: កូរ៉េខាងត្បូងបញ្ចេញថវិកាទប់ទល់ជាមួយកូវីដ១៩

កូរ៉េខាងត្បូងបញ្ចេញថវិកាបន្ថែមចំនួន ១២ ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់ជាមួយកូវីដ១៩


ប្រទេសកូរ៉េខាងត្បូងបានត្រៀមថវិកាបន្ថែមចំនួន ១២ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម ដែលបានទទួលរងផលប៉ះពាល់ ពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការជួយអាជីវកម្មរងផលប៉ះពាល់ និងជំរុញកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបោះផ្សាយមូលបត្របំណុល មានតម្លៃជាង ៩ពាន់ ៤រយលានដុល្លារ ហើយប្រើប្រាស់ថវិកាប្រហែល ២ពាន់ ២រយលានដុល្លារទៀតនឹងយកមកពីទុនបម្រុងមូលនិធិសាធារណៈរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។
: កូរ៉េខាងត្បូងបញ្ចេញថវិកាទប់ទល់ជាមួយកូវីដ១៩
ដោយ

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា ថវិកាជាង ៩ពាន់ ៦រយលានដុល្លារ នឹងត្រូវបានប្រើដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងទូទាត់សងការខាតបង់របស់ពួកគេ ដែលបណ្តាលមកពីការពន្យារពេលវិធានការ ដែលទាក់ទងនឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។ រីឯ ទឹកប្រាក់ចំនួនជាង ១ពាន់ ២រយលានដុល្លារផ្សេងទៀត ត្រូវបានផ្តល់ជូន ដើម្បីធានាទិញថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ៤០ម៉ឺននាក់ និងសម្រាប់ទិញគ្រែមន្ទីរពេទ្យចំនួន ២ម៉ឺន ៥ពាន់គ្រែ។

បន្ថែមពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏មានត្រៀមប្រាក់ចំនួនជាង ៨រយលានដុល្លារទៀត សម្រាប់ទុកប្រើជាទុនបម្រុង ដែលអាចកើតមាន ប្រសិនបើមេរោគបំប្លែងថ្មីអូមីក្រុងបន្ដរីករាលដាលកាន់តែខ្លាំង។

ថវិកាដែលរដ្ឋាភិបាលកូរ៉េខាងត្បូងត្រៀមទុកប្រើប្រាស់ជួយដល់អាជីវកម្មរងផលប៉ះពាល់ដោយសារកូវីដ១៩ ទាំងអស់នេះ គឺនឹងបានមកពីការបោះផ្សាយមូលបុត្របំណុល ដែលមានតម្លៃជាង ៩ពាន់ ៤រយលានដុល្លារ ហើយប្រើប្រាស់ថវិកាប្រហែល ២ពាន់ ២រយលានដុល្លារទៀតពីទុនបម្រុងមូលនិធិសាធារណៈ។

ជាមួយនឹងថវិកាបន្ថែមចុងក្រោយបំផុតនេះ បានធ្វើឱ្យថវិកាចំណាយសរុបរបស់រដ្ឋាភិបាលកូរ៉េនឹងកើនឡើងដល់កំណត់ត្រា ៥២០ពាន់លានដុល្លារនៅឆ្នាំនេះ ដោយបន្ថែមទៅលើថវិកាដែលបានអនុម័តរួច ៥០៨ពាន់លានដុល្លារ កើនឡើងជាង ១១% ធៀបនឹងថវិកាចំណាយកាលពីឆ្នាំ ២០២១។

ថវិកាចំណាយកើនឡើងនេះ ត្រូវបានគេរំពឹងថា នឹងនាំឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងទៅមានកម្រិតបំណុលកើនឡើងជាង ៥០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះផងដែរ។

សូមជម្រាបថា កញ្ចប់ថវិកាចំណាយបន្ថែម ដែលនឹងត្រូវដាក់ជូនសភា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ធ្វើឡើងចំពេលគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង កំពុងតែព្យាយាមទាក់ទាញយកការគាំទ្រពីសាធារណជនត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ នៅក្នុងប្រទេសនេះ៕

 

អត្ថបទ ស៊ើង និមល់ 
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង់បុព្វលាភធានារ៉ាប់រងតាមអេស៊ីលីម៉ូបាល ឬអេស៊ីលីដាអ៊ិនធើណែត កាន់តែងាយស្រួល និងចំណេញពេលវេលា

ព័ត៌មាន
លោកអ្នកតែងតែគិតថាមិនងចង់ចំណាយពេលច្រើនក្នុងទៅអង្គុយរង់ចាំនៅបញ្ជរបង់ប្រាក់បុព្វលាភធានារ៉ាប់រង! ពិតណាស់ជាមួយអេស៊ីលីដាម៉ូបាលលោកអ្នកមិនចា…

វៀតណាម រំពឹងទំហំពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីកើនដល់ ២០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
ប្រធានាបតីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បាន បង្ហាញពីក្ដីរំពឹងខ្ពស់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ីអាចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ