កសិដ្ឋានចិញ្ចឹមទាកាប៉ាហាក់មានទីផ្សារល្អ

កសិដ្ឋានចិញ្ចឹមទាកាប៉ាហាក់មានទីផ្សារល្អ បើទោះបីកំពុងប្រឈមការប្រកួតប្រជែង និងតម្លៃចំណីកើនឡើងក្ដី


ម្ចាស់កសិដ្ឋានភ្ញាស់កូនទាកាប៉ាមួយរូប នៅខេត្តកំពង់ឆ្នាំង ដែលកំពុងចិញ្ចឹមទាកាប៉ាជាងមួយពាន់ក្បាល ដើម្បីយកពងសម្រាប់ភ្ជាស់កូនលក់ បានអះអាងថា ទីផ្សារកូនទាកាប៉ា ក៏ដូចជាទាកាប៉ាសាច់ បច្ចុប្បន្ន ហាក់មានភាពប្រសើរជាងមុន ក្រោយពីមានភាពធូស្រាលនៃជំងឺកូវីដ១៩ និងមានការបើកភោជនីយដ្ឋាន ហាង និងកន្លែងទេសចរណ៍នានា បើទោះបីជា របរនេះ កំពុងប្រឈមនឹងការប្រកួតប្រជែងនឹងការនាំចូលកូនទាពីប្រទេសជិតខាង និងបញ្ហាចំណីឡើងថ្លៃក៏ដោយ។
កូនទាកាប៉ានៅកសិដ្ឋានភ្ញាស់កូនទាកាប៉ា SP

មិនតែប៉ុណ្ណោះ កសិករដែលទិញកូនទាកាប៉ាយកទៅចិញ្ចឹមបន្ដ នាពេលបច្ចុប្បន្ន ក៏មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការទិញកូនទាក្នុងស្រុកទៅចិញ្ចឹមដែរ ពីព្រោះថាកូនទាក្នុងស្រុកមានគុណភាពល្អជាងកូនទានាំចូល។

ទាកាប៉ា ជាប្រភេទទា ដែលគេចិញ្ចឹមយកសាច់ មានវាក៏មានតម្រូវការទីផ្សារខ្ពស់គួរសមដែរ នាពេលបច្ចុប្បន្ននេះ។

លោក ស៊ុន សាក់ ម្ចាស់កសិដ្ឋានភ្ញាស់កូនទាកាប៉ាSP ស្ថិតនៅ ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ខេមបូណូមីសថា លោកបានបើកកសិដ្ឋាននេះ រយៈពេល៥ឆ្នាំមកហើយ ប៉ុន្ដែ នៅអំឡុងពេលកូវីដ១៩រាតត្បាត អាជីវកម្មលោកក៏បានប្រឈមនឹងបញ្ហាជាច្រើនដែរ។ ក៏ប៉ុន្ដែ នៅពេល ពេលបច្ចុប្បន្ន ក្រោយពេលដែលប្រទេសបើកសេដ្ឋកិច្ចសង្គមឡើងវិញ អាជីវកម្មភ្ញាស់កូនទាកាប៉ារបស់លោក ស៊ុន សាក់ ហាក់មានភាពល្អប្រសើរជាងមុន បើទោះបីមាន កំពុងប្រឈមផលប៉ះពាល់តិចតួចពីការឡើងថ្លៃនៃចំណីទា និងការប្រកួតប្រជែងពីសំណាក់កូនទានាំចូលពីប្រទេសជិតខាងក៏ដោយ។ ម្ចាស់កសិដ្ឋានចិញ្ចឹមទាកាប៉ារាប់ពាន់ក្បាលរូបនេះ អះអាងថា ទោះបីពេលបច្ចុប្បន្នមានការនាំចូលកូនទាពីបណ្តាប្រទេសជិតខាងមានការប្រកួតប្រជែងច្រើន គួបផ្សំមានតម្លៃថោកជាងទាក្នុងស្រុកក៏ពិតមែន ប៉ុន្តែខាងកសិដ្ឋានរបស់លោកអាចទប់ទល់បញ្ហានេះបាន ដោយហេតុថា អតិថិជនរបស់លោកដែលជាកសិករបានងាកមកទិញកូនទាក្នុងស្រុកវិញច្រើន ដោយពួកគាត់មានការយល់ដឹងច្រើនពីគុណភាពកូនទាក្នុងស្រុក ដែលមានការចញ្ចឹមតាមស្តង់ដារ មានការចាក់វ៉ាក់សាំងបង្ការការពារជំងឺផ្សេងៗជាដើម ខណៈកូនទាដែលនាំចូលពីក្រៅ មានគុណភាពមិនសូវល្អ មានការងាប់ច្រើនស្ទើតែពាក់កណ្តាលឯណោះ ក្នុងការបញ្ជាទិញម្តងៗ។

លោក ស៊ុន សាក់ បន្ថែមទៀតថា កសិដ្ឋានរបស់លោក មានទាំងការលក់កូនទាកាប៉ាពូជ និងលក់ទាកប៉ាសាច់សម្រាប់ទីផ្សារផងដែរ ដោយក្នុងនោះ ចំពោះការទិញកូនទាកប៉ាចាប់ពី ៥០០កូនឡើងទៅ មានតម្លៃ ៤៥០០ រៀលក្នុងមួយក្បាល ហើយបើទិញក្រោម ៥០០កូន មានតម្លៃ ៥០០០ ពាន់រៀលក្នុងមួយក្បាល។ ដោយឡែក ទាកាប៉ាសាច់វិញ កសិដ្ឋានរបស់លោក លក់ចេញក្នុងតម្លៃ ១ម៉ឺន៥រយ រៀលក្នុងមួយគីឡូក្រាម។

បច្ចុប្បន្ននៅក្នុងកសិដ្ឋានភ្ញាស់ទាកាប៉ារបស់លោក ស៊ុន សាក់ មានមេទាកាប៉ាប្រមាណជាង ១ពាន់ក្បាល ដែលអាចទទួលបានកូនទាសម្រាប់លក់ចេញចំនួនប្រមាណ ១ម៉ឺន២ពាន់ក្បាលក្នុងមួយខែ ហើយលោកក៏បានលើកទឹកចិត្តឲ្យកសិករចិញ្ចឹមទាទាំងអស់ ងាកមកគាំទ្រកូនទាដែលចិញ្ចឹមក្នុងស្រុកដែលមានគុណភាពល្អ ជាជាងការចិញ្ចឹមទា ដែលមានប្រភពនាំចូលពីក្រៅប្រទេស មិនសូវមានគុណភាព ដែលនាំឲ្យមានការខាតបង់ច្រើនក្នុងការចិញ្ចឹម៕




អត្ថបទបន្ទាប់


ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ ប៉ុន្ដែតម្លៃសាច់ជ្រូកនៅតែទ្រឹង ខណៈក្រុមអ្នកចិញ្ចឹមជ្រូកបារម្ភពីបញ្ហាតម្លៃចំណីឡើងថ្លៃ

ព័ត៌មាន
ក្រុមអ្នកជំនាញបានអះអាងថា ក្រោយមន្រ្តីជំនាញនៃអគ្គនាយកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានវិធានការតឹងរ៉ឹងលើការនាំចូលជ្រូករស់ខុសច្បាប់ជា…

ថៃរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៩ លាននាក់នៅត្រឹមចុងឆ្នាំនេះ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn បាននិយាយថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចារ រំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិក្នុងប្រទេសថៃចំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ