វិស័យស្រូវ-អង្ករ នៅកម្ពុជា

រដ្ឋសម្រេចបន្តលើកលែងពន្ធលើប្រាក់ចំណូល៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ


ដើម្បីជួយដល់គាំទ្រដល់វិស័យស្រូវ-អង្ករ នៅកម្ពុជា រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀតចាប់ពីឆ្នាំ២០២២ សម្រាប់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតសុពលភាព នៃការទទួលបានការអនុគ្រោះពន្ធនេះ។
រដ្ឋសម្រេចបន្តលើកលែងពន្ធលើប្រាក់ចំណូល៥ឆ្នាំទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ

ការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលនេះ ធ្វើឡើងនៅចំពេលដែល វិស័យស្រូវអង្ករនេះ នៅតែបន្ដជួបបញ្ហាប្រឈមជាច្រើនពិសេសក្នុងផ្នែកផលិតកម្មតែម្ដង។ តួយ៉ាង ទីផ្សារស្រូវឆ្នាំនេះ កំពុងជួបនូវបញ្ហាធ្លាក់ថ្លៃខ្លាំង ក្រោយពេលដែល ប្រជាកសិករប្រមូលផលស្រូវច្រើនក្នុងអំឡុងពេលជាមួយគ្នា ធ្វើឲ្យការប្រមូលទិញស្រូវ សម្ងួត និងស្ដុកទុក មានជួបការរាំងស្ទះ។ ទោះយ៉ាងណា រាជរដ្ឋាភិបាល និងរោងម៉ាស៊ីនកិនស្រូវមកទល់ពេលនេះ កំពុងសស្រាក់សស្រាំក្នុងការជួយប្រមូលទិញស្រូវពីកសិករតាមដែលអាចធ្វើទៅបាន ដើម្បីទប់កុំឲ្យតម្លៃស្រូវបន្ដធ្លាក់ថ្លៃខ្លាំងបន្ថែមទៀត។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវសមិទ្ធិផលជាច្រើនរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា នាពេលកន្លងមក ជាពិសេសក្នុងវិស័យស្រូវ-អង្ករ តែម្ដង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បន្តថា វិស័យស្រូវ-អង្ករ គឺជាវិស័យមួយដែលមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែស្នើទៅបណ្ដាប្រទេសនានា ឲ្យមកបណ្ដាក់ទុនក្នុងវិស័យនេះបន្ថែម ក៏ដូចជា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងទៀតថា ក្រៅពីស្វែងរកឱកាសទីផ្សារសម្រាប់អង្ករកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូលើការលើកលែងការយកពន្ធលើប្រាក់ចំណូលពីវិស័យនេះ តាំងពីឆ្នាំ២០១១មក ហើយនៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធ តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានកត់សម្គាល់ឃើញថា បើទោះបីបច្ចុប្បន្ន ស្ថានភាពពិភពលោក រួមទាំងកម្ពុជា បានជួបប្រទះនូវផលលំបាកពីជំងឺកូវីដ១៩ ក៏ដោយចុះ តែសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យស្រូវ-អង្ករ ជាពិសេសការជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ការខិតខំប្រឹងប្រែងរបស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា បានធ្វើឲ្យបរិមាណនៃការនាំចេញអង្ករ កើនឡើងជាលំដាប់ ក្នុងបរិមាណ ៦០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលទទួលបានចំណូលប្រមាណជាង ៤០០លានដុល្លារ និងការនាំចេញស្រូវប្រមាណជាង៣លានតោន ក្នុងមួយឆ្នាំ និងបានផ្ដល់ចំណូលដល់កម្ពុជា លើការនាំចេញសរុប ទាំងអង្ករ និងស្រូវ មានជាង ១ពាន់២រយលានដុល្លារ។

យ៉ាងណាមិញ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវ-អង្ករ កម្ពុជា ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា សហព័ន្ធស្រូវ-អង្ករ កម្ពុជា បានរៀបចំអនុវត្តផែនការបន្ត ក្នុងឆ្នាំ២០២៣ រួមមាន៖ ផលិតកម្ម និងការផ្គត់ផ្គង់ពូជ,រៀបចំផែនការទិញស្រូវពីប្រជាកសិករ,រៀបចំផែនការតម្លើងឡសម្ងួត ឃ្លាំងស្ដុកទុក និងកែច្នៃ និងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកទីផ្សារថ្មីៗបន្ថែម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករក្នុងបរិមាណជិត ៥១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់ចំនួនជាង ៤៣៥លានដុល្លារ។ ដោយឡែក នៅរយៈពេល ១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញស្រូវ ទៅប្រទេសវៀតណាម ជាង ២លានតោន ថយចុះ ៨% បើធៀបនឹងឆ្នាំមុន ដែលគិតជាទឹកប្រាក់មានជាង ៤៩២លានដុល្លារ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល៥ចំណុច ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់អាស៊ាន

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ នៅឆ្នាំនេះ គឺផ្ដោ…

Forte: រស់នៅដោយភាពជឿជាក់

ព័ត៌មាន
សូនីតា មានក្តីសុបិន ។ ឪពុកម្តាយរបស់នាងមានចក្ខុវិស័យ ។ ពួកគាត់បានផ្ដល់ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់នាង ជាពិសេសបង្ហាត់បង្រៀននាងឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ