កោះតៃវ៉ាន់បង្កើនការប្រុងប្រយ័ត្នជាមួយចិន

កោះតៃវ៉ាន់បង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ពីការវាយប្រហាររបស់ចិន ក្រោយមើលឃើញវិបត្តិនៅអ៊ុយក្រែន


ក្រុមមន្ត្រីរបស់រដ្ឋបាលទីក្រុងតៃប៉ិបាននិយាយថា កោះតៃវ៉ាន់មានការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចទាញយកផលប្រយោជន៍ ពេលដែលលោកខាងលិចកំពុងជាប់ដៃ នឹងវិបត្តិនៅអ៊ុយក្រែន ដោយឆ្លៀតឱកាសវាយប្រហារ ឬដើម្បីបង្កើនសម្ពាធលើកោះកោះតៃវ៉ាន់។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាក្តីបារម្ភប៉ុណ្ណោះ ប៉ុន្តែមិនមានការចល័តទ័ពណាមួយខុសប្លែកពីធម្មតាដោយកងកម្លាំងរបស់ចិននោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង
ដោយ

ដោយព្រួយបារម្ភពីការឆ្លៀតឱកាសរបស់ចិន អំឡុងវិបត្តិនៅអ៊ុយក្រែន កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ បានបង្កើតឡើងនូវក្រុមតាមដានមួយក្រុម ដើម្បីអង្កេតស្ថានការណ៍នៅអ៊ុយក្រែន សម្រាប់សុវត្ថិភាពដែនកោះរបស់ខ្លួន។

តៃវ៉ាន់​តែងតែ​ប្រុង​ប្រយ័ត្ន ​ចំពោះ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា​ ជា​ការ​បង្កហេតុ​​របស់​ចិន កាល​ពី​ខែ​មុន ​បាន​បង្កើត​​ក្រុម​ការងារ​​អ៊ុយក្រែន​​ក្រោម​ក្រុម​ប្រឹក្សា​​សន្តិសុខ​ជាតិ។ ប្រទេសចិន​ចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើន​សកម្មភាពយោធាខ្លាំងក្លានៅជិតកោះនេះ នៅរយៈពេល​ពីរឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង បើតាម​ប្រមុខដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន អះអាងថា ទោះបីជាមិនបាននិយាយចំៗថា ជាប្រទេសចិនក៏ដោយ ប៉ុន្តែលោកស្រីបានប្រាប់កិច្ចប្រជុំនៃក្រុមការងារអង្កេតការណ៍នៅអ៊ុយក្រែន​នៅថ្ងៃពុធថា តៃវ៉ាន់ត្រូវតែបង្កើនការឃ្លាំមើល និងការប្រុងប្រយ័ត្ន​របស់ខ្លួន​លើសកម្មភាពយោធា​នៅក្នុងតំបន់។

ប្រមុខដឹកនាំ​កោះតៃវ៉ាន់បានគូសបញ្ជាក់ថា ទោះបីស្ថានភាព​ជាក់ស្តែង​នៅកោះតៃវ៉ាន់ និងស្ថានការណ៍​របស់អ៊ុយក្រែន​មានភាពខុសគ្នាក៏ដោយ ប៉ុន្តែលោកស្រី សៃ អ៊ីងវិន បានបង្ហាញការយល់ចិត្ត​ចំពោះស្ថានភាព​របស់អ៊ុយក្រែនបច្ចុប្បន្ន ដោយសារតៃវ៉ាន់ក៏​ធ្លាប់ទទួលបានការគំរាមកំហែងពីចិន ដូចដែលអ៊ុយក្រែនកំពុង​ទទួល​បាន​ការគំរាមកំហែងពីប្រទេសរុស្សីដែរ។

គួររំឭកថា ប្រមុខ​ការបរទេសកោះ​តៃវ៉ាន់ លោក Joseph Wu ធ្លាប់បានព្រមាននៅក្នុងបទសម្ភាសន៍មួយ​កាលពីខែមុនថា តៃវ៉ាន់កំពុងឃ្លាំមើល​យ៉ាងដិតដល់ ដើម្បីមើលថា តើចិនអាចនឹង​ទាញយកប្រយោជន៍​ពីវិបត្តិ​អ៊ុយក្រែន​ដើម្បីវាយ​ប្រហារ​តៃវ៉ាន់ ឬយ៉ាងណា។

សូមជម្រាបថា នាយករដ្ឋមន្ត្រីអង់គ្លេស​លោក Boris Johnson កាលពីសប្តាហ៍មុនក៏ធ្លាប់បានព្រមានស្រដៀងគ្នាទៅនឹងក្តីបារម្ភរបស់កោះតៃវ៉ាន់ដែរ។ នាយករដ្ឋមន្ត្រីអង់គ្លេសអះអាងថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបរាជ័យក្នុង​ការបំពេញតាមការសន្យា​របស់ពួកគេក្នុងការគាំទ្រប្រទេសអ៊ុយក្រែនក្នុងសំណុំរឿងតានតឹងជាមួយរុស្សី នោះវានឹងជះផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោករួមទាំងសម្រាប់កោះតៃវ៉ាន់ផងដែរ។

លោក ប៊ូរីស ចនសុន ​គូសបញ្ជាក់ថា ប្រសិនបើ​អ៊ុយ​ក្រែ​ន​​មាន​គ្រោះថ្នាក់​មែននោះ ក្តី​បារម្ភ​​នឹង​រាលដាល​ដល់​តំបន់​​អាស៊ី​ខាងកើត រួម​ទាំង​កោះ​តៃវ៉ាន់​​ដែល​កំពុង​រង​​ការ​គំរាមកំហែង​ពីទីក្រុង​ប៉េ​កាំ​​ងស្រាប់ទៅហើយផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងចាត់ទុកកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ព័ត៌មាន
ប្រទេសបារាំង បានជ្រើសរើសយកកម្ពុជាធ្វើជាដៃគូនាំមុខគេមួយនៅអាស៊ានក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈប្រទេសបារាំង មានប…

តម្លៃប្រេងឆៅពិភពលោកអាចកើនឡើង ២០ដុល្លារបន្ថែមទៀត ប្រសិនបើវិបត្តិអ៊ុយក្រែនវិវត្តកាន់តែអាក្រក់ទៅ

ព័ត៌មាន
តាមការស្រាវជ្រាវជាសកល របស់ធនាគារកណ្តាលអាមេរិក បានអះអាងថា តម្លៃប្រេងឆៅពិភពលោកអាចកើនឡើងពី ៥ ទៅ ២០ ដុល្លារបន្ថែមទៀតក្នុងមួយបារ៉ែលពីលើតម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ