ចំណូលពន្ធដារកើន

ចំណូលពន្ធដារកើនដល់ជិត ២,៧ ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំនេះ ស្មើនឹងជាង៩៥% នៃផែនការច្បាប់


ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី ប៉ុន្ដែ ចំណូលពន្ធដាររបស់កម្ពុជានៅតែបន្ដកើនខ្ពស់។
ចំណូលពន្ធដារកើនដល់ជិត ២,៧ ពាន់លានដុល្លារ

ជាក់ស្ដែង នៅជិត​៩ខែ ឆ្នាំ២០២២ ចំណូលពន្ធផ្ទៃក្នុង​ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ​បាន​កើនដល់ជិត ២ពាន់៧រយ​លានដុល្លារ ស្មើនឹងជាង៩៥% នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងជំនួបជាមួយវិស័យឯកជន ធុរជន ពាណិជ្ជករក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអាមេរិក (AMCHAM TAX FORUM) នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ឲ្យដឹងថា កំណែទម្រង់ពន្ធដារ​ជាដំណើរការឥតឈប់ឈរ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដោយបាននិងកំពុងបន្តកែលម្អនូវគោលនយោបាយចាំបាច់នានា និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ។

ឯកឧត្តម បានគូសបញ្ជាក់ថា នៅរយៈពេល​៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធផ្ទៃក្នុង​សរុប​បានដល់ទៅប្រមាណជិត ២ពាន់​៧រយលានដុល្លារដុល្លារអាមេរិក ស្មើនឹងជាង​៩៥% នៃផែនការច្បាប់ដែលបានកំណត់។

ឯកឧត្តម គង់ វិបុល បញ្ជាក់បន្ថែមថា ដើម្បីឱ្យការរៀបចំមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ព្រមទាំងឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនោះ រាជរដ្ឋាភិបាល​កំពុង​រៀបចំនូវ​សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ដែលត្រូវបានបញ្ចប់ការពិភាក្សា និងទទួលយកធាតុចូលកម្រិតក្រសួង-ស្ថាប័ន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងយុត្តិធម៌ ដើម្បីសិក្សាបំពេញបន្ថែមនូវចំណុចខ្វះខាតនានាផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១​ អគ្គនាយកដ្ឋានពន្ធដារ​បាន​ប្រមូល​ចំណូលពន្ធ-អាករ​សរុបក្នុង​ចំនួន​ប្រមាណ​ជាង ២ពាន់៧រយ​លាន​ដុល្លារ​ កើនលើសផែនការ​ជាង​២៤%៕




អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមសត្វ៖ ទីផ្សារជ្រូករស់ក្នុងស្រុកនឹងប្រសើរឡើង បើកម្ពុជាពិតជាអាចនាំចេញសត្វនិងផលិតផលសត្វទៅទីផ្សារចិន

ព័ត៌មាន
អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មកម្ពុជាបានប្រាប់ដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដាក់ពាក្យស្នើសុំមកអគ្…

តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!

ព័ត៌មាន
នៅទីបំផុត សាលក្រមតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ៣០ ខែកញ្ញាបានប្រកាសសម្រេចថា ឲ្យលោកប្រាយុទ្ធ ចាន់ អូចា ឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ