ប្រធានាធិបតីស្រីលង្កាព្រមចុះចេញពីតំណែង

នៅទីបំផុត ប្រធានាធិបតីស្រីលង្កាព្រមចុះចេញពីតំណែងហើយ ក្រោយពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុង


​ប្រធានសភារបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រធានាធិបតីលោក Gotabaya Rajapaksa នឹងចុះចេញពីតំណែងនៅថ្ងៃពុធ ទី ១៣ ខែកក្កដាខាងមុខនេះ ខណៈការសម្រេចចិត្តនេះធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់បានដើរដង្ហែទៅកាន់ទីក្រុងកូឡុំបូ និងបនដឆ្ពោះទៅអុកឡុកដល់វិមានលំនៅដ្ឋាន និង ការិយាល័យផ្លូវការរបស់ប្រធានាធិបតីរូបនេះ និង ទាមទារឱ្យលាលែងពីតំណែងឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ប្រធានាធិបតីស្រីលង្កាព្រមចុះចេញពីតំណែង

ប្រធានាធិបតី​ស្រី​លង្កា​លោក Gotabaya ដែល​ពេល​នេះ​កំពុង​គេចខ្លួន​ពី​ក្រុម​បាតុករ​នៅ​ទីតាំង​សម្ងាត់​មួយ បាន​ប្រាប់​ប្រធាន​សភា​លោក Mahinda Yapa Abeywardena អំពី​ការ​សម្រេចចិត្ត​របស់​លោក​នៃ​ការ​ចុះ​ចេញពី​ដំណែង​ជា​ប្រធានាធិបតី​។

លោក Mahinda Yapa បាន​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​កូ​ឡុំ​បូ​ថា ដើម្បី​ធានា​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សន្តិវិធី ប្រធានាធិបតី​បាន​ជូនដំណឹង​ថា នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ទី ១៣ ខែកក្កដា​ខាង​មុខ​នេះ​។ ប្រធាន​សភា​រូប​នេះ​ក៏​បាន​និយាយ​ថា លោក Gotabaya បាន​ជំរុញ​ឱ្យ​ប្រជាជន​ត្រូវ​មានការ​អត់ធ្មត់ ដើម្បី​ធានា​ការ​ផ្លាស់​ប្តូរ​អំណាច​ដោយ​សន្តិវិធី​។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៩ ខែ ក​ក្ត​ដា មេដឹកនាំ​របស់​ស្រី​លង្កា​បាន​បើក​កិច្ចប្រជុំ​ដ៏​ប្រញាប់ប្រញាល់​មួយ​បន្ទាប់​ពី​មានការ​ផ្ទុះ​ការ​តវ៉ា​របស់​ក្រុម​បាតុករ​ទ្រង់ទ្រាយ​ធំ​ម្តងទៀត ខណៈ​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​នេះ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​លាលែង​ពី​តំណែង​របស់​លោក Gotabaya និង នាយក​រដ្ឋមន្ត្រី​លោក Ranil Wickremesinghe​។ សេចក្តី​ប្រកាស​របស់​លោក Gotabaya ក្នុង​ការ​ចុះ​ចេញពី​តំណែង​ក៏​បាន​កើតឡើង​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​ពី​លំនៅ​ដ្ឋា​ន​ឯកជន​របស់​លោក នាយក​រដ្ឋមន្ត្រី​លោក Ranil ក្នុង​ទីក្រុង​កូ​ឡុំ​បូ ត្រូវ​បាន​ដុត​បំផ្លាញ បើ​ទោះបីជា​វា​មិន​ច្បាស់​ថា​អ្នក​ណា​ជា​អ្នក​នៅ​ពីក្រោយ​ឧបទ្ទវ​ហេតុនេះ​ក៏​ដោយ​។

យ៉ាង​ហោច​ណាស់​អ្នកកាសែត ៧ នាក់​ដែល​បាន​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ការ​តវ៉ា​ទល់មុខ​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​វាយប្រហារ​ដោយ​កងកម្លាំង​ពិសេស​ដែល​យាម​ផ្ទះ​របស់​លោក Ranil ។

នាយក​រដ្ឋមន្ត្រី លោក Ranil បាន​និយាយ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ផ្ទាល់ខ្លួន​របស់​លោក​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចុះ​ចេញពី​តំណែង​ថា ដើម្បី​ធានា​ការ​បន្ត​ភារៈកិច្ច​របស់​រដ្ឋាភិបាល រួម​ទាំង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់ លោក​នឹង​លាលែង​ពី​តំណែង ដើម្បី​បើកផ្លូវ​សម្រាប់​រដ្ឋាភិបាល​ថ្មី​ក្នុង​ការ​ចូល​មក​ដោះស្រាយ​វិបត្តិ​ដែល​ប្រទេស​កំពុង​ប្រឈម​មុខ​។

គួរ​រំ​ឮ​កថា ក្នុង​រយៈពេល​បី​ខែ​កន្លង​មកនេះ ប្រជាជន​ស្រី​លង្កា​រាប់​ពាន់​នាក់​បាន​ដើរ​តាម​ផ្លូវ​ទាមទារ​ឱ្យ​ប្រធានាធិបតី​លោក Gotabaya លាលែង​ពី​តំណែង ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​មេដឹកនាំ​រូប​នេះ ដែល​បាន​នាំ​ឱ្យ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​កើតឡើង​លើ​ប្រទេស​នេះ ហើយ​រដ្ឋាភិបាល​នា​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​ប្រកាស​ថា ទទួលស្គាល់​ថា​ប្រទេស​របស់​ខ្លួន​បាន​ក្ស័យធន​រួច​ទៅ​ហើយ​ដែរ​។ ប្រទេស​ដី​កោះ​ស្រី​លង្កា ពេល​នេះ​កំពុង​មានការ​ខ្វះខាត​សម្ភារៈ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ប្រេងឥន្ធនៈ ឧស្ម័ន​ក្នុងស្រុក ក៏​ដូច​ជា​ការ​ឡើង​អតិផរណា និង ការ​ដាច់​ចរន្តអគ្គិសនី​ប្រចាំ​ថ្ងៃ​។

លោក Amita Arudpragasam អ្នកវិភាគ​គោលនយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ឡុំ​បូ​បាន

ប្រាប់​សារព័ត៌មាន​ជ​ប៉ុប Nikkei ថា ប្រសិនបើ​ការ​តវ៉ា​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​ការ​បោះ​ឆ្នោត​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​ជ្រើសរើស​រដ្ឋាភិបាល​មក​ពី​គណបក្ស​ផ្សេង​ៗ ដែល​គ្រប់គ្រង​ដោយ​សមាជិក​សភា​គួរ​ឱ្យ​ទុកចិត្ត​បាន​នោះ ប្រទេស​ស្រី​លង្កា​នឹង​មាន​ភាព​ប្រសើរ​ឡើង និង សម្រេច​បាន​នូវ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

គួរ​ជម្រាប​ថា យោង​តាម​ប្រភព​នយោបាយ នៅ​ពេល​ដែល​លោក Gotabaya លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ពុធ ទី ១៣​កក្កដា តាម​រដ្ឋធម្មនុញ្ញ ប្រធាន​សភា​ទំនងជា​នឹង​បំពេញ​មុខងារ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ហើយ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ សភា​នឹង​កោះ​ប្រជុំ​ជ្រើសរើស​សមាជិក​មួយ​រូប​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ដែល​នៅ​សល់​។ រដ្ឋាភិបាលបណ្តោះអាសន្ន​របស់​គណបក្ស​ទាំងអស់​នឹង​ត្រូវ​បាន​តែងតាំង បន្ត​ដោយ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​ដែល​បាន​កំណត់​ផង​ដែរ​៕




អត្ថបទបន្ទាប់


កម្ពុជា និងវៀតណាមឈរកំពូលតារាង ជាប្រទេសមានការងើបឡើងវិញពីកូវីដ១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ី

ព័ត៌មាន
ប្រទេសកម្ពុជា និងវៀតណាមបានកាន់កាប់តំណែងកំពូលក្នុងតារាង ជាប្រទេស ដែលមានការងើបឡើងវិញពីវិបត្តិកូវីដ១៩បានប្រសើរជាងគេនៅក្នុងតំបន់អាស៊ី ខ…

គម្រោងសាងសង់ព្រលានយន្តហោះនៅមណ្ឌលគិរីត្រូវបានពន្យារពេល ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍ជួបបញ្ហាហិរញ្ញវត្ថុ

ព័ត៌មាន
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រោងសាងសង់ព្រលានយន្តហោះថ្នាក់តំបន់នៅខេត្តមណ្ឌលគិរីស្ថិតក្នុងភាពស្រពេចស្រពិល ខណៈតាមគម្រោងការសាងសង់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ