កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញ

កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ក្រោយការចរចារជាមួយកូរ៉េខាងជើងទទួលបរាជ័យ


មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ ខែសីហា នេះឡើងវិញ ដែលមានការហ្វឹកហ្វឺនលើទីលានប្រយុទ្ធផ្ទាល់ ក៏ដូចជាពង្រឹងសមត្ថភាពការពារឲ្យមានភាពច្បាស់ការបន្ថែមទៀត ដើម្បីត្រៀមទប់ទល់នឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើថ្ងៃណាមួយរដ្ឋផ្តាច់ការនេះ ពិតជាវាយប្រហារកូរ៉េខាងត្បូងមែននោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ក្រោយការចរចារជាមួយកូរ៉េខាងជើងទទួលបរាជ័យ

យោងតាមប្រភពដដែលបានឲ្យដឹងថា សមយុទ្ធរដូវក្តៅនៅឆ្នាំនេះ មានឈ្មោះថា (Ulchi Freedom Shield) ដែលកំពុងចាប់ផ្តើម ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី​១ ខែកញ្ញានេះ ដែលមានរយៈពេលជាង​មួយសប្តាហ៍។

មែនទែនទៅ សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង​បានប្រព្រឹត្តធ្វើឡើងដូចសព្វមួយដងឡើងវិញ​ ក្រោយប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol ឡើងកាន់អំណាច ដែលមានជំហរក្តៅ​ជាមួយ​កូរ៉េខាងជើង មិនដូចមេដឹកនាំមុនៗ​នោះទេ។

មួយវិញទៀត សមយុទ្ធរួមគ្នានេះ ត្រូវបានផ្អាកក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជម្ងឺកូវីដ១៩រាតត្បាត ផង និងដោយសារអតីតប្រធានាធិបតីកូរ៉េខាងត្បូងមុន​ជ្រើស​យកកិច្ចចរចា ជាមួយទីក្រុងព្យុងយ៉ាង ជំនួសឲ្យការធ្វើ​សមយុទ្ធនេះ។

ថ្មីៗនេះដែរ រដ្ឋផ្តាច់ការកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ​​ចំនួនពីរគ្រាប់ ពីសមុទ្រភាគខាងលិចនៃទីក្រុង Onchon កាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។

ទន្ទឹមនឹងគ្នានេះ មន្ត្រីទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បង​មីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ ហើយទីក្រុងព្យុងយ៉ាងទំនង​ជាបាន​ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការសាកល្បងបាញ់​បង្ហោះអាវុធនុយក្លេអ៊ែរ​លើកទីប្រាំពីរ​របស់ខ្លួននៅពេលណាមួយក៏បាន។

កាលពីពេលកន្លងទៅនេះដែរ​ ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon បាននិយាយថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច ប្រសិនបើទីក្រុងព្យុងយ៉ាងអាចចាត់វិធានការក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែកូរ៉េខាងជើងបានបដិសេធសំណើរបស់លោក​ ថែមទាំងរិះគន់ប្រធានាធិបតីរូបនេះយ៉ាងចាស់ដៃផងដែរ។

ទោះបីជាយ៉ាងណា ក្នុងសមយុទ្ធរួមជាមួយ​សហរដ្ឋអាមេរិកនេះដែរ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងចំនួន ១១ កម្មវិធីហ្វឹកហ្វឺន ដែលមានកងទាហានចូលរួមរាប់ពាន់នាក់។

តាមក្រសួងការពារជាតិកូរ៉េខាងត្បូងអះអាងថា ការបាញ់សាកល្បងបាញ់មីស៊ីលកន្លងមក ពីសំណាក់ទីក្រុងព្យុងយ៉ាង​គឺមានគំរាមគំហែងយ៉ាងខ្លាំង ជាពិសេសទៅលើទីក្រុងសេអ៊ូល​ដែលស្ថិតនៅនៅ​កៀកព្រំប្រទល់កូរ៉េខាងជើងតែម្តង ដែលការណ៍នេះ​ហើយខ្លួនត្រូវតែពង្រឹង និងពង្រីក​សមត្ថភាព​ការពារដែនអាកាស ព្រមទាំងដាក់ពង្រាយ​ប្រព័ន្ធស្ទាក់ចាប់មីស៊ីល​បន្ថែមទៀតផងដែរ៕




អត្ថបទបន្ទាប់


ការបើកដំណើរការនូវកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធី…

ប្រធានាធិបតីថ្មីហ្វីលីពីន ស្នើថវិកា ៩៤ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍប្រទេសឆ្នាំ ២០២៣

ព័ត៌មាន
ប្រធានាធិបតីទើបឡើងកាន់អំណាចរបស់ប្រទេសហ្វីលីពីន លោក ម៉ាកូស ជូនៀ (Marcos Jr) កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះ បានស្នើសភាអនុម័តនូវកញ្ចប់ថវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ