ប្រទេសថៃ

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃនិយាយថា ការដួលរលំរបស់ធនាគារអាមេរិក SVB ទំនងជានឹងមិនប៉ះពាល់ដល់ប្រទេសថៃឡើយ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលោក អាខុម តឺមពីតតាយ៉ាផៃសិដ្ឋ (Arkhom Termpittayapaisith) បាននិយាយថា ក្រសួងហិរញ្ញវត្ថុថៃកំពុងតាមដានយ៉ាងដិតដល់ពីការដួលរលំនៃធនាគារអាមេរិក Silicon Valley (SVB) ដើម្បីពិនិត្យមើលថា តើវាមានផលប៉ះពាល់ដល់ប្រទេសថៃដែរឬទេ ប៉ុន្តែលោកសង្ឃឹមថា ថៃនឹងមិនរងផលប៉ះពាល់ឡើយ។ ទោះយ៉ាងណាលោកកំពុងរង់ចាំព័ត៌មានលម្អិតពីធនាគារកណ្តាលថៃជុំវិញបញ្ហានេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ថា ការដួលរលំរបស់ធនាគារអាមេរិក SVB ទំនងជានឹងមិនប៉ះពាល់ដល់ប្រទេសថៃឡើយ រូបភាព reuters

ស្របពេលមានការបារម្ភថា ការដួលរលំរបស់ធនាគារអាមេរិក SVB ថ្មីៗនេះអាចបង្កផលប៉ះពាល់អវិជ្ជមានរាលដាលពេញពិភពលោកនោះ លោក អាខុម បាននិយាយថា ប្រទេសថៃមិនមានប្រតិបត្តិការណាមួយ ជាមួយធនាគារ SVB ឬក៏ធនាគារ Signature Bank ដែលបានដួលរលំថ្មីៗនេះទេ ហើយថា មូលនិធិសោធននិវត្តន៍របស់រដ្ឋាភិបាលថៃ មិនបានធ្វើការវិនិយោគនៅក្នុងធនាគារទាំង២នេះឡើយ។ ដូច្នេះលោកជឿជាក់ថា បញ្ហានេះទំនងជានឹងមិនប៉ះពាល់ដល់ប្រទេសថៃនោះដែរ។

លោក អាខុម បាននិយាយថា ធនាគារកណ្តាលថៃបានធានាសាជាថ្មីដល់សាធារណជនថា ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះ នៅរឹងមាំនៅឡើយ និងរក្សាទំនុកចិត្តរបស់អ្នកវិនិយោគ។

អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធលោក ផនឆៃ ធីរ៉ាវ៉េចា (Pornchai Thiraveja) បាននិយាយថា យោងតាមការវាយតម្លៃបឋមរបស់ក្រសួងហិរញ្ញវត្ថុថៃ ការដួលរលំធនាគារ SVB នៅសហរដ្ឋអាមេរិកនេះនឹងមិនមានផលប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសថៃនោះទេ។ វានឹងមានផលប៉ះពាល់រយៈពេលខ្លីលើវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនលើវិស័យផ្សេងៗទៀតនោះទេ។

លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានស្ថានការណ៍នេះ និងត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការ ដើម្បីការពារស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសថៃ។

លោក ផនឆៃ បាននិយាយថា ប្រទេសថៃមានស្ថិរភាពហិរញ្ញវត្ថុ មានប្រព័ន្ធការពារប្រាក់បញ្ញើដ៏រឹងមាំ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាប្រែប្រួលណាមួយ។ លោកបានបន្ថែមថា ប្រជាជនមិនគួរភ័យស្លន់ស្លោ ឬព្រួយបារម្ភថា បញ្ហានៅអាមេរិកនេះ នឹងប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុរបស់ថៃនោះឡើយ។

លោក សារុន ស៊ូទុនទីវ៉ូរ៉ាកួន (Sarun Sutuntivorakoon) ប្រធានសមាគមមូលធនរួមរបស់ថៃ (Thai Venture Capital Association) បាននិយាយថា ការដួលរលំធនាគារ Silicon Valley នឹងមិនប៉ះពាល់ដល់ការចាប់ផ្តើមអាជីវកម្ម និងគំនិតវិនិយោគរបស់ប្រទេសថៃឡើយដោយសារការចាប់ផ្ដើមអាជីវកម្មក្នុងស្រុកមិនពាក់ព័ន្ធនឹងការទទួលបានមូលនិធិពីធនាគារអាមេរិកដែលបានក្ស័យនោះនៅទីនោះទេ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតអ្វីការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញកើនឡើងខ្លាំង អំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន?

ព័ត៌មាន
ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្ហាញ ប្រទេសមួយចំនួនបានបង្កើនល្បឿនងាកទៅប្រើថាមពលកកើតឡើងវិញកាន់តែច្រើនកាលពីឆ្នាំមុន ដោយប្រ…

អាមេរិក និងចក្រភពអង់គ្លេសលាតត្រដាងផែនការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី

ព័ត៌មាន
មេដឹកនាំសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកាលពីថ្ងៃចន្ទ ទី ១៣ មីនា បានបង្ហាញព័ត៌មានលម្អិតនៃផែនការផ្តល់ឲ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ