វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់

ថៃគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបំពាក់បំប៉នយុវជនកម្ពុជា


ក្រុមហ៊ុនឯកជនធំមួយ ពីថៃបានបង្ហាញពីគោលបំណងចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលយុវជនបច្ចេកវិទ្យាក្នុងការផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជាក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤នៅកម្ពុជា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះ ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ថៃគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបំពាក់បំប៉នយុវជនកម្ពុជា

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានគូសបញ្ជាក់ថា ថៃមានផែនការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា ក្នុងគោលបំណងជួយបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបៗដល់យុវជនកម្ពុជា។ ការបង្ហើបពីគម្រោងបង្កើតវិទ្យាស្ថានពីសំណាក់ភាគីថៃនេះ ធ្វើឡើងក្នុងអំឡុពេល ឯកឧត្តម ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សាខ្សែចង្វាក់រោងចក្រចំនួន ២៣របស់ក្រុមហ៊ុនសាជីវកម្ម SNC Former Public Company ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ចកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម អ៊ូក សោភ័ណ មានសុទិដ្ឋិនិយមថា ក្រោយវិទ្យាស្ថាននេះត្រូវបានបង្កើតឡើងវានឹងដើរនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ព្រោះវិទ្យាស្ថាននេះជាផ្នែកមួយក្នុងការគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤នៅកម្ពុជា ក៏ដូចគាំទ្រដល់ផែនការអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ វាក៏ជាផ្នែកមួយជួយគាំទ្រដល់ចក្ខុវិស័យសេដ្ឋកិច្ច ដែលចង់ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ របស់កម្ពុជាផងដែរ។

បើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មខាងលើ មុនសម្រេចជ្រើសរើសយកការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះក្រុមហ៊ុនលោកធ្លាប់សិក្សាលើវិស័យជាច្រើនរួចមកហើយរាប់ចាប់តាំងពីការគ្រប់គ្រងកាកសំណល់រហូតដល់ថាមពលកកើតឡើងវិញ។ លោកអះអាងថា គោលបំណងនៃគម្រោងបង្កើតវិទ្យាស្ថាននេះ គឺដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។

សូមជម្រាបថា សាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជនដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបានជិត២ពាន់៨រយលានដុល្លារនៅក្នុងរយៈពេល៧ខែឆ្នាំ២០២២ មានការកើនឡើងជាង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជិត២ពាន់២រយលានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅថៃមានទំហំទឹកប្រាក់ជាង៥រយលានដុល្លារកើនឡើងជាង៣៨% ខណៈកម្ពុជានាំចូលពីថៃមានទំហំជាង២ពាន់២រយលានដុល្លារកើនឡើងជិត២៤%៕




អត្ថបទបន្ទាប់


ផ្លែស្វាយកែវរមៀតចាប់ផ្ដើមហក់ឡើងថ្លៃវិញហើយ ក្រោយម្ចាស់ចម្ការជាច្រើនបោះបង់ការដាំស្វាយខុសរដូវ

ព័ត៌មាន
អ្នកជំនាញអះអាងថា នៅអំឡុងពេលប្រមូលផលស្វាយកែវរមៀតខុសរដូវ នៅឆ្នាំនេះ ឃើញថា តម្លៃស្វាយកែវរមៀតបានហក់ឡើងវិញខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺឡើងខ្…

កាសែត The Guardian៖ លោកស៊ី ជីនពីង អាចនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ

ព័ត៌មាន
ប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះ ដោយទំនងជានឹងលើកយកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ