វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ស្រីលង្កាកំពុងពិភាក្សាខ្ចីប្រាក់បន្ថែមពីចិន ២,៥ពាន់លានដុល្លារទៀត ខណៈសេដ្ឋកិច្ចកំពុងជួបវិបត្តិធ្ងន់ធ្ងរ


ប្រទេសស្រីលង្កាកំពុងបន្ដខ្ចីបំណុលពីប្រទេសចិនកាន់តែច្រើនឡើង នៅគ្រាដែលសេដ្ឋកិច្ចប្រទេសនេះ កំពុងប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ តួយ៉ាង បន្ទាប់ពីធនាគារអភិវឌ្ឍន៍ចិន (CDB) ទើបតែបានផ្ដល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារកាលពីសប្ដាហ៍មុន ឥឡូវនេះ ចិនកំពុងពិចារណាផ្តល់ឥណទានបន្ថែម ១ពាន់៥រយលានដុល្លារពីលើគម្រោងកម្ចីចាស់។ បន្ថែមពីនេះ ចិនក៏នឹងផ្ដល់កម្ចីដាច់ដោយឡែកមួយទៀតដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារដល់ប្រទេសស្រីលង្កា ផងដែរ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានស្នើសុំចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាប់យ៉ឺន និងគិតគូរចង់ខ្ចីលុយចិនបន្ថែម។
ដោយ

ការ​ផ្ដល់​បន្ថែម​ទាំង​ចាស់ ទាំង​ថ្មី​នេះ មន្ត្រីជាន់ខ្ពស់​ចិន​បាន​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ប្រទេស​ស្រី​លង្កា ចំ​ពេល​ដែល​ប្រទេស​ដី​កោះ​មួយ​នេះ កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។

ប្រទេស​ស្រី​លង្កា​បា​នឹង​ត្រូវ​សងបំណុល​មាន​តម្លៃ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ រួម​ទាំងមូល​ប​ត្រ​បំណុល​អធិបតេយ្យភាព​អន្តរជាតិ​ចំនួន ១ ពាន់​លាន​ដុល្លារ ដែល​នឹង​ផុតកំណត់​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ​ផង​ដែរ ខណៈ​ទុនបម្រុង​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ ២​ពាន់ ៣​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ គិត​ត្រឹម​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២២ ពោល​គឺ​បាន​ធ្លាក់​ចុះ​ប្រហែល ៧០% ធៀប​នឹង​ពីរ​ឆ្នាំ​មុន​។

ប្រទេស​ស្រី​លង្កា ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​សម្ភារ​សំខាន់​ៗ​ដូច​ជា ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ ព្រមទាំង​បង្ខំ​ឱ្យ​មានការ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​កង្វះ​ប្រេងឥន្ធនៈ សម្រាប់​ផលិត​ថាមពល​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រទេស​ចិន​គឺជា​អ្នក​ផ្តល់​ប្រាក់​កម្ចី​ធំ​ជាងគេ​ទី ៤ របស់​ប្រទេស​ស្រី​លង្កា ដែល​នៅ​ពីក្រោយ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ប្រទេស​ជប៉ុន​។ ពោល​គឺ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ស្រី​លង្កា​ជាង ៥ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​ផ្លូវ​ហា​យ​វេ កំពង់​ផែ ព្រ​លាន​យន្តហោះ និង​រោងចក្រ​ថាមពល​ធ្យូងថ្ម​ជាដើម​។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​ស្រី​លង្កា លោក ហ្គូ​តា​បេ​យ៉ា រ៉ា​ចា​ផាក​សា (Gotabaya Rajapaksa) បាន​ស្នើ​ឱ្យ​ចិន​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ការ​សងបំណុល​ឡើង​វិញ​ផង​ដែរ កាលពី​ខែមករា​កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ចិន​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​នេះ​នៅឡើយ​ទេ​។ យ៉ាងណាមិញ បើ​តាម​ប្រភព​ក្រសួង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា ការ​ទូទាត់​សង​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រហែល​ពី ៤០០ ទៅ ៥០០ លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។

ប្រធានាធិបតី​ស្រី​លង្កា​កាលពី​ស​ប្ដា​ហ៍​មុន បាន​អះអាង​ថា ស្រី​លង្កា​នឹង​ធ្វើការ​ជាមួយនឹង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ពិភាក្សា​គ្នា​នៅ​ពាក់កណ្ដាល​ខែមេសា​ខាង​មុខ​នេះ​។

គួរ​ជម្រាប​ថា ស្រី​លង្កា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន (BRI) ដែល​ជា​ផែនការ​រយៈពេល​វែង​ក្នុង​ការ​ផ្តល់​មូលនិធិ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រទេស​ចិន​ទៅ​កាន់​ពិភពលោក ប៉ុន្តែ​ប្រទេស​ផ្សេង​ទៀត​រួម​ទាំង​សហរដ្ឋអាមេរិក​បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​នេះ​ថា​ជា "​អន្ទាក់​បំណុល​" សម្រាប់​ប្រទេស​តូច​ៗ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្រីលង្កាដាក់កងកម្លាំងតាមស្ថានីយប្រេងឥន្ធនៈ ខណៈប្រជាជនតម្រង់ជួរទិញប្រេងដែលកំពុងខ្វះខាត

ព័ត៌មាន
នៅស្របពេលដែលប្រេងកំពុងតែឡើងថ្លៃខ្ពស់ សេដ្ឋកិច្ចប្រទេសស្រីលង្កាកំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ។ ជាក់ស្ដែង អាជ្ញាធរស្រីលង្ការ បានបញ្ជាឲ្យកងកម្…

តើគម្រោងឃ្លាំងស្តុកទំនិញត្រជាក់របស់កំពង់ផែស្វយ័តភ្នំពេញ នឹងជួយជំរុញកំណើនវិស័យឡូជីស្ទិកកម្ពុជាយ៉ាងណាខ្លះ?

ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមីនា បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ