ប្រេសិតពិសេសប្រធានអាស៊ាន

ប្រេសិតពិសេសប្រធានអាស៊ាននឹងធ្វើដំណើរបំពេញទស្សនកិច្ចជាលើកទី២នៅមីយ៉ាន់ម៉ានៅថ្ងៃនេះ


ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារជាលើកទី២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (រូបភាព៖ ក្រសួងការបរទេសកម្ពុជា)

គោលបំណងសំខាន់ក្នុងការបំពេញទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជាលើកទី២នេះ គឺដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា កាលពីពេលកន្លងមក ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការប្រទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាលើកទី២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសអាស៊ាន នាពេលនេះ មានការអមដំណើរដោយលោក ឯកឧត្តម ផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ។

ក្រសួងការបរទេស បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

ទោះយ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស មិនបានបញ្ជាក់ថា តើក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រសិតពិសេសរបស់ប្រធានអាស៊ាន នឹងត្រូវជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ និងភាគីពាក់ព័ន្ធណាខ្លះនោះទេ។

សូមបញ្ជាក់ផងដែរថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់បានទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ម្ដងរួចមកហើយ ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាង នៅក្នុងពិធីអបអតខួប៧១ឆ្នាំ នៃការបង្កើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៨ខែមិថុនានេះថ…

ចិននឹងបោះផ្សាយមូលបត្របំណុលក្នុងស្រុក២០០ពាន់លានដុល្លារនៅខែមិថុនានេះ ដើម្បីបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ប្រទេសចិនកំពុងការត្រៀមបោះផ្សាយលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុកចំនួនជាង ២២៤ ពាន់លានដុល្លារ ក្នុងអំឡុងខែមិថុនានេះ ដែលការបោះផ្សាយលក់មូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ