គ្រោងការឧបត្ថម្ភធនដល់សិស្សនៅថៃ

គណៈរដ្ឋមន្ត្រីថៃគ្រោងអនុម័តថវិកាជាង ៦៥០លានដុល្លារ ជួយសិស្សសាលាអំឡុងពេលវិបត្តិកូវីដ-១៩


ក្រសួងអប់រំរបស់ថៃ កំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីសម្រាប់កញ្ចប់ទឹកប្រាក់ជាង៦៥០លានដុល្លារអាមេរិក ដើម្បីជាការឧបត្ថម្ភធនដល់ការចំណាយសិក្សារបស់សិស្ស នៅក្នុងប្រព័ន្ធអប់រំថ្នាក់បឋមសិក្សា និងការសិក្សាវគ្គបណ្ដុះបណ្ដាលខ្លីៗ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អាណាព្យាបាលសិស្ស ដែលកំពុងរងផលប៉ះពាល់ដោយសារកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយការិយាល័យព័ត៌មានជាតិរបស់ថៃ។
ក្រសួងអប់រំគ្រោងឧបត្ថម្ភធនដល់ការចំណាយសិក្សារបស់សិស្ស នៅក្នុងប្រព័ន្ធអប់រំថ្នាក់បឋមសិក្សា និងការសិក្សាវគ្គបណ្ដុះបណ្ដាលខ្លីៗ

ក្នុង​ផែនការ​នេះ សិស្ស​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ២,០០០ បាត ឬ​ស្មើនឹង​៦០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សម្រួល​បន្ទុក​ចំណាយ​លើ​ការ​សិក្សា​របស់​ពួក​គេ​។

រដ្ឋមន្ត្រីក្រសួង​អប់រំ​របស់​ថៃ លោកស្រី ទ្រី​ណុ​ច ធៀន​ថុ​ង (Treenuch Thienthong) បាន​និយាយ​ថ្មី​ៗ​នេះ​ថា ចំពោះ​វិធានការ​ឧបត្ថម្ភ​ធន​ដល់​អាណាព្យាបាល​សិស្សានុសិស្ស​នេះ ត្រូវ​បាន​ស្នើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុ​ត ចាន់​អូ​ចា ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​សម្រាប់​ការ​អនុម័ត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។ កញ្ចប់​ថវិកា​សម្រាប់​ឧបត្ថម្ភ​ធន​ដល់​សិស្សសាលា​នេះ គឺ​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ដល់​ឪពុក​ម្ដាយ​របស់​សិស្ស​នៅ​អំឡុង​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ ហើយ​ការ​ឧបត្ថម្ភ​ធន​នេះ នឹង​អាច​ចំណាយ​ទៅ​លើ​ថ្លៃ​ការ​សិក្សា ការ​ថែទាំ ថ្លៃ​អ៊ី​ន​ធើ​ណែ​ត និង អគ្គិសនី​ជាដើម​។

រដ្ឋមន្ត្រីក្រសួង​អប់រំ​ថៃ​រូប​នេះ អះអាង​ទៀត​ថា ចំពោះ​សាលារៀន​រដ្ឋ​បាន​ប្រគល់​ថវិកា​ចំណាយ​ថែទាំ និង ការ​ចំណាយ​ផ្សេង​ៗ​ជូន​ដល់​ឪពុក​ម្តាយ​សិស្ស​រួច​ហើយ ខណៈ​សាលា​ឯកជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ការិយាល័យ​គណៈកម្មាធិការ​អប់រំ​ឯកជន​ក៏​បាន​ប្រគល់​ថ្លៃ​ចំណាយ​មួយ​ចំនួន​មក​ឲ្យ​ឪពុក​ម្ដាយ​សិស្ស​ដូច​គ្នា ដោយ​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ជិត ៧០​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​អប់រំ​ថៃ ក៏​ស្នើ​ឲ្យ​សាលា​ឯកជន និង សាលា​អន្តរជាតិ​ផ្សេង​ៗ គួរ​ពិចារណា​កាត់​បន្ថយថ្លៃ​សិក្សា​របស់​សិស្សានុសិស្ស និង ស្នើរ​ឱ្យ​មាន​បង្កើត​មជ្ឈមណ្ឌល​សម្របសម្រួល​ដើម្បី​ជួយ​ធ្វើការ​សម្រួល​លើ​ការ​ចំណាយ​របស់​អាណា​ព្យ​បាល​សិស្ស​ផង​ដែរ​៕

អត្ថបទ​៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ កម្ពុជាកំពុងឈានទៅរកការឆ្លងកូវីដ-១៩ ទ្រង់ទ្រាយធំ និងព្រមានពីវត្តមានមេរោគបំប្លែងថ្មី ឌែលតា

ព័ត៌មាន
ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងតែឈានទៅរកការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខា…

ប្រធានាធិបតីបារាំងបន្ដអំពាវនាវឲ្យពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ទោះមានការរិះគន់ខ្លាំងៗពីក្រុមអ្នកតវ៉ា

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Macron បានអំពាវនាវឲ្យមានការរួបរួមគ្នា និងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ