តំបន់អាស៊ីអាគ្នេយ៍

តំបន់អាស៊ីអាគ្នេយ៍អាចខាតប្រាក់ ២៨ ទ្រីលានដុល្លារ ព្រោះតែបញ្ហាបម្រែបម្រួលអាកាសធាតុ


សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងខាតបង់ប្រាក់ចំនួន ២៨ ទ្រីលានដុល្លា ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប្រសិនបើតំបន់នេះមិនចាត់វិធានការរហ័សបានទាន់ពេលវេលាចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ ក្នុងនោះ វិស័យឧស្សាហកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ត្រូវបានព្យាករណ៍ថា នឹងខាតបង់ ៩ ទ្រីលានដុល្លារនៅឆ្នាំ ២០៧០ បន្ទាប់មក វិស័យផលិតកម្មប្រឈមនឹងការខាតបង់ចំនួន ៧ ទ្រីលានដុល្លារ ខណៈវិស័យទេសចរណ៍វិញអាចខាតបង់ ៥ ទ្រីលានដុល្លារ រួមទាំងការខាត់បង់នៅក្នុងវិស័យផ្សេងៗទៀត។
រូបភាពប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍កំពុងតែជួបវិបត្តិដោយសារអាកាសធាតុ (គ្រោះទឹកជំនន់)

នេះ​បើ​យោង​តាម​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ធំ​មួយ​លំដាប់​ពិភពលោក​ឈ្មោះ ឌឹ​លយ (Deloitte)​។

 បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដែល​ពិភពលោក ពិសេស​ប្រទេស​ធំ​ៗ​ដាក់​ការ​ចាប់អារម្មណ៍ និង​បង្កើត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។ យ៉ាងណាមិញ តាម​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន ឌឹ​លយ ប្រសិនបើ​មិន​ចាត់វិធានការ​ទាន់​ពេល​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ តំបន់​អាស៊ី​អាគ្នេយ៍​អាច​នឹង​ខាតបង់​ប្រាក់ ២៨ ទ្រី​លាន​ដុល្លារ ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ និង​កាត់​បន្ថយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម ៧,៥% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​ដូច​គ្នា​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​តំបន់​អាស៊ី​អាគ្នេយ៍​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​បញ្ហា​បម្រែបម្រួល អាកាសធាតុ និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បាន​ឆាប់រហ័ស​នោះ វា​អាច​ជួយ​ឲ្យ​តំបន់​នេះ នឹង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​ទំហំ​ទឹកប្រាក់ ១២.៥ ទ្រី​លាន​ដុល្លារ ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​គិត​ជា​មធ្យម ៣,៥% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល ៥០ ឆ្នាំ​ខាង​មុខ​។​នេះ​បើ​តាម​របាយការណ៍​ពី​ស្ថាប័ន​ស្រាវជ្រាវ ឌឹ​លយ​។

សូម​ជម្រាប​ថា អាស៊ី​អាគ្នេយ៍​មាន​ពលរដ្ឋ​សរុប​ប្រមាណ ៥ រយ​លាន​នាក់ ហើយ​មាន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន ៣ ទ្រី​លាន​ដុល្លារ​។ ទន្ទឹម​នេះ ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន បូក​រួម​ប្រទេស ទី​ម័​រ​ឡេ​ស្ដេ​ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី ៥% ទៅ ១២% ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​សតវត្ស​ទី ២១ មក​។

ហេតុ​អ្វី ក៏​ត្រូវ​បារម្ភ​ពី​រឿង​បម្រែបម្រួល​អាកាសធាតុ ? មែនទែន​ទៅ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ វា​បង្ក​បញ្ហា​ច្រើន​យ៉ាងណា ប្រសិនបើ​គ្មាន​វិធានការ​ដោះស្រាយ ដូច​ជា​វា​នឹង​បណ្តាល​ឱ្យ​មានការ​រំខាន​ធំ​ៗ ដល់​វិស័យ​កសិកម្ម ព្រមទាំង​វិស័យ​ទេសចរ ក៏​ដូច​ជា​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ដោយសារ​ការ​កើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ កម្ដៅ​ផែនដី និង​គ្រោះ​មហន្ដរាយ​ធម្មជាតិ​នានា​ជាដើម​។

ជាក់ស្ដែង តាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ កញ្ញា​នេះ បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះ​ធម្មជាតិ​មាន​ដល់​ទៅ ជាង ១​ម៉ឺន​ករណី ដែល​បាន​សម្លាប់​មនុស្ស ជាង ២​លាន​នាក់ និង​បង្ក​ការ​ខូចខាត​សេដ្ឋកិច្ច ក្នុង​តម្លៃ​ជាង ៣​ទ្រី​លាន​ដុល្លារ​។ ក្នុង​នោះ ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ រហូត​ដល់ ៩០% នៃ​ចំនួន​អ្នក​ស្លាប់​សរុប​២​លាន​នាក់ ខណៈ​ក្រុម​ប្រទេស​អ្នកមាន​រង​ការ​ខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ គឺ​ស្មើនឹង ៦០% នៃ​ការ​ខាតបង់​សរុប​ក្នុង​ពិភពលោក​៕

 អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបង្កើនការពង្រឹងវិស័យអាកាសចរណ៍ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអាមេរិក

ព័ត៌មាន
ចិនដាក់ផែនការពង្រឹងវិស័យឧស្សាហកម្មផ្លូវអាកាសដោយខ្លួនឯងត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការពឹងពាក់ពីអាមេរិកស្របពេលជម្លោះរវាងប្រទេសមហាយក្សទាំង…

អង្គការ OECD ចង់ឱ្យវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិស័យដឹកជញ្ជូន

ព័ត៌មាន
អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា O.E.C.D បានអំពាវនាវ ឲ្យប្រទេសវៀតណាម បើកទ្វារទទួលវិនិយោគិនបរទេស នៅក្នុងវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ