ការវិនិយោគលើថាមពលពន្លឺថ្ងៃនឹងធ្វើឱ្យព្រះអាទិត្យក្លាយជាកំពូលមហាអំណាចថាមពលពិត

ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនឹងកើនលើសប្រេងឥន្ធនៈ ស្របពេលមានការប្រជែងថាមពលស្អាតកាន់តែខ្លាំង


ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រូវបានគេរំពឹងថានឹងកើនលើសការវិនិយោគលើប្រេងឥន្ធនៈជាលើកដំបូងក្នុងឆ្នាំ២០២៣នេះ ខណៈដែលការចំណាយលើថាមពលស្អាតមានចំនួនលើសពីចំនួនដែលចំណាយលើប្រេងឥន្ធនៈហ្វូស៊ីល។ ស្របពេលដែលថាមពលស្អាតជាការអភិវឌ្ឍដែលគេទទួលស្វាគមន៍ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការវិនិយោគលើឥន្ធនៈហ្វូស៊ីលកំពុងកើនឡើង នៅពេលដែលវាគួរតែធ្លាក់ចុះយ៉ាងឆាប់រហ័ស ដើម្បីឆាប់សម្រេចបានគោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យនៅឆ្នាំ២០៥០។
ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនឹងកើនលើសប្រេងឥន្ធនៈ ស្របពេលមានការប្រជែងថាមពលស្អាតកាន់តែខ្លាំង

យោងតាមសារព័ត៌មាន អាល់ហ្សាស៊ីរ៉ា, តាមរយៈសេចក្តីថ្លែងការណ៍មួយចេញពេលផ្សាយរបាយការណ៍ថ្មីបំផុតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ស្តីពីការវិនិយោគលើថាមពល, លោក ហ្វាទី ប៊ីរ៉ូល (Fatih Birol) នាយកប្រតិបត្តិទីភ្នាក់ងារនេះ បាននិយាយថា "ថាមពលស្អាតកំពុងដំណើរការលឿន - លឿនជាងអ្វីដែលមនុស្សជាច្រើនបានដឹង"។

លោក ប៊ីរ៉ូល បន្តថា “រាល់ប្រាក់ដុល្លារនីមួយៗដែលបានវិនិយោគលើឥន្ធនៈហ្វូស៊ីល ឥឡូវនេះមានប្រហែល ១,៧ ដុល្លារ កំពូងហូរចូលទៅក្នុងថាមពលស្អាត។ កាលពីប្រាំឆ្នាំមុន សមាមាត្រនេះគឺពី ១ ទល់នឹង ១។ រឿងនេះគឺច្បាស់ណាស់ថា ក្នុងនិន្នាការនៃការវិនិយោគ បច្ចេកវិទ្យាស្អាតកំពុងដកខ្លួនចេញពីឥន្ធនៈហ្វូស៊ីល”។

ការវិនិយោគប្រចាំឆ្នាំលើថាមពលស្អាតត្រូវបានគេរំពឹងថានឹងកើនឡើង ២៤ ភាគរយ ចាប់ពីឆ្នាំ ២០២១ ដល់ទំហំជាង ១,៧ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទីភ្នាក់ងារ IEA ដែលឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគលើឥន្ធនៈហ្វូស៊ីលគឺ ១៥ ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។

ការរួមបញ្ចូលគ្នានៃកត្តាជាច្រើន - ជាពិសេសតម្លៃប្រេងនិងឧស្ម័នខ្ពស់ និងការព្រួយបារម្ភអំពីការផ្គត់ផ្គង់ - បានធ្វើឱ្យការចំណាយលើថាមពលកកើតឡើងវិញកើនឡើងនៅពេលខាងមុខ។

លោក Birol បានកត់សម្គាល់ថា "ក្នុងឧទាហរណ៍ដ៏ច្បាស់មួយ ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យគឺត្រូវបានគេកំណត់ថានឹងជែងបរិមាណនៃការវិនិយោគលើផលិតកម្មប្រេងជាលើកដំបូង"។

ទីភ្នាក់ងារ IEA រំពឹងថាការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ជាពិសេសលើការផលិតបន្ទះស្រូបកម្ដៅថ្ងៃ នឹងឈានដល់ ៣៨០ ប៊ីលានដុល្លារនៅឆ្នាំនេះ ខណៈដែលការវិនិយោគលើការរុករកនិងការទាញយកប្រេង ទំនងជាមានទំហំតែ ៣៧០ ប៊ីលានដុល្លារប៉ុណ្ណោះ។

លោក ដេវ ចូន (Dave Jones) ប្រធានផ្នែកវិភាគទិន្នន័យនៅក្រុមហ៊ុនស្រាវជ្រាវថាមពល អិមប៊ើ (Ember) បាននិយាយថា៖ «រឿងនេះធ្វើឲ្យព្រះអាទិត្យក្លាយជាកំពូលមហាអំណាចថាមពលពិត»។

តម្លៃទាបនៃការផលិតថាមពលពន្លឺព្រះអាទិត្យនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយឧស្ម័នកាបូនិក នៅពេលដែលការទទួលយករថយន្តអគ្គិសនីមានសភាពល្បឿនក្នុងចំណោមប្រជាជន។ ប៉ុន្តែការស្ទុះងើបឡើងវិញនៃការវិនិយោគលើប្រេងនិងឧស្ម័ន ដែលត្រូវបានគេរំពឹងថានឹងត្រលប់ទៅដល់កម្រិតដូចក្នុងឆ្នាំ២០១៩វិញ នៅឆ្នាំ២០២៣នេះ ធ្វើឱ្យឧស្សាហកម្មថាមពលឥន្ធនៈហ្វូស៊ីលនេះកាន់តែនៅឆ្ងាយពីគោលដៅបំភាយសូន្យនៅឆ្នាំ ២០៥០ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ។

ទីភ្នាក់ងារនេះនិយាយទៀតថា ការវិនិយោគលើឥន្ធនៈហ្វូស៊ីលសរុបក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានច្រើនជាងពីរដង បើធៀបនឹងចំនួនដែលវិស័យនេះគួរតែចំណាយក្នុងឆ្នាំ២០៣០។ សម្រាប់ធ្យូងថ្ម ការវិនិយោគអាចកើនឡើងដល់ទៅ ៦ ដង។

ទីភ្នាក់ងារ IEA ក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគថាមពលស្អាតត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសជឿនលឿន និងក្នុងប្រទេសចិន ខណៈដែលការកើនឡើងដ៏ធំបំផុតនៃការវិនិយោគលើឥន្ធនៈហ្វូស៊ីលគឺនៅក្នុងប្រទេសមជ្ឈិមបូព៌ា។

លោក Jones បាននិយាយថា "អ្វីដែលគួរឱ្យអស់សំណើចគឺថា កន្លែងដែលមានពន្លឺថ្ងៃបំផុតនៅលើពិភពលោកមានកម្រិតវិនិយោគលើថាមពលពន្លឺព្រះអាទិត្យទាបបំផុត ហើយនេះគឺជាបញ្ហាដែលត្រូវការការយកចិត្តទុកដាក់" ។

IEA ក៏បានរកឃើញថា ក្រុមហ៊ុនថាមពលធំៗ ភាគច្រើនមិនដាក់មូលនិធិសន្ធឹកសន្ធាប់ទៅក្នុងការផ្លាស់ប្តូរឱ្យទៅជាថាមពលបៃតងទេ។ មានតែ ៥ ភាគរយប៉ុណ្ណោះ ក្នុងចំណោមរំហូរសាច់ប្រាក់របស់ពួកគេកាលពីឆ្នាំមុន ដែលបានទៅដល់គម្រោងថាមពលកាបូនទាបនិងកើតឡើងវិញ ឬដែលបានទៅដល់គម្រោងចាប់យកកាបូន៕

ប្រែសម្រួលដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


តើចិនពិតជាអាចដណ្តើមតួនាទីជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅ១២ឆ្នាំទៀតឬ?

ព័ត៌មាន
សហរដ្ឋអាមេរិកអាចនឹងបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី១ ក្រោមថ្វីដៃចិន ក្នុងរង្វង់ឆ្នាំ២០៣៥។ នេះបើតាមសំដីរបស់លោក ជូ មីន ដែលជាសេដ្ឋកិច្ច…

ការធ្លាក់ចុះអំណាយនៃការទិញ បានទាញទម្លាក់ការដឹកជញ្ជូនកម្ពុជាក្នុងរង្វង់៣០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
វិស័យដឹកជញ្ជូននៅកម្ពុជា និងនៅលើពិភពលោកនៅតែបន្តរងនូវការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយ និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាយសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ