វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ប្រធានាធិបតីស្រីលង្កាផ្អាកសម័យប្រជុំសភារហូតដល់អាចបង្កើតគោលនយោបាយថ្មីសម្រាប់ដោះស្រាយវិបត្តិ


ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វ៉ីកក្រេម៉េស៉ីងហ្កេ (Ranil Wickremesinghe) កាលពីចុងសប្តាហ៍មុន បានសម្រេចផ្អាកសម័យប្រជុំសភារហូតដល់ថ្ងៃទី៨ខែកុម្ភៈ ជាពេលដែលលោកនឹងប្រកាសនូវគោលនយោបាយរយៈពេលវែងថ្មីមួយ សម្រាប់ដោះស្រាយបញ្ហាជាច្រើន រួមទាំងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបាននិងកំពុងទាញទម្លាក់សេដ្ឋកិច្ចរបស់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ប្រធានាធិបតីប្រទេសស្រីលង្កា លោក រ៉ានីល

រដ្ឋាភិបាលក្រុងកូឡំបូ មិនបានផ្តល់ហេតុផលច្បាស់លាស់សម្រាប់ការសម្រេចចិត្តបែបនេះទេ ប៉ុន្តែការិយាល័យប្រធានាធិបតីបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា សុន្ទរកថារបស់លោករ៉ានីល ប្រធានាធិបតីស្រីលង្កា ទៅកាន់សមាជិកសភានៅថ្ងៃទី៨ខែកុម្ភៈខាងមុខនឹងប្រកាសអំពីគោលនយោបាយ និងច្បាប់ថ្មី ដែលគ្រោងអនុវត្តពីពេលនោះ រហូតដល់ការប្រារព្ធខួបមួយរយឆ្នាំនៃការទទួលបានឯករាជ្យភាពរបស់ប្រទេសស្រីលង្កា គឺនៅឆ្នាំ២០៤៨ខាងមុខ។ លោកប្រធានាធិបតីក៏អាចនឹងប្រកាសពីគោលនយោបាយនៃការចែករំលែកអំណាចជាមួយជនជាតិភាគតិច តាមីល (Tamil) ផងក៏ថាបាន។

ក្រុមជនជាតិតាមីល ដែលធ្លាប់មានសង្គ្រាមស៊ីវិលជាមួយរដ្ឋាភិបាល ហើយបានចុះចាញ់កាលពីឆ្នាំ២០០៩ សម្លាប់ជីវិតមនុស្សយ៉ាងងោច ១០ម៉ឺននាក់។ នេះបើតាមទិន្នន័យពីការក្រុមឃ្លាំមើលនៃអង្គការសហប្រជាជាតិ។

អ្នកវិភាគនយោបាយមើលឃើញការប្រកាសរបស់ប្រធានាធិបតីក្នុងការផ្អាកសម័យប្រជុំសភានេះ ថាជាការបង្ហាញពីអំណាចស្របច្បាប់ និងមានឥទ្ធិពលរបស់ប្រធានាធិបតី ដែលឡើងកាន់ដំណែងក្នុងពេលប្រទេសមានសភាពវឹកវរ។ នេះក៏ជាឱកាសចាប់ផ្តើមសារជាថ្មីសម្រាប់ស្រីលង្កា តាមរយៈគម្រោងការថ្មីរបស់ប្រធានាធិបតី ដូចនេះគេមានការគូសវាសច្បាស់ថា ត្រូវដើរតាមផ្លូវណា ដើម្បីដោះស្រាយវិបត្តិ។

គួររំឭកថា ការជំពាក់បំណុលដែលគ្មាននិរន្តរភាព វិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ស្របពេលវិបត្តិនៃជំងឺរាតត្បាត COVID-19 មិនទាន់ដោះស្រាយបាន នាំឱ្យមានការខ្វះខាតយ៉ាងខ្លាំងនៃសម្ភារៈសំខាន់ៗដូចជា ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារនៅប្រទេសស្រីលង្កាកាលពីឆ្នាំទៅមិញ។ ការកើនឡើងនៃតម្លៃសម្ភារៈទាំងនេះបានបង្កឱ្យមានការតវ៉ាដ៏ធំកាលពីឆ្នាំមុន ដែលបានបណ្តេញប្រធានាធិបតីចាស់វស្សា Gotabaya Rajapaksa ចេញពីដំណែងផងដែរ។

សូមជម្រាបថា ប្រទេសស្រីលង្កាត្រូវបានប្រកាសជាប្រទេសក្ស័យធនរួចទៅហើយ ខណៈប្រទេសដីកោះមួយនេះ បានផ្អាកការសងបំណុលបរទេសសរុបជិត៧ពាន់លានដុល្លារនៅឆ្នាំនេះ ដោយរង់ចាំលទ្ធផលនៃការពិភាក្សាជាមួយ IMF។ បំណុលបរទេសសរុបរបស់ប្រទេសមានលើសពី ៥១ ពាន់លានដុល្លារ ដែលក្នុងនោះ ២៨ពាន់លានដុល្លារត្រូវសងទៅវិញត្រឹមឆ្នាំ២០២៧។ ទោះយ៉ាងណាកាលពីសប្តាហ៍មុន ចិន ដែលជាម្ចាស់បំណុលដ៏ធំរបស់ស្រីលង្កា បានអនុញ្ញាតឱ្យពន្យារពេលសងបំណុលរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៣នេះ៕




អត្ថបទបន្ទាប់


បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃស្អែក

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងត្រូវគណៈកម្មការអន្តរក្រសួងជួបពិភាក្សាគ្នាជាថ្មីម្ដងទៀតនៅថ្ងៃ…

ពិធីអបអរសាទរខួប ១៧៥ ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ធ្វើឲ្យសិល្បករទទួលពិសោធន៍ដ៏ពិសេស និងកាន់តែច្បាស់ពីស្រាបៀរកាសស្ប៊ែរ!

ព័ត៌មាន
នាឱកាសអបអរសាទរខួប ១៧៥ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ស្រាបៀរ កាសស៊្បែរ បានរៀបចំពិធីអបអរសាទរដ៏អ៊ឹកអធឹកដល់ទៅ ៣លើក នៅទីតាំងផ្សេងគ្នា ដែលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ