន្ទាក់នេះ”។

តម្រូវការសាច់សត្វព្រៃនិងផលិតផលសត្វព្រៃរបស់មនុស្សរស់នៅតំបន់ទីក្រុងសម្រាប់ភាពស៊ីវិល័យជាកត្តាជម្រុញឱ្យការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃកើនឡើង ហើយបានបង្កហានិភ័យដល់ថនិកសត្វរស់នៅលើគោកក្នុងតំបន់ប្រមាណជាង ៧០០ ប្រភេទ ក្នុងនោះរួមមានសត្វសំខាន់ៗដែលជាប្រភេទកំពុងរងគ្រោះថ្នាក់បំផុតក្នុងតំបន់ដូចជាសត្វដំរីអាស៊ី សត្វខ្លាធំ សត្វទន្សោង និងរមាំងជាដើម។

សត្វព្រៃ​នៅកម្ពុជា កំពុងរង​ការគំរាមកំហែង​ពី​ការដាក់​អន្ទាក់។

របាយការណ៍ដដែលបានបង្ហាញថាមានអន្ទាក់សរុបចំនួន ២៣៤.២៩១ ត្រូវបានដោះនិងប្រមូលចេញពីក្នុងតំបន់ការពារធម្មជាតិចំនួន ៥ នៅក្នុងប្រទេសកម្ពុជា គិតចាប់ពីឆ្នាំ២០១០ មកទល់ឆ្នាំ ២០១៩។ 

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា៖“អន្ទាក់ជាកត្តាគំរាមកំហែងចម្បងចំពោះការរស់រានរបស់សត្វខ្លាធំនៅក្នុងតំបន់ ហើយវាក៏ជាកត្តារួមចំណែកដ៏ធំមួយដល់ការដែលគេសន្មត់ថាសត្វខ្លាធំនេះបានបាត់បង់ទៅហើយពីក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម”។

វិបត្ដិអន្ទាក់នេះក៏ជាកត្ដាសំខាន់មួយដែលនាំឱ្យមានការថយចុះនូវចំនួនប្រភេទសត្វស៊ីសាច់ជាអាហារមួយចំនួនទៀតដែរនៅក្នុងតំបន់ការពារធម្មជាតិ ដែលគាំទ្រដោយអង្គការ WWF ដូចជាសត្វខ្លារខិន ខ្លាពពក និងសត្វឆ្កែព្រៃ ព្រមទាំងប្រភេទសត្វជាចំណីរបស់ពួកវាដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និងសត្វប្រើស។

លោក សេង ទៀក មានប្រសាសន៍ថា៖“ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដោយមន្រ្តីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់នៃក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយខ្ញុំក៏មានក្តីត្រេកអរចំពោះការដាក់ចេញនូវសេចក្តីណែនាំលេខ ៥ របស់អភិបាលខេត្តមណ្ឌលគិរីឆ្នាំ ២០១៩ ដែលហាមឃាត់ការទិញការលក់ ការដឹកជញ្ជូន ការប្រើប្រាស់ផលិតផលសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ហើយបានឈានទៅផ្តល់ផលវិជ្ជមានក្នុងការកាត់បន្ថយនូវចរាចរសាច់សត្វព្រៃនៅតាមទីផ្សារនិងភោជនីយដ្ឋានក្នុងមូលដ្ឋាន”។

យ៉ាងណាក៏ដោយ លោក សេង ទៀក បន្ថែមទៀតថា៖“អន្ទាក់នៅតែជាក្តីបារម្ភចំបងចំពោះការរស់រានរបស់សត្វព្រៃ។ ហើយការដកអន្ទាក់ចេញពីព្រៃតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ។ ការពង្រឹងបទបញ្ញត្តិច្បាប់បន្ថែមទៀត ការបង្កើនប្រសិទ្ធភាពក្នុងអនុវត្តនីតិវិធីតុលាការ និងការដាក់ទោសទ័ណ្ឌឱ្យធ្ងន់ធ្ងរដល់ជនល្មើសច្បាប់ សុទ្ធសឹងជាតម្រូវការចាំបាច់ណាស់ដើម្បីបញ្ចប់ការធ្វើពាណិជ្ជកម្មសត្វព្រៃដែលជាគោលដៅនៃការដាក់អន្ទាក់ ជាពិសេសពពួកថនិកសត្វមានក្រចកជើងចំពាម ពពួកបក្សី និងពពួកល្មូនផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគដល់មនុស្ស។

វិបត្តិបង្កដោយ កូវីដ១៩ បានបង្ហាញឱ្យឃើញថា ត្រូវតែមានការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ ដើម្បីដោះស្រាយកត្តា​ចលករដែលនាំឱ្យមានការរាលដាលជំងឺជាសកល។ នៅក្នុងសោកនាដកម្មនេះ ក៏មានកាលានុវត្តភាពមួយសម្រាប់ផ្សះផ្សាទំនាក់ទំនងរបស់មនុស្សជាមួយធម្មជាតិឡើងវិញ និងដើម្បីបន្ធូរបន្ថយហានិភ័យនៃការរាលដាលជំងឺផ្សេងទៀតនាពេលអនាគត។ យ៉ាងណាក៏ដោយ អនាគតប្រសើរមួយអាចចាប់ផ្តើមទៅរួច ទាល់តែរដ្ឋាភិបាលនានា បណ្តាក្រុមហ៊ុន និងប្រជាជនរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ចាប់ផ្តើមធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវពីថ្ងៃនេះទៅ។

អង្គការ WWF កំពុងអំពាវនាវជាសកលឱ្យមានការទទួលស្គាល់និងអនុវត្តគោលការណ៍ សុខភាពតែមួយ ‘One Health’ ដោយផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដែលយើងពឹងអាស្រ័យរួមគ្នា ហើយទទូចសុំឱ្យគោលការណ៍នេះត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសេចក្តីសម្រេចស្តីពីសត្វព្រៃ និងការប្រើប្រាស់ដីធ្លី។ គោលការណ៍នេះក៏គួរត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចនានាផ្នែកធុរកិច្ចនិងហិរញ្ញវត្ថុផងដែរ ជាពិសេសសេចក្តីសម្រេចពាក់ព័ន្ធនឹងសុខភាពពិភពលោក”៕




អត្ថបទបន្ទាប់


អ្នកជំនាញ​ថា សកម្មភាព​ទិញ​លក់​​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្ដើម​ងើប​ឡើង​វិញ

ព័ត៌មាន
អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ជាមួយន…

កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ១៥នាក់ទៀតហើយ មកពីប្រទេសអារ៉ាប៊ីតសាអូឌីត

ព័ត៌មាន
នៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀតហើយ កាលពីថ្ងៃទី ១១ ខែកក្កដា ម្សិលមិញនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ