ប្រទេសស្រីលង្កានឹងបរាជ័យក្នុងការសងបំណុល

ប្រទេសស្រីលង្កានឹងបរាជ័យក្នុងការសងបំណុលខណៈដែលប្រាក់ទុកសម្រាប់ទូទាត់ថ្លៃនាំចូលប្រេងឥន្ធនៈក៏ត្រូវអស់ដែរ


ស្រីលង្កាត្រូវបានគេរំពឹងថា នឹងត្រូវបានភ្នាក់ងារវាយតម្លៃប្រាក់កម្ចី ដាក់បញ្ចូលនៅក្នុងប្រទេសបរាជ័យលើការសងបំណុល បន្ទាប់ពីប្រទេសនេះ គ្មានប្រាក់ទូទាត់ថ្លៃមូលបត្របំណុលអធិបតេយ្យភាពរបស់ខ្លួនចំនួន២ ខណៈដែលរដ្ឋមន្ត្រីថាមពលប្រទេសនេះ ក៏បាននិយាយដែរថា ប្រទេសស្រីលង្កា អស់ប្រាក់ ដើម្បីទូទាត់ថ្លៃប្រេងឥន្ធនៈតទៅទៀតហើយ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
Sri lanka no fuel

វិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស្រីលង្កាចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មកនោះ បាននាំឱ្យមានការខ្វះខាតយ៉ាងខ្លាំងនូវរូបិយបណ្ណបរទេសជាហេតុធ្វើឱ្យប្រទេសនេះ ខកខានទូទាត់ការប្រាក់ (Coupn) សម្រាប់មូលបត្របំណុលរដ្ឋចំនួន២ តាំងតែពីថ្ងៃទី ១៨ ខែមេសាមកម្ល៉េះ។

ប្រទេសស្រីលង្កាធ្លាប់បាននិយាយរួចហើយថា ខ្លួនមិនអាចធ្វើការទូទាត់សងការប្រាក់សម្រាប់បណ្ណបំណុលអធិបតេយ្យភាពរបស់ខ្លួនបានទេ ហើយការទុកពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃនោះ ក៏បានផុតកំណត់ផងដែរ គឺបញ្ចប់នៅត្រឹមថ្ងៃទី ១៨ខែឧសភា។

ក្រុមហ៊ុនសេវាកម្មវាយតម្លៃហិរញ្ញវត្ថុ S&P បាននិយាយថា ការវាយតម្លៃលើចំណាត់ថ្នាក់មូលបត្របំណុលនៅឆ្នាំ២០២៣ និង ឆ្នាំ២០២៨ ត្រូវបានកាត់បន្ថយដល់កម្រិតទាបបំផុត ហើយការវាយតម្លៃបំណុលសរុបទាំងអស់របស់ប្រទេសនេះ អាចត្រូវបានកាត់បន្ថយបន្ថែមទៀតដោយយោងតាមការបញ្ជាក់ពីការអស់លទ្ធភាពទូទាត់សង បន្ទាប់ពីការពន្យារពេលអនុគ្រោះបង់សងបំណុលនេះបានដល់ទីបញ្ចប់រួចហើយ។

បច្ចុប្បន្នប្រទេសស្រីលង្កាគ្មានប្រាក់ដុល្លារសម្រាប់ទូទាត់ថ្លៃដឹកជញ្ជូនប្រេងឥន្ធនៈនោះទេ។ នេះបើតាមរដ្ឋមន្ត្រីថាមពលស្រីលង្ការ លោក កាន់ ឆាណា បានប្រាប់សភាកាលពីពេលដើមសប្ដាហ៍នេះដោយលោកបានអំពាវនាវឱ្យប្រជាជនកុំទៅឈរតម្រង់ជួរចាំទិញប្រេងដ៏វែងអន្លាយតទៅទៀតអី ព្រោះថាប្រទេសស្រីលង្ការនេះ អស់ប្រេងផ្គត់ផ្គង់ទៅហើយ។

រដ្ឋមន្ត្រីថាមពលស្រីលង្ការ បានបន្ថែមថា ការដឹកជញ្ជូនប្រេងមួយបានទៅដល់កំពង់ផែកូឡុំបូ តាំងពីថ្ងៃទី២៨ ខែមីនាមកម្ល៉េះ ប៉ុន្តែដោយហេតុតែរដ្ឋាភិបាលគ្មានប្រាក់ទូទាត់ថ្លៃដឹកជញ្ជូន ដូច្នេះហើយពួកគេមិនអាចយកប្រេងនោះមកប្រើបានឡើយ។

រដ្ឋមន្ត្រីថាមពលស្រីលង្កាបន្ថែមទៀតថា រដ្ឋាភិបាលកំពុងធ្វើការស្វែងរកមូលនិធិហើយ ប៉ុន្តែប្រេងឥន្ធនៈនឹងលែងមានផ្គត់ផ្គង់រហូតដល់ចុងសប្តាហ៍នេះ ហើយស្តុកប្រេងសាំងតិចតួចបំផុតកំពុងត្រូវបានបញ្ចេញសម្រាប់សេវាកម្មសំខាន់ៗតែប៉ុណ្ណោះ ដូចជា រថយន្តសង្គ្រោះជាដើម។

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil បាននិយាយកាលថា ប្រទេសនេះទទួលបានហិរញ្ញប្បទានកម្ចីរយៈពេលខ្លីចំនួន ១៦០ លានដុល្លារពីធនាគារពិភពលោក ប៉ុន្តែវាមិនទាន់ច្បាស់ថា តើមូលនិធិនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ថ្លៃដឹកជញ្ជូនប្រេងឥន្ធនៈដែរឬយ៉ាងណានោះទេ។

ដោយសារតែបានរងការវាយប្រហារយ៉ាងខ្លាំងពីជំងឺរាតត្បាតខូវីដ១៩ ការកើនឡើងនូវតម្លៃប្រេង និងការកាត់បន្ថយពន្ធ យកប្រជាប្រិយភាពរបស់រដ្ឋាភិបាលនោះ ស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់របស់ប្រទេសស្រីលង្កាបែបនេះ បាននាំឱ្យមានអតិផរណាកើនឡើង និងកង្វះការផ្គត់ផ្គង់សំខាន់ៗដែលនាំឱ្យមនុស្សរាប់ពាន់នាក់ដើរតវ៉ានៅតាមផ្លូវ។

អំពើហិង្សារវាងក្រុមគាំទ្រ និងប្រឆាំងរដ្ឋាភិបាល និងប៉ូលិសបានបណ្តាលឱ្យមនុស្ស ៩ នាក់ស្លាប់ និងជាង ៣០០ នាក់ទៀតរងរបួសកាលពីសប្តាហ៍មុន ហើយបានបន្តរាលដាលរហូតធ្វើឱ្យនាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa ចុះចេញពីតំណែងផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្រិតបំណុលពិភពលោកកើនដល់ជាង៣០០ទ្រីលានដុល្លារក្នុងនោះចិននិងអាមេរិកជំពាក់ច្រើនជាងគេ

ព័ត៌មាន
កម្រិតបំណុលពិភពលោកបានកើនឡើងដល់ជាង ៣០០ទ្រីលានដុល្លារអាមេរិក រយៈពេលត្រឹមតែបីខែដំបូងនៃឆ្នាំ២០២២ប៉ុណ្ណោះ។ ក្នុងនោះមហាអំណាចសេដ្ឋកិច្ចទាំងព…

មហាអំណាចអាមេរិកព្រមានថា របបផ្តាច់ការកូរ៉េខាងជើងនឹងសាកល្បងអាវុធនុយក្លេអែរ ឬមីស៊ីលផ្លោងអំឡុងពេលលោក បៃឌិន ទស្សនកិច្ចតំបន់អាស៊ី

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថា វាអាចនឹងមានការសាកល្បងអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ