ក្រុមហ៊ុនអាជីវកម្មថៃ

តើថៃមើលឃើញពីបញ្ហា និងឱកាសអ្វីខ្លះ ជុំវិញភាពតានតឹងចិន និងតៃវ៉ាន់ថ្មីៗនេះ?


ក្រុមហ៊ុនអាជីវកម្មថៃមួយចំនួនរំពឹងថាមានផលប៉ះពាល់អវិជ្ជមានតិចតួចប៉ុណ្ណោះសម្រាប់ពូកគេ ពីភាពតានតឹង រវាងចិននិងតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោស្រី Nancy Pelosi ទៅកាន់កោះនេះ។ ប៉ុន្ដែ ក្រុមហ៊ុនខ្លះ ក៏បានមើលឃើញពីផលវិជ្ជមានមួយចំនួនទាក់ទងនឹងការនាំចេញផលិតផលថៃទៅក្រៅប្រទេសជាពិសេសអាហារ និងលទ្ធភាពនៃការផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មទៅកាន់ប្រទេសផ្សេងៗផងដែរ។
ក្រុមហ៊ុនអាជីវកម្មថៃ ជុំវិញភាពតានតឹងចិន និងតៃវ៉ាន់ថ្មីៗនេះ

លោក Visit Limlurcha ប្រធានកិត្តិយសនៃសមាគមអ្នកកែច្នៃចំណីអាហារថៃ និងជាអនុប្រធានសភាពាណិជ្ជកម្មថៃបាននិយាយថា ផលប៉ះពាល់នៃភាពតានតឹងជុំវិញ​ច្រកសមុទ្រតៃវ់ាន់​នាពេលនេះ​​មិនមានអ្វីដែលត្រូវព្រួយបារម្ភ​ពេក​នោះទេ ​ប៉ុន្តែលោក​បានកត់សម្គាល់ថា​ ស្ថានភាព​នេះ​​បាន​ធ្វើ​​ឱ្យគេ​តាម​ដាន​យ៉ាងដិតដល់បំផុត​។

លោក Visit បាននិយាយទៀត​ថា ពួកគេ​ត្រូវ​តែ​បន្ត​តាមដានយ៉ាងដិតដល់ថា តើភាពតានតឹង​នេះ​​នឹងកាន់តែកើន​ឡើង​ខ្លាំង ឬក៏​យ៉ាងណាទៅ​វិញ ​ខណៈដែលបញ្ហាតៃវ៉ាន់ និង​សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ គឺសុទ្ធតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​​ដល់​សេដ្ឋកិច្ចពិភពលោក។

លោក Visit បាន​បន្ថែម​ថា បន្ទាប់ពីប្រទេស​ចិន​បាន​ដាក់​បម្រាម​លើ​​​ផលិតផលចំនួន ៣ពាន់៥រយមុខ​មក​ពីតៃវ៉ាន់​​ដែលភាគច្រើន​ជាផលិតផលកសិកម្ម និងចំណីអាហារ​នោះ​ ​វាក៏អាចជាឱកាសសម្រាប់អាជីវកម្មថៃក្នុងការនាំចេញផលិត​ផលទាំងនេះ​ទៅកាន់ប្រទេសចិន​បានកាន់តែច្រើនជាងមុនដែរ។

ប្រធាន​កិត្តិ​យស​សមាគម​ថៃ​រូប​នេះ​​បាន​បន្ថែម​ទៀត​ថា ភាព​តានតឹង​នេះ​អាច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់មួយ​ចំនួន​បង្ខំ​ចិត្ត​​ផ្លាស់ប្តូរ​ទីតាំង​មូលដ្ឋាន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​របស់ខ្លួន​​ទៅ​កាន់​​ប្រទេស​ផ្សេង​ទៀត​​ដើម្បី​​ទប់ទល់​ហានិភ័យ​ទាំង​នេះដូចគ្នាដែរ​​។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ទោះបីជាប្រទេសថៃ​អាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចមួយចំនួនពីវិបត្តិចិន-តៃវ៉ាន់ក៏ដោយ​ ប៉ុន្តែ​បញ្ហានេះអាចនឹងធ្វើឱ្យមាន​​កង្វះ​ខាត​​ឧបករណ៍​បន្ទះ​ឈីបជាសកលកាន់តែ​អាក្រក់ទៅៗ​។​​

លោក Kriengkrai បាននិយាយថា សហ​ព័ន្ធ​ឧស្សាហ​កម្មថៃ​​រំពឹងថា អ្នកវិនិយោគនឹងផ្លាស់ប្តូរ​ទីតាំងវិនិយោគរបស់ពួកគេពីតៃវ៉ាន់ទៅកាន់ប្រទេសថៃ​ និងប្រទេសផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​ ដែលវា​ស្រដៀងគ្នា​ទៅ​នឹងការផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិន​ទៅកាន់​តំបន់​​អាស៊ាន​បន្ទាប់​ពីសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន​អ៊ីចឹង​ដែរ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនចាប់ផ្ដើមរឹតបន្ដឹងលើការដឹកជញ្ចួនគ្រឿងបន្លាស់ផលិតផលបច្ចេកវិទ្យា ពីកោះតៃវ៉ាន់ ចំពេលការប្រឈមមុខដាក់កាន់តែតានតឹង

ព័ត៌មាន
ក្រោយពីបានទម្លាក់ទណ្ឌកម្មទៅលើការនាំចូលទំនិញផលិតផលចំណីអាហារជាច្រើនពីកោះតៃវ៉ាន់រួចមក ឥឡូវនេះ មហាយក្សចិនចាប់ផ្ដើមរឹតបន្ដឹងលើការនាំចូលគ្រ…

ភាគខាងកើតអ៊ុយក្រែននៅតែជាសមរភូមិក្តៅ ខណៈមេណាតូស្បថមិនឱ្យរុស្ស៊ីឈ្នះសង្គ្រាមនេះឡើយ

ព័ត៌មាន
កងទ័ពអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ពួកគេត្រូវបង្ខំចិត្តបោះបង់ចោលទឹកដី និងគោលដៅមួយចំនួននៅភាគខាងកើតនៃប្រទេស ក្រោយពីប្រឈមមុខនឹងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ