វ៉ាក់សាំងកូវីដ-១៩ថៃ

ក្រុមហ៊ុនឯកជនថៃស្ម័គ្រចិត្តទិញវ៉ាក់សាំងពីរដ្ឋចាក់ជូនបុគ្គលិកដើម្បីពន្លឿនការចាក់វ៉ាក់សាំង


ប្រទេសថៃកំពុងជួបព្យុះរលកឆ្លងកូវីដ-១៩ជាលើកទី៣ដែលបានបន្តបោកបក់កាន់តែខ្លាំង មិនទាន់មានភាពធូរស្រាលនៅឡើយទេ ពោលគឺចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅតែមានរាប់ពាន់នាក់ ហើយអ្នកស្លាប់វិញក៏បន្ដកើនឡើងកាន់តែច្រើនដែរ។ អ្នកជំនាញអះអាងថា ក្រៅតែពីដាក់ចេញវិធានការបន្ទាន់ទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ហើយនោះ រាជរដ្ឋាភិបាលថៃ ក៏ត្រូវពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបានលឿនផងដែរ ខណៈដែលបច្ចុប្បន្នក៏មានក្រុមហ៊ុនឯកជនរាប់ពាន់ក្រុមហ៊ុនបង្ហាញពីឆន្ទៈក្នុងការទិញវ៉ាក់សាំងពីរដ្ឋដើម្បីចាក់ជូនបុគ្គលិករបស់ខ្លួនផងដែរ។
ពលរដ្ឋថៃកំពុងទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ពីរដ្ឋាភិបាលខ្លួន - Xinhua
ដោយ

នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​ក្នុង​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​។

ប្រទេស​ថៃ បាន​ស្ងប់ស្ងាត់​រលក​ឆ្លង​កូ​វី​ដ​-១៩ លើក​ទី​២ មិន​ដល់​មួយ​ខែ​ផង ក៏​បាន​ជួប​រលក​ឆ្លង​ដ៏​សម្បើម​ជា​លើក​ទី​៣ នៅ​ក្នុង​ខែមេសា និង​កំពុង​បន្ដ​រីក​រាលដាល​កាន់តែ​ខ្លាំង​មក​ទល់​ពេល​នេះ ដោយ​បញ្ហា​មេរោគ​រាតត្បាត​នេះ ក៏​កំពុង​គំរាមកំហែង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ថៃ​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ទី ០៣ ខែឧសភា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​សរុប​នៅ​ប្រទេស​ថៃ​កើន​ដល់​ជាង​៧​ម៉ឺន​នាក់ និង​អ្នក​ស្លាប់មាន​ដល់​២៧៦​នាក់​ហើយ​។

អ្នកជំនាញ ជា​ច្រើន​បាន​អះអាង​ថា ក្រៅពី​វិធានការ​បន្ទាន់​ដែល​បាន​ដាក់​ចេញ​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​ថៃ ក៏​ត្រូវ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ថៃ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បែងចែក និង​ចាក់​វ៉ាក់សាំង​។

ជុំវិញ​នឹង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ដែរ បើ​តាម​សភាពាណិជ្ជកម្ម​ថៃ បាន​អះអាង​ថ្មី​ៗ​នេះ​ថា មាន​ក្រុមហ៊ុន​ប្រហែល​២​ពាន់​ក្រុមហ៊ុន បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពី​រដ្ឋ​ដើម្បី​ចាក់​ជូន​បុគ្គលិក​ប្រមាណ​៩០​ម៉ឺន​នាក់​។

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ថៃ ទទួល​បានការ​ធានា​ផ្ដល់​ជូន​វ៉ាក់សាំង​ចំនួន ៦៤​លាន​ដូ​ស ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca និង Sinovac ហើយ​រដ្ឋាភិបាល​ក៏​កំពុង​តែ​ចរចា​ទិញ​បន្ថែម​៣៦​លាន​ដូ​សទៀត ដោយ​តាម​ផែនការ​ថៃ​នឹង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ ៥០​លាន​នាក់​នៅ​ត្រឹម​ចុងឆ្នាំ​២០២១​នេះ​។

កន្លង​មក ក៏​មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន មាន​ផែនការ​នាំ​ចូល​វ៉ាក់សាំង​មក​លក់​ចែកចាយ​ក្នុងស្រុក​ដែរ ប៉ុន្ដែ ក៏​ត្រូវ​បាន​បញ្ឈប់​ផែនការ​នេះ​ទៅ​វិញ ដោយសារ​តែ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង គឺ​ខាង​ក្រុមហ៊ុន​ផលិត​ធ្វើ​កិច្ចព្រមព្រៀង​តែ​ជាមួយ​ខាង​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​មាន​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន​នោះ​ទេ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ កំពុង​តែ​ប្រឈម​បញ្ហា​កាន់តែ​យ៉ាប់យ៉ឺន ដោយ​ដៃ​ម្ខាង​ត្រូវ​ទប់ទល់​នឹង​ការ​រីក​រាតត្បាត​មេរោគ​កូ​វី​ដ​១៩ រួម​ទាំង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ដៃ​ម្ខាង​ទៀត​ត្រូវ​ជួយ​ជន​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩ និង ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​កំពុង​ថមថយ​ចុះ​។ បើ​តាម​ការ​ព្យាករ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​នេះ អាច​នឹង​មាន​កំណើន​ទាប​ជាង​ការ​ព្យាករ​ពី​មុន​ពោល​គឺ​នឹង​រក្សា​បាន​កំណើន​ត្រឹមតែ​២,៣% ប៉ុណ្ណោះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា​មាន​២,៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តគោលដៅទេសចរណ៍ធំៗ បើករមណីយដ្ឋានទេសចរណ៍វិញហើយ តែខ្សត់ភ្ញៀវ

ព័ត៌មាន
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ លើកលែងតែតំបន់មានការបិទខ្ទប់ គេសង្កេតឃើញថាចលនាអ្នកទេសច…

ប្រទេសអាស៊ានចំនួន៣ហើយ រកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មី ចេញពីឥណ្ឌាជាបន្តបន្ទាប់

ព័ត៌មាន
ប្រទេសក្នុងតំបន់អាស៊ានចំនួន៣ប្រទេសហើយ ដែលបានប្រកាសរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌា ឆ្លងចូលមកក្នុងប្រទេសរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ