ភូមិសាស្ត្រនយោបាយ

អាមេរិកពិភាក្សាពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ ក្រោយអវត្តមានកោះនេះក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក


មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាថ្មី ជាមួយកោះតៃវ៉ាន់ ពោលគឺនៅមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋបាលរបស់លោកចូ បៃឌិន បានប្រកាសជាផ្លូវការនូវក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្ដែមិនបានរាប់បញ្ចូលកោះតៃវ៉ាន់ដែលជាដៃគូដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់ ចូលជាសមាជិកក្របខណ្ឌសេដ្ឋកិច្ចនេះនោះទេ។
អាមេរិកពិភាក្សាពាណិជ្ជកម្មទ្វេភាគីនឹងតៃវ៉ាន់!

ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​គេ​ដឹង​ថា ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វ៉ា​ស៊ី​ន​តោន ដើម្បី​ទប់ទល់ នឹង​ប្រជែង​ឥទ្ធិពល​ជាមួយ​ក្រុង​ប៉េ​កាំ​ង​។ ទន្ទឹម​នឹង​ការ​ចរចា​ជា​ពាណិជ្ជកម្ម មន្ទីរ​បញ្ជ​កោណ​អា​មេ​រិ​ក បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ចង់​បន្ថែម​ជំនួយ​យោធា​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​កាន់តែ​ច្រើន​ថែម​ទៀត ស្រប​ពេល​ដែល​តំបន់​មួយ​នេះ​កំពុង​កើន​កំ​ដៅ ពិសេស​សកម្មភាព​យោធា​ពី​សំណាក​ក្រុង​ប៉េ​កាំ​ង នៅ​ក្បែរ​នឹង​ដែន​កោះ​តៃវ៉ាន់​។

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ អា​មេ​រិ​ក​និង​តៃវ៉ាន់​គ្រោង​បង្កើត​ផែនទី​បង្ហាញផ្លូវ​មួយ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត សម្រាប់​គំនិត​ផ្តួចផ្តើម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​សម្រាប់​សតវត្ស​ទី​២១​។ ប្រភព​ដដែល​បន្ត​ថា ភាគី​ទាំង​ពីរ​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ក្នុង​ខែមិថុនា​នេះ នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។

គំនិត​ផ្តួចផ្តើម​ខាងលើ​ដដែល​នេះ នឹង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ដែល​មាន​ស្តង់ដារ​ខ្ពស់ គ្របដណ្តប់​ទៅ​លើ​ការងា​បែប​ពាណិជ្ជកម្ម​ទូទៅ និង​វិស័យ​ជា​ច្រើន​ដូច​ជា​ការ​សម្របសម្រួល​ពន្ធគយ ការ​ប្រឆាំង​អំពើ​ពុក​រលួយ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​សិទ្ធិ​ការងារ ជាដើម​។

ត្រង់​ចំណុច​នេះ​យើង​អាច​កត់សម្គាល់​បាន​ថា គំនិត​ផ្តួចផ្តើម​ទ្វេភាគី​រវាង​អា​មេ​រិ​ក និង​កោះ​តៃវ៉ាន់ ទោះ​មិន​ទាន់​ចេញ​ជា​រូបរាង​ក៏​ដោយ តែបើ​មើល​លើ​លក្ខខណ្ឌ​មួយ​ចំនួន គឺ​ហាក់​ស្រ​ដៀង​នឹង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក IPEF របស់​រដ្ឋបាល​ប្រធានាធិបតី​អា​មេ​រិ​ក​ចូ បៃ​ឌិន ដែល​ទើបបាន​ប្រកាស​ជា​ផ្លូវការ កាលពី​ពេល​ថ្មី​ៗ​នេះ ជាមួយ​ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១៣​ប្រទេស​ដែរ​។ ប៉ុន្តែ​ពេល​នោះ សហរដ្ឋអាមេរិក​មិន​បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឲ្យ​ចូលរួម​ដែរ​ឡើយ​។

បើ​តាម​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ក្រប​ខណ្ឌ IPEF ការ​ដែល​វ៉ា​ស៊ិ​ន​តោន​មិន​បាន​អញ្ជើញ​តៃវ៉ាន់​ចូលរួម គឺ​ដើម្បី​បញ្ជៀ​សការ​ខឹងសម្បារ​ពី​ប្រទេស​ចិន ខណៈ​ដែល​គ្រានោះ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​ជាង ២០០​នាក់​បាន​គាំទ្រ​ឲ្យ​លោក​បៃ​ឌិន​អញ្ជើញ​តៃវ៉ាន់​ដែរ​។

ក្រៅពី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម អា​មេ​រិ​ក​ចង់​ធ្វើ​ឲ្យ​តៃវ៉ាន់​មាន​ទ័ព​កាន់តែ​ខ្លាំង

នៅ​ចំពោះ​មុខ​សកម្មភាព​យោធា​គំរាមកំហែង​របស់​ប៉េ​កាំ​ង​និយាយ​ដោយឡែក និង​ការ​ឡើង​កំ​ដៅ​ខ្លាំង​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​និយាយ​ជា​រួម រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក Lloyd Austin បាន​បង្ហើប​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន មាន​ឆន្ទៈ​ក្នុង​ការ​ពង្រីក​ជំនួយ​យោធា និង​ការ​ហ្វឹកហ្វឺន​កងទ័ព​សម្រាប់​តៃវ៉ាន់​ឲ្យ​បាន​ច្រើន​ជាង​មុន​ទៀត ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​នានា នៅ​ថ្ងៃ​អនាគត​។

លោក Austin បាន​ប្រាប់​សារព័ត៌មាន Nikkei នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០៧​ខែមិថុនា​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ឱ្យ​តៃវ៉ាន់​នូវ​ទម្រង់ ការពារ​ជាតិ​ដែល​ចាំបាច់​បំផុត ដើម្បី​រក្សា​បាន​នូវ​សមត្ថភាព​ស្វ័យការពារ​គ្រប់គ្រាន់​ស្រប​តាម​ការ​គំរាមកំហែង​ចំពោះ​មុខ​។

គួរ​រំឭក​ថា នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក បៃ​ឌិន​ទៅ​កាន់​តំបន់​អាស៊ី​លោក​បាន​ថ្លែង​ថា អា​មេ​រិ​ក​នឹង​ចូល​ជួយ​កោះ​តៃវ៉ាន់ ប្រសិនបើ​មានការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​ចិន​មែន​នោះ​។ សេត​វិមាន និង​មន្ទីរ​បញ្ជ​កោណ​អា​មេ​រិ​ក បាន​ចេញ​មក​បកស្រាយ​ថា ការ​ថ្លែង​របស់​លោក​ចូ​បៃ​ឌិន មិន​បាន​ឆ្លុះ​បញ្ចាំង ពី​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ការ​បរទេស​របស់​អា​មេ​រិ​ក​ទេ ពោល​គឺ​អា​មេ​រិ​ក​នៅ​តែ​គោរព​តាម​គោលការណ៍​ចិន​តែ​មួយ​ដដែល គ្រាន់តែ​អា​មេ​រិ​ក​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ពិភពលោក​តែ​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទណ្ឌកម្មរបស់ EU កាត់ផ្តាច់ប្រេងពីរុស្ស៊ីនឹងធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ដល់ពេលណា?

ព័ត៌មាន
តម្លៃទីផ្សារប្រេងពិភពលោកកំពុងរងភាពរង្គោះរង្គើកាន់តែខ្លាំងឡើង នៅក្រោយពេលដែលសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរ…

វៀតណាមជាប្រទេសដំបូងគេ ទទួលជោគជ័យ លើការបង្កើតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក

ព័ត៌មាន
ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបង្កើតវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកបានដោយជោគជ័យហើយ ខណៈប្រទេសក្បែខាងកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ