ផ្លែឈើរបស់ថៃ

ផ្លែឈើរបស់ថៃនាំចេញទៅទីផ្សារចិនកំពុងជួបទុក្ខផ្ទួនៗ


ផលិតផលផ្លែឈើរបស់ថៃដែលនាំចេញទៅកាន់ទីផ្សារចិននៅមួយរយៈពេលចុងក្រោយនេះ បានជួបបញ្ហាផ្ទួនៗគ្នាតែម្តង។ ជាក់ស្ដែង ទើបតែត្រូវបានចិនបិទមិនឲ្យនាំចូលផ្លែមៀន មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ផ្លែទុរេនរបស់ថៃមួយមុខទៀតហើយ កំពុងជួបបញ្ហានៅទីផ្សារចិនដូចគ្នាដែរ ពោលគឺ អាជ្ញាធរចិនបានរកឃើញថា ទុរេនដែលនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគកូវីដ-១៩ នៅលើសម្បកកញ្ចប់។ បើទោះបីជាខាងភាគីចិន មិនបានហាមឃាត់ការនាំចូលទុរេនពីថៃ ដូចហាមឃាត់ការនាំចូលមៀនក៏ដោយ ប៉ុន្ដែ តម្រូវការផ្លែទុរេនថៃនៅទីផ្សារចិននាពេលនេះ កំពុងធ្លាក់ចុះគួរឲ្យកត់សម្គាល់។
កន្លែងលក់ផ្លែធុរេន នៅក្នុងប្រទេសថៃ

បើ​តាម​សារព័ត៌មាន​ថៃ The Nation ដែល​បាន​ស្រង់​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​កិច្ចការ​កសិកម្ម​ស្ថិត​ក្រោម​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ប៉េង​កាំ​ង​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ការ​ត្រួតពិនិត្យ និង​រក​ឃើញ​មេរោគ​កូ​វី​ដ​-១៩​នៅ​លើ​កញ្ចប់​វេច​ខ្ចប់​ទុរេន​នាំ​ចូល​ពី​ប្រទេស​ថៃ​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ ហួ​ដុ​ង​ជី​ង (Haudongcheng) ក្នុង​ទីក្រុង​កាង​ស៊ូ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ១៣ ខែសីហា​។

អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​កញ្ចប់​វេ​ខ្ចប់​ទុរេន​ដែល​មាន​វិ​ជ្ច​មាន​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​ហើយ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​តេស្ដ​រួច​ហើយ​ដែរ ជាមួយ​លទ្ធផល​អវិជ្ជមាន​។

ដោយឡែក កញ្ចប់​ទុរេន​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ក្នុង​កន្លែង​សុវត្ថិភាព ខណៈ​ដែល​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក៏​ត្រូវ​បាន​យក​ទៅ​លាង​សម្អាត​សម្លាប់​មេរោគ​ផង​ដែរ​។

ការិយាល័យ​កិច្ចការ​កសិកម្ម​ថៃ បាន​អះអាង​ថា ខ្លួន​ក៏​បាន​ពិភាក្សា​បញ្ហា​នេះ ជាមួយនឹង​រដ្ឋបាល​គយ​ចិន​រួច​ហើយ​ដែរ​។ អាជ្ញាធរ​ចិន​បាន​អះអាង​ថា ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ​នឹង​មិន​ត្រូវ​បាន​ផ្អាក​នោះ​ទេ ខណៈ​ដែល​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​លើ​ទុរេន​ថៃ​នេះ គឺ​នៅ​តំបន់​ត្រួតពិនិត្យ​ក្នុង​ប្រទេស​ចិន មិនមែន​នៅ​តំបន់​ច្រក​ត្រួតពិនិត្យ​មុន​នាំ​ចូល​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។

ទោះ​យ៉ាងណា ការ​រក​ឃើញ​ករណី​កូ​វី​ដ​-១៩​នៅ​លើ​ទុរេន​ថៃ​នេះ ជៀស​មិន​ផុត​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រូវការ​ទុរេន​ថៃ​ក្នុង​ទីផ្សារ​ចិន​នោះ​ឡើយ ដ្បិតថា មានការ​ផ្សព្វផ្សាយ​ព្រោងព្រាត​ពី​បញ្ហា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​រួច​ទៅ​ហើយ​។

ការ​ផ្ទុះ​ករណី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​នៅ​លើ​សម្បក​វេច​ខ្ចប់​ទុរេន​ថៃ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល ប្រទេស​ចិន​ក៏​ទើបតែ​បាន​ហាមឃាត់​ការ​នាំ​ចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃ​ផង​ដែរ ក្រោយ​ពេល​រក​ឃើញ​ថា​ផ្លែ​មៀន​ទាំងនោះ មាន​មេរោគ​សត្វល្អិត​ចង្រៃ​។

បច្ចុប្បន្ន ខាង​ក្រសួងពាណិជ្ជកម្ម​ថៃ ក៏​កំពុង​ខ្នះខ្នែង​មែនទែន​ក្នុង​ការ​ជំរុញ​ឲ្យ​ខាង​ភាគី​ចិន​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ហាមឃាត់​ការ​នាំ​ចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃ​នេះ ខណៈ​ដែល​បច្ចុប្បន្ន​តម្លៃ​មៀន​ក្នុង​ប្រទេស​ថៃ កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​ថៃ និង​ចិន នឹង​ត្រូវធ្វើ​ឡើង​នៅ​ចុង​ស​ប្ដា​ហ៍​ក្រោយ​នេះ ប៉ុន្ដែ មុន​នឹង​ជួប​ខាង​ភាគី​ចិន រដ្ឋាភិបាល​ថៃ ក៏​កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​មៀន​ធ្លាក់​ថ្លៃ​ខ្លាំង​ទុំ​ពេញ​ដើម នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​ផ្ទៃ​ប្រទេស​ថៃ​ផង​ដែរ​។

បើ​តាម​មន្ត្រី​ថៃ​តម្លៃ​មៀន​គុណភាព​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​អាច​លក់​បាន​ត្រឹមតែ ៣៥ ទៅ​៤០​បាត ឬ ស្មើនឹង​ប្រមាណ ៤​ពាន់ ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។   រីឯ មៀន​ប្រភេទ​លេខ​២ អាច​លក់​បាន​ប្រមាណ​ជាង​៣​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។

បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ដែល​ជា​កម្មករ​ចំណាកស្រុក ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​រោងចក្រ​កែ​ច្នៃ​មៀននៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។ បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​ថៃ កំពុង​មាន​ផែនការ នឹង​ទិញ​យក​ផ្លែ​ឈើ​ពិសេស​ផ្លែ​មៀន​ក្នុង​តម្លៃ​ពិសេស ដើម្បី​ដាក់​លក់​នៅ​ក្នុង​ហាង លក់​តាម​រថយន្ដ និង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ ដើម្បី​ជំរុញ​ដល់​ការ​ប្រើប្រាស់​ក្នុងស្រុក និង​សង្គ្រោះ​ទីផ្សារ​មៀន​ដែល​កំពុង​រង​ទុក្ខ​ទីផ្សារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណយ៍ នឹងលក់ឧបករណ៍តេស្ដរកកូវីដ-១៩ជូនពលរដ្ឋទូទៅឆាប់ៗនេះ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងលក់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅសម្រាប់លក្ខណៈគ្រួសារ ដោយគ្មានលក្ខខណ្ឌ ក្នុងពេលឆាប់ៗខាងម…

Jeff Bezos ប្ដឹងអង្គការ Nasa ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់លោក Elon Musk

ព័ត៌មាន
ក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស ដែលជាកំពូលមហាសេដ្ឋីអាមេរិក បានប្តឹងអង្គការណាសា ដែលបានសម្រេចចុះកិច្ចសន្យាមួយជាមួយនឹងក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ