រដ្ឋប្រកាសនឹងបោះផ្សាយលក់បណ្ណបំណុល ២០០លានដុល្លារទៀតក្នុងឆ្នាំ២០២៣

រដ្ឋប្រកាសនឹងបោះផ្សាយលក់បណ្ណបំណុល ២០០លានដុល្លារទៀតក្នុងឆ្នាំ២០២៣ ទោះការបោះផ្សាយលក់ឆ្នាំមុនមិនសូវមានផ្លែផ្កាក្ដី


រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីផែនការបន្តបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំ២០២២ តាមរយៈធនាគារជាតិនៃកម្ពុជា រដ្ឋាភិបាលបានប្រកាសបោះផ្សាយលក់មូលបត្របំណុលចំនួន ៣០០លានដុល្លារ ប៉ុន្ដែ ជាលទ្ធផលលក់បានត្រឹមតែជាង ១០លានដុល្លារប៉ុណ្ណោះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា

បើតាមក្រសួងសេដ្ឋកិច្ច មូលបត្ររដ្ឋ ដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ គឺមានតម្លៃ ១លានរៀល ក្នុងមួយបណ្ណ ជាមួយអត្រាគូប៉ុង ឬការប្រាក់ក្នុងតម្លៃថេររៀងរាល់ ៦ខែម្ដង ជាមួយនឹងគម្លាតនៃការបោះផ្សាយ មានរយៈពេល ៤សប្ដាហ៍។ អ្នកជំនាញក្នុងវិស័យមូលបត្ររំពឹងថា ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋនៅឆ្នាំ២០២៣ នឹងអាចមានភាពល្អប្រសើរជាងឆ្នាំមុន។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ការបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលមានការកែសម្រួលនូវយន្តការមួយចំនួន ដូច្នេះ លោកមានក្ដីរំពឹងថា ការបោះផ្សាយនឹងមានភាពល្អប្រសើរជាងឆ្នាំមុន។ ឯកឧត្តម ហុង សុហួរ បានបង្ហាញពីមូលហេតុមួយចំនួនដែលធ្វើឲ្យការបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានទំហំ ៣០០លានដុល្លារ នៅឆ្នាំ២០២២ ហាក់មិនសូវទទួលបានលទ្ធផលល្អប្រសើរ ដោយសារការបោះផ្សាយបានជួបប្រទះនូវបញ្ហាប្រឈមច្រើន ហើយជាលទ្ធផល គឺមិនបានដូចការគ្រោងទុកនោះឡើយ។

លើសពីនោះ តាមរយៈការដាក់ចេញនូវយន្តការថ្មី ជាពិសេសតាមរយៈការដាក់ចេញនូវផែនការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ ឯកឧត្តម ហុង សុហួរ ជឿជាក់ថានឹងធ្វើឲ្យមូលបត្ររដ្ឋកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ ឯកឧត្តម ហុង សុហួរ បន្តពន្យល់ថា នៅពេលដំណើរការបោះផ្សាយមូលបត្ររដ្ឋកាន់តែរលូន នឹងជួយធ្វើឲ្យទុនវិនិយោគដែលចរាចរណ៍នៅក្នុងសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង ហើយភាពប្រសើររបស់មូលបត្ររដ្ឋ នឹងជួយជ្រោមជ្រែងដល់វិស័យមូលបត្រទាំងមូលឲ្យកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះ ភាពរីកចម្រើនរបស់វិស័យមូលបត្ររដ្ឋ នឹងជួយឲ្យការកៀរគរទុនរបស់ប្រព័ន្ធហិរញ្ញវត្ថុ កាន់តែមានប្រសិទ្ធិភាព ដែលធ្វើឲ្យសេដ្ឋកិច្ចទាំងមូល ទទួលបាននូវអត្ថប្រយោជន៍ពីវិស័យមូលបត្ររដ្ឋនេះ។

បើតាមអ្នកជំនាញក្នុងវិស័យមូលបត្ររូបនេះដដែល មូលហេតុដែលការបោះផ្សាយមូលបត្ររដ្ឋលើកដំបូងមិនសូវទទួលបានលទ្ធផលល្អប្រសើរ គឺដោយសារតែការបោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូង វាស្របពេលពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន។ មួយវិញទៀត ការបោះផ្សាយនៅឆ្នាំ២០២២ ប្រើតែយន្តការរបស់ធនាគារជាតិនៃកម្ពុជា ដោយមានតែធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុណ្ណោះ ដែលអាចចូលរួមដេញថ្លៃ និងចូលរួមវិនិយោគលើមូលបត្ររដ្ឋក្នុងឆ្នាំ២០២២បាន។ លើសពីនេះ ការដំឡើងអត្រាការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ការកើនឡើងអតិផរណា ដែលធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ក៏ជាកត្តាធ្វើឲ្យក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុដែលចង់វិនិយោគជាមួយមូលបត្ររដ្ឋហាក់មានចិត្តរារែកក្នុងការវិនិយោគដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំអំឡុងខែកញ្ញា ឆ្នាំ២០២២ តាមរយៈធនាគារជាតិនៃកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារអាមេរិក ក្នុងគោលដៅពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗ របស់រដ្ឋាភិបាល។ ប៉ុន្ដែ ការបោះផ្សាយក់បណ្ណបំណុលនេះ គឺសម្រេចបានលទ្ធផលត្រឹមតែជាង ១០លានដុល្លារអាមេរិកប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


៥ឆ្នាំទៀត កោះរ៉ុងនឹងមានព្រលានយន្តហោះអន្តរជាតិតម្លៃ៣០០លានដុល្លារ បើកដំណើរការ

ព័ត៌មាន
កម្ពុជា នឹងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣០០លាន ដុល្លារសហ…

ដើមឆ្នាំ២០២៣ តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃដល់ ២២៨០ក្នុងមួយតម្លឹង ខណៈអ្នកជំនាញថា អាចបន្តឡើងទៀត

ព័ត៌មាន
ក្រុមអាជីវករលក់មាស និងអ្នកជំនាញទីផ្សារមាសនៅកម្ពុជាកត់សម្គាល់ឃើញថា ចូលដល់ខែមករាដើមឆ្នាំ ឆ្នាំ២០២៣ តម្លៃមាសនៅកម្ពុជាក៏ដូចជានៅទីផ្សារពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ