ប្រទេសថៃ

ក្រុមអ្នកនាំចូលថៃ ជំរុញឲ្យមានការស៊ើបអង្កេតលើគម្រោងវិនិយោគមជ្ឈមណ្ឌលក់ទំនិញដ៏ធំមួយរបស់ចិន


ក្រុមអ្នកនាំចូលទំនិញធំៗរបស់ថៃបាននិងកំពុងសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះផែនការរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ចិន Samanea Group ដែលមានផែនការក្នុងការបង្កើតមជ្ឈមណ្ឌលលក់ទំនិញលក់រាយ និងបោះដុំដ៏ធំបំផុតនៅក្នុងប្រទេសថៃ ខណៈទំនិញទាំងនោះ ត្រូវបាននាំចូលផ្ទាល់មកពីរោងចក្រផលិតរបស់ចិនក្នុងតម្លៃថោក។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មានក្នុងស្រុកថៃ Thaigerដែលបានចេញផ្សាយកាលពីថ្ងៃទី៨មីនា។
ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ចិន Samanea Groupគម្រោងវិនិយោគមជ្ឈមណ្ឌលក់ទំនិញក្នុងប្រទេសថៃ រូបភាព thaiger

ប្រភពព័ត៌មានដដែលបានគូសបញ្ជាក់ទៀតថា ក្រុមអ្នកនាំចូលថៃ ក៏បានស្នើឲ្យរាជរដ្ឋាភិបាលស៊ើបអង្កេតលើការវិនិយោគរបស់ក្រុមហ៊ុននេះផងដែរ ដ្បិតថា វាអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនលក់រាយនៅក្នុងស្រុក។

ក្រុមហ៊ុនលក់រាយខ្នាតយក្សដ៏ធំមួយរបស់ចិន Samanea Group មានផែនការនឹងបង្កើតមជ្ឈមណ្ឌលលក់រាយ និងបោះដុំដ៏ធំបំផុតនៅក្នុងប្រទេសថៃ។ ដ្បិតថា វាជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ ដែលអាចទទួលបានទំនិញក្នុងតម្លៃថោក ក៏ប៉ុន្ដែ ផែនការវិនិយោគដ៏ធំមហិមានេះ ក៏បានធ្វើឲ្យក្រុមហ៊ុននាំចូលរបស់ថៃជាច្រើននៅក្នុងប្រទេសថៃ សម្ដែងការមិនពេញចិត្តជាច្រើនផងដែ។ មិនពេញចិត្ត ដ្បិតថា មជ្ឈមណ្ឌលលក់ទំនិញវិនិយោគដោយក្រុមហ៊ុនចិនមួយនេះ អាចនឹងធ្វើឲ្យមានលំហូរចូលមុខទំនិញថោកៗពីប្រទេសចិនយ៉ាងច្រើនចូលក្នុងប្រទេសថៃ ប៉ះពាល់ដល់អ្នកនាំចូលផ្សេងៗទៀត ក៏ដូចជាផលិតផលក្នុងស្រុកផងដែរ។

យោងតាមការស្រាវជ្រាវដោយក្រុមហ៊ុន Krungsri Research បានឲ្យដឹងថា ការបើកដំណើរការពេញលេញរបស់ក្រុមហ៊ុនលក់រាយដ៏ធំរបស់ចិន Samnea Group នៅក្នុងប្រទេសថៃ នឹងបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារលក់ទំនិញរាយ និងលក់បោះដុំរបស់ថៃ ដែលមានតម្លៃសរុបប្រមាណ ៧៧ពាន់លានដុល្លារ។

របាយការណ៍បានកត់សម្គាល់ទៀតថា ក្រុមហ៊ុនចិន Samanea នឹងទាញយកផលចំណេញជាច្រើន ដោយសារតែពួកគេនាំចូលផលិតផលដោយផ្ទាល់ពីក្រុមហ៊ុនផលិតរបស់ចិន ខណៈអ្នកលក់រាយនៅក្នុងស្រុករបស់ថៃ ត្រូវបញ្ជាទិញផលិតផលចិនតាមរយៈឈ្មួញកណ្ដាល ដូច្នេះហើយពួកគេត្រូវលក់ក្នុងតម្លៃខ្ពស់ជាងក្រុមហ៊ុនចិននោះ។

លើសពីនេះ ក្រុមហ៊ុននាំចូលថៃ ក៏បានលើកឡើងពីក្ដីបារម្ភ និងស្នើទៅកាន់រដ្ឋាភិបាលថៃ ឲ្យធ្វើការស៊ើបអង្កេតពីផលប៉ះពាល់ ទាក់ទងនឹងផែនការវិនិយោគរបស់ក្រុមហ៊ុនចិន Samanea Group នេះផងដែរ។

មែនទែនទៅ ក្រុមហ៊ុនចិនមួយនេះបានវិនិយោគសាងសង់មជ្ឈមណ្ឌលលក់ទំនិញរបស់ខ្លួនមួយរួចហើយនៅក្នុងខេត្តសាមុតប្រាកាន ប្រទេសថៃ គឺមជ្ឈមណ្ឌលលក់ទំនិញ Samanea Plaza ដោយមានអ្នកផ្គត់ផ្គង់សេវា ១០០ក្រុមហ៊ុន និងហាងលក់ចំនួន ៥០០ហាង និងមានផ្ទៃក្រឡាហាងសរុប ៥ម៉ឺនម៉ែត្រការ៉េ។ ប៉ុន្ដែ ក្រុមហ៊ុនចិនមួយនេះ នៅតែមានផែនការក្នុងការពង្រីកមជ្ឈមណ្ឌលលក់ទំនិញរបស់ខ្លួន ដែលនៅសល់ប្រមាណ២៥ម៉ឺនម៉ែត្រការ៉េបន្ថែមទៀតនៅឆ្នាំនេះ នៃទំហំផ្ទៃដីសរុបប្រមាណ ៣២ហិកតាឯណោះ។ ក្រៅតែពីមជ្ឈមណ្ឌលលក់ទំនិញ តាមផែនការគម្រោងនេះ នឹងមានបញ្ចូលនូវការសាងសង់អគារការិយាល័យ ខុនដូ និងសណ្ឋាគារផងដែរ ហើយពេលសាងសង់ចប់សព្វគ្រប់ផ្ទៃក្រឡាសរុបនៃហាងលក់ទំនិញនឹងមានដល់ ៣០ម៉ឺនម៉ែតការ៉េ៕




អត្ថបទបន្ទាប់


ថៃពិតជាអាចទាក់ទាញភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបបាន ៦ លាននាក់នៅឆ្នាំនេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញនូវក្តីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២៣ នេះ វិស័យទេសចរណ៍នៅក្នុងស្រុករបស់ខ្លួនពិតជាអាចនឹងទាក់ទាញ…

មេចារកម្មអាមេរិកថា អនាគត CIA របស់អាមេរិក នឹងត្រូវកំណត់ដោយការជែងគ្នាផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិន

ព័ត៌មាន
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកលោក William Burns បាននិយាយដោយឥតលាក់លៀម កាលពីថ្ងៃពុធទី ៨ខែមីនា ក្នុងកំឡុងពេលសវនាការរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ