អាជីវកម្មទេសចរណ៍នៅសៀមរាប

រដ្ឋសម្រេចលើកលែងពន្ធរយៈពេល៣ខែទៀត សម្រាប់អាជីវកម្មទេសចរណ៍នៅសៀមរាប


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធមួយចំនួន ដល់សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែ មករា ដល់ខែ មីនា ឆ្នាំ២០២៣។ ប៉ុន្ដែ ការលើកលែងពន្ធនេះ គឺសម្រាប់តែអាជីវកម្មទេសចរណ៍ ដែលមានទីតាំងនៅខេត្តសៀមរាបតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋសម្រេចលើកលែងពន្ធរយៈពេល៣ខែទៀត សម្រាប់អាជីវកម្មទេសចរណ៍នៅសៀមរាប
ដោយ

ផ្អែកតាមស្ថានភាពសង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌសកលលោក តំបន់ និងក្នុងប្រទេស, រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈប្រកបដោយភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន។

បើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល អំពីវិធានការបន្ថែមសម្រាប់បន្ដគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ពន្ធដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងដល់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបនោះ រួមមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ដោយអាជីវកម្មដែលទទួលបានការលើកលែងនេះរួមមាន សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប។ ការបន្ដផ្ដល់ជូនការលើកលែងពន្ធនេះ គឺមានរយៈពេល ៣ ខែ ចាប់ពីខែ មករា ដល់ខែ មីនា ឆ្នាំ២០២៣។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍ផងដែរ។ និងបន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ផងដែរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋាលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ ក៏បានគូសបញ្ជាក់ដែរថា ការបន្តលើកលែងពន្ធមួយចំនួនក្នុងវិស័យទេសចរណ៍សម្រាប់តែខេត្តសៀមរាប ក៏ដោយសារតែខេត្តសៀមរាប ជាខេត្តដែលពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍ ខណៈអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបមានប្រមាណ ៤៨% ប៉ុណ្ណោះ បានបន្តអាជីវកម្មរបស់ខ្លួន ហើយប្រមាណជាង៥០% ទៀតត្រូវបានបិទទ្វា។ បើតាមឯកឧត្តម វង្សី វិស្សុត ដោយសារចំនួននៃអ្នកបិទអាជីវកម្មក្នុង ខេត្តសៀមរាប មានចំនួនច្រើននៅឡើយ ទើបរដ្ឋបន្តលើកលែងពន្ធដល់ពួកគាត់យ៉ាងដូច្នេះ។ ហើយការបន្តលើកលែងពន្ធ ដល់សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍នេះទៀតសោត ហាក់ជាការលើកលែងលើកចុងក្រោយផងដែរ ដោយសារតែបច្ចុប្បន្នស្ថានភាពវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងងើបឡើងវិញគួរឲ្យកត់សម្គាល់។

គួរជម្រាបថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ បង្ហាញពីសន្ទុះងើបឡើងវិញ ស្ទើរគ្រប់វិស័យ ទាំងក្នុងវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យសេវាកម្ម។ ជាមួយគ្នានេះ, សកម្មភាពអាជីវកម្មក្នុងគោលដៅទេសចរណ៍ជាច្រើនរួមទាំងរាជធានីភ្នំពេញ, ខេត្តក្នុងតំបន់ឆ្នេរ និងខេត្តមួយចំនួនទៀត មានកំណើនគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរផ្ទៃក្នុង៕




អត្ថបទបន្ទាប់


អាមេរិកក្ដោបក្ដាប់ទីផ្សារ ៤០% នៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២២ ទោះមានប្រឈមសម្ពាធអតិផរណាក្ដី

ព័ត៌មាន
សហរដ្ឋអាម៉េរិក គឺជាទីផ្សារគោលដៅធំជាងគេបង្អស់របស់កម្ពុជា ដោយបានក្ដោបរហូត ៤០% នៃការនាំចេញសរុប ដែលគិតជាទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លា…

ហេតុអ្វី IMF ដំឡើងព្យាករណ៍កំណើនសេដ្ឋកិច្ចសកលឆ្នាំនេះ ប៉ុន្តែព្រមានពីហានិភ័យអត្រាការប្រាក់នៅតែមានខ្ពស់?

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានបង្កើនការព្យាករទៅលើអត្រាកំណើនសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ២០២៣នេះខ្ពស់ជាងមុនបន្តិច ប៉ុន្តែក៏បានព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ