វិស័យ​អាកាសចរណ៍ថៃ

ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways ខាតបង់ធ្ងន់ធ្ងរជាង ២០០លានដុល្លារ ប្រឈមនឹងការបិទទ្វារ


ក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways កំពុងប្រឈមមុខនឹងការបិទទ្វារ ក្រោយខាតបង់យ៉ាងធ្ងន់ធ្ងរប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់ឆមាសទី ១ ឆ្នាំ២០១៩នេះ ហើយអាចនឹងប្រគល់សិទ្ធិឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ធ្វើប្រតិបត្តិការជើងហោះហើរត្រង់មកកាន់ ប្រទេសក្នុងតំបន់អាស៊ានចំនួន ៤ រួមមានទាំង កម្ពុជា ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ព័ត៌មានអន្តរជាតិធំៗជាច្រើន។
យាន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway (រូបភាព៖ businesstraveller.com)
ដោយ

ប្រធានក្រុមហ៊ុន​អាកាសចរណ៍ Thai Airways លោក ស៊ូម៉េត ដំរ៉ុង ឆៃថាម បានប្រកាស​ប្រាប់ដល់ នាយកប្រតិបត្តិ​តាមផ្នែក​នីមួយៗ និងបុគ្គលិក​ជាច្រើនទៀត ឲ្យបានដឹងថា ពួកគេ ត្រូវតែសហការ​គ្នា ដើម្បីស្តារ​ស្ថានការណ៍​ឡើងវិញ និងដោះស្រាយ​បញ្ហាប្រឈម ឬក៏ ក្រុមហ៊ុន ត្រូវប្រឈម​មុខ​នឹងការបិទទ្វារ។

លោក ស៊ូម៉េត បញ្ជាក់ថា ក្រុមហ៊ុន បានបាត់បង់​ទីផ្សារ​អស់ជាច្រើន នៅពេល​ដែលដៃគូ​ប្រកួតប្រជែង ចាប់ផ្តើមបើក​ជើងហោះហើរ​តម្លៃទាប ហើយអាច​ចាប់យកភ្ញៀវ​សឹងតែ​ទាំងអស់។

លើសពីនេះទៅទៀត ក្រុមហ៊ុន Thai Airways ក៏គ្រោងនឹង​បិទជើងហោះហើរ​ត្រង់ចំនួន ៦​ ដែលមាន​ប្រតិបត្តិការ​ហោះហើរ​មកកាន់ ប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដោយផ្ទេរ​ទៅឲ្យ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួនគឺ Thai Smile Airways កាន់កាប់​ជើងហោះហើរ​នេះជំនួសវិញ។

ក្រៅពីនេះ ក្រុមហ៊ុន ក៏ប្រកាស​ពន្យារ​ពេលបើក​ជើងហោះហើរ​បន្ថែម ដែលបាន​គ្រោងទុកតាំង​ពីយូរមក​ហើយនោះ ពោលគឺ ពន្យារពេល ៦ខែបន្ថែម លើគម្រោង​ទិញយន្តហោះ ដែលមាន​តម្លៃជិត ៥០លាន​ដុល្លារ​អាមេរិក ហើយងាកមក​ពិចារណា​រៀបចំបណ្តាញ​ហោះហើរ​ឡើងវិញ ដើម្បី​បង្កើនប្រាក់​ចំណូល។

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយនេះ មានបុគ្គលិក​ជាង ២ម៉ឺននាក់ ហើយគ្រោង​នឹងធ្វើការ​កាត់បន្ថយ​ចំណាយ ដោយកាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក​ជាន់ខ្ពស់ និងគ្មាន​ការផ្តល់រង្វាន់​លើកទឹកចិត្ត​ដល់បុគ្គលិក​ទៀតទេ។

គួរបញ្ជាក់ដែរថា គិតត្រឹម​ឆមាសទី ១ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ​Thai Airways ​ខាតបង់​ប្រមាណ ២១២​លានដុល្លារ​អាមេរិក ដែលធ្វើឲ្យ​ទឹកប្រាក់​ខាតបង់​សរុបរបស់​ក្រុមហ៊ុន កើនដល់​ជាង ៩ពាន់លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Oxley Gem ប្រកាសបញ្ចប់កិច្ចសន្យាម៉ៅការ​សាងសង់​គម្រោងអគារ The Peak ជាមួយ ក្រុមហ៊ុន Sino Great Wall និងតែងតាំងដៃគូម៉ៅការសាងសង់ថ្មី

ព័ត៌មាន
ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោងអភិវឌ្ឍន៍សណ្ឋាគារចំរុះ មានទីតាំងស្ថិតនៅផ្លូវសម្តេចហ៊ុ…

មហាសេដ្ឋីចិន Jack Ma គ្រោងនឹងពង្រីកការវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយបង្កើតមជ្ឈមណ្ឌលភ័ស្តុភារនៅក្នុងប្រទេសថៃ

ព័ត៌មាន
មហាសេដ្ឋីចិន JACK MA ម្ចាស់ក្រុមហ៊ុន Alibaba កំពុងតែធ្វើការចរចាជាមួយ រាជរដ្ឋាភិបាលថៃ លើគម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារ នៅក្នុងប្រទេសថៃ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ