បង្កងតាកែវ និងទឹកត្រីកំពត

បង្កងតាកែវ និងទឹកត្រីកំពតនឹងត្រូវចុះ GI ឆាប់ៗនេះ


គិតមកទល់ពេលនេះ មានផលិតផលកម្ពុជាប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រាប់ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ក្នុងនោះដែរ ផលិតផលចំនួន២មុខ រួមមានបង្កងតាកែវ និងទឹកត្រីកំពត កំពុងត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ដោយក្នុងនោះ បង្កងតាកែវរំពឹងថានឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅចុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ខណៈដែលទឹកត្រីកំពតនឹងត្រូវចុះបញ្ជីបន្ទាប់ពីបង្កងតាកែវ។
បង្កងតាកែវ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ការ​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​បង្កង​តាកែវ​នេះ គឺ​ដើម្បី​ចូលរួម​អភិរក្ស និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ផលិតផល​បង្កង​តាកែវ ក៏​ដូច​ជា​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាដើម​។ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ក្រោយ​ចុះបញ្ជី​រួច​ផលិតផល​បង្កង​តាកែវ នឹង​កាន់តែ​មាន​ភាព​ល្បីល្បាញ និង​ទទួល​បាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន ខណៈ​ការ​ប្រមូល​ផល​បង្កង​តាកែវ​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ មាន​ជិត​៩០​តោន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​រំពឹង​អាច​ឈាន​ចូល​ទីផ្សារ​អន្តរជាតិ​នា​អនាគត​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ​។

បង្កង​ទឹកសាប​ខេត្តតាកែវ​ដែល​ល្បីល្បាញ​មានគុណ​ភាព រសជាតិ​ឆ្ងាញ់ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​ទូទៅ នឹង​ក្លាយជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​ក្រសួងពាណិជ្ជកម្ម​គ្រោង​ចុះបញ្ជី​ផលិតផល​បង្កង​តាកែវ ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​ចុង​ខែមេសា ឆ្នាំ​២០២២ នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​។

ឯកឧត្តម បាន​បញ្ជាក់​ពី​គោលបំណង​ដែល​ក្រសួង​សម្រេច​ជ្រើសរើស​យក​បង្កង​តាកែវ ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ​ថា គឺ  ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​បង្កង​តាកែវ​” លើ​ទីផ្សារ​ជាតិ​, ចូលរួម​អភិរក្ស​ចំណេះដឹង​-​ចំណេះធ្វើ​របស់​ផលិតករ និង​អាជីវករ​ក្នុង​ខេត្តតាកែវ​, បង្កើន​ខ្សែ​ចង្វាក់​តម្លៃ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏​ដូច​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​មក​ទស្សនា​ខេត្តតាកែវ និង​ពិសារ​បង្កង​តាកែវ​។ ការ​ចូលរួម​ប្រកួតប្រជែង​ពិ​ព័រ​ណ៌​ចំណីអាហារ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ពិសេស​នៅ​ប្រទេស​ថៃ វៀតណាម និង​ចិន​ជាដើម ក៏​ជា​គោលបំណង​មួយ​ផង​ដែរ​។ 

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា ក្រោយ​បង្កង​តាកែវ​ត្រូវ​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​រួច​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រតិបត្តិ​ករ អាជីវករ សមាជិកសមាគម និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​។

បន្ថែម​លើ​នេះ វា​ជួយ​លើកកម្ពស់​គុណភាព​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​បង្កង​តាកែវ ជួយ​បង្កើន​ការងារ កាត់​បន្ថយ​ការ​ចំណាកស្រុក និង​ជួយ​ពង្រីក​មុខមាត់ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក​ជាដើម​។ លើស​ពី​នេះ​សមាជិក​ទាំងអស់​អាច​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​ផ្ទាល់ខ្លួន​ភ្ជាប់​នឹង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បង្កង​តាកែវ​ផង​ដែរ​។

បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ ការ​ប្រមូល​ផល​បង្កង​តាកែវ​នៅ​ឆ្នាំ​២០១៩​សម្រេច​បាន​ចំនួន​ជិត​១០០​តោន​ក្រាម និង​បាន​ធ្លាក់​ចុះ​មក​ជិត​៩០​តោន​ឆ្នាំ​២០២០​។ ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា បង្កង​តាកែវ​នឹង​អាច​បង្ហាញខ្លួន​លើ​ទីផ្សារ​អន្តរជាតិ ក្រោយ​បាន​ក្លាយជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ខណៈ​បច្ចុប្បន្ន​ផលិតផល​នេះ​ផ្គត់ផ្គង់​តែ​ទីផ្សារ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ​។

មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា បាន​ចុះបញ្ជី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចំនួន​៤​រួច​មក​ហើយ ដូច​ជា​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ និង​ចុង​ក្រោយ​នេះ គឺ​ទឹកឃ្មុំ​ព្រៃ​ខេត្តមណ្ឌលគិរី​។ ក្រៅពី​បង្កង​តាកែវ និង​ទឹកត្រី​កំពត ដែល​ក្រសួងពាណិជ្ជកម្ម គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ឆាប់​ៗ​នេះ ក្រសួង ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​កំណត់​យក​ផលិតផល​សក្ដានុពល​សម្រាប់​ការ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ សម្រាប់​ផលិតផល​ប្រមាណ ២០​មុខ​ផ្សេង​ទៀត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីលជាលើកទីពីរត្រឹមពេលមិនដល់មួយសប្តាហ៍

ព័ត៌មាន
ឆ្មាំសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ព្រមៗគ្នាកាលពីថ្ងៃអង្គារទី១១ខែមករា និងបានថ្កោលទោសកូរ៉េខាងជើងថា បានបាញ់សាកល្បងមីស…

ក្រុមហ៊ុនជំពាក់បំណុលវណ្ឌក Evergrande រុះរើទីស្នាក់ការកណ្តាលនៅទីក្រុងស៊ិនជិន

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលកំពុងជំពាក់បំណុលជុំទិសនោះ បានចាប់ផ្តើមរុះរើឈ្មោះឡូហ្គោក្រុមហ៊ុនចេញពីអគារនៃទីស្នាក់កណ្តាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ