រដ្ឋចាប់ផ្ដើមដេញថ្លៃមូលបត្របំណុលលើកទី២

រដ្ឋចាប់ផ្ដើមដេញថ្លៃមូលបត្របំណុលលើកទី២ ក្នុងទំហំទឹកប្រាក់ជិត៥០លានដុល្លារ


យោងតាមសេចក្ដីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា រដ្ឋនឹងបន្តប្រកាសការដេញថ្លៃមូលបត្របំណុលលើកទី២ របស់ខ្លួន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក។ ខណៈការដេញថ្លៃមូលបត្របំណុលលើកទី១ ក្នុងទំហំទឹកប្រាក់ជិត ២៥លានដុល្លារ បានបញ្ចប់កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា

យ៉ាងណាមិញ ចំពោះការដេញថ្លៃមូលបត្របំណុលនៅដំណាក់កាលទី១ ត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា អះអាងថា ដ្បិតលទ្ធផលទទួលបានល្អប្រសើរ ក៏ពិតមែន តែសន្ទុះនៃការលក់បណ្ណបំណុលសម្រេចបានប្រមាណតែ ៤០ភាគរយ ប៉ុណ្ណោះ នៃចំនួនទឹកប្រាក់សរុប ដែលមានទំហំទឹកប្រាក់ ២៥លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ មានទំហំទឹកប្រាក់២០០ប៊ីលានរៀល ឬប្រមាណជិត៥០លានដុល្លារអាមេរិក។ តម្លៃនៃបណ្ណបំណុលនេះ គឺមួយបណ្ណតម្លៃ ១លានរៀល មានអត្រាកូប៉ុង ឬការប្រាក់ថេរ ២,៤៤% និងមានការទូទាត់សងកូប៉ុង ឬការប្រាក់រៀងរាល់ ៦ខែម្ដង។ បើតាមធនាគារជាតិនៃកម្ពុជា ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ ធ្វើឡើងតាមរយៈប្រព័ន្ធ NBCP របស់ធនាគារជាតិ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ២:៣០រសៀល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចចូលរួមដេញថ្លៃតាមការកំណត់ នៅក្នុងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ជុំវិញការដាក់ឲ្យមានការដេញថ្លែមូលបត្របំណុលរដ្ឋជាលើកទី២នេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា លោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា មានស្ថាប័នប៉ុន្មាន នឹងចូលរួមក្នុងការដេញថ្លៃនេះ តែលោកបានគូសបញ្ជាក់ថា ដូចការដេញថ្លៃលើកទី១ដែរ ដោយមានតែគ្រឹះស្ថាន និងធនាគារ ដែលជាសមាជិករបស់ធនាគារជាតិនៃកម្ពុជា ប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការទិញបណ្ណបំណុលប្រភេទនេះ។

ចំណែកឯ ការដេញថ្លៃមូលបត្របំណុលនៅដំណាក់កាលទី១ វិញត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ អះអាងថា បានប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ដោយនៅដំណាក់កាលទី១ មានក្រុមហ៊ុន និងស្ថាប័នចំនួន៨ បានចូលរួមក្នុងការដេញថ្លៃនេះ។ ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់បែបនេះ ការដេញថ្លៃមូលបត្រនៅដំណាក់ទី១ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែមិនទទួលបាន ១០០ភាគរយ នោះទេ ដោយការដេញថ្លៃលើកទី១ ការលក់មូលបត្របំណុលបានត្រឹមតែប្រមាណ ៤០ភាគរយ ប៉ុណ្ណោះ នៃទំហំបណ្ណបំណុលសរុប២៥លានដុល្លារ។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមដែរថា តាមរយៈការបោះបណ្ណបំណុលរដ្ឋនេះ នឹងចូលរួមពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។

សូមបញ្ជាក់ថា តាមផែនការ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋនេះ មានទំហំទឹកប្រាក់សរុប៣០០លានដុល្លារអាមេរិក។ បើតាមក្រសួងសេដ្ឋកិច្ច ស្ថាប័នដែលវិនិយោគិនលើមូលបត្ររដ្ឋនេះ ក៏នឹងទទួលបានការលើកទឹកចិត្តពីរដ្ឋផងដែរ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមានការកាត់បន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ឆ្នាំ។ បន្ថែមពីនេះ ក៏មានការលើកទឹកចិត្តក្នុងវិស័យធនាគារមួយចំនួនទៀតផងដែរ៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មស្នើឲ្យសម្តេច ស ខេង ជួយទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអ…

សម្ព័ន្ធសមាគមអាជីវកម្មខ្នាតតូច និងមធ្យម រំពឹងការចាប់ដៃជាមួយបរធនបាលកិច្ចជួយជំរុញការវិនិយោគក្នុងវិស័យនេះបន្ថែមទៀត

ព័ត៌មាន
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)បានចុះអនុសារណៈយោគយល់គ្នាជាមួយនិយ័តករបរធនបាលកិច្ច ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ