ការវិនិយោគជប៉ុន​ក្នុងប្រទេសថៃ

សហគ្រាសធុនតូច និងមធ្យម ថៃ នៅតែទទួលបានការវិនិយោគរឹងមាំ ពីវិនិយោគិនជប៉ុន


ប្រទេសថៃ និងជប៉ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសហគ្រាសធុនតូច និងមធ្យម បន្ទាប់ពីប្រទេសថៃ បានទាក់ទាញការវិនិយោគជប៉ុនប្រមាណ ៥០០ សហគ្រាសជាមួយនឹងទុនវិនិយោគ បានប្រមាណ ៧០ ពាន់លានបាត ក្នុងរយៈពេល ១ទសវត្សរ៍​កន្លងមកនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ។
សហគ្រាសធុនតូច និងមធ្យម ថៃទទួលបានការវិនិយោគរឹងមាំ ពីវិនិយោគិនជប៉ុន (https://forum.thaivisa.com)
ដោយ

បើតាម​ប្រភពព័ត៌មាន​ថៃ ដដែលនេះ បាន​គូសបញ្ជាក់ថា ទុនវិនិយោគ​ គឺបានមកពី​ទម្រង់​នៃការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ថៃ និង​ជប៉ុន។  បើតាម​ក្រសួង​ឧស្សាហកម្ម និងក្រសួង​សេដ្ឋកិច្ច​ជប៉ុន ភាគីទាំងពីរ បាន​ព្រមព្រៀង​លើកិច្ចសហ​ប្រតិបត្តិការ​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម​ជាមួយគ្នា​តាំងពីខែ​តុលា​ឆ្នាំ២០០៩ មកម្ល៉េះ។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ បាននិយាយថា វិស័យសហគ្រាស​ធុនតូច ​និងមធ្យម កំពុង​ត្រូវការ​ការពង្រីកបន្ថែម​លើការ​ប្រើប្រាស់​បច្ចេកវិទ្យា និងនវានរវត្តន៍​ ក៏ដូចជាការវិឌ្ឍខ្លួន​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​មួយសម្រាប់​ប្រទេស​ក្នុង​តំបន់ អាស៊ីអាគ្នេយ៍។

ប្រទេសថៃ និងជប៉ុន​ត្រូវបាន​គេដឹងថា មានទំនាក់ទំនង​ការទូត​ដ៏យូរអង្វែង​ក្នុងរយៈពេល ១៣០ ឆ្នាំមកហើយ ហើយប្រទេសទាំងពីរនេះ ក៏បាន​អនុវត្ត​គម្រោងកិច្ចសហប្រតិបត្តិការ​ និងគាំទ្រ​ជាច្រើន​ដល់វិស័យ​សហគ្រាស​ធុនតូច និងមធ្យម​ក្នុងប្រទេសថៃ។

តាំងតែពីឆ្នាំ​២០០៩ ដល់ឆ្នាំ២០១៩នេះ​ប្រទេសថៃ និងជប៉ុន​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាច្រើនកម្រិត ទាំង​វិស័យរដ្ឋ​ និងឯកជន ដែលមាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ៣២ ជាមួយនឹង​ភ្នាក់ងារ​២៩ ស្ថាប័ន។

រាជរដ្ឋាភិបាលថៃ ក៏មានភាពជឿជាក់ថា ជប៉ុន​នឹងនៅតែបន្ដ​វិនិយោគផ្ទាល់​ទៅកាន់ប្រទេសថៃ ជាមួយនឹង​ផែនការ​អនុវត្ត​គម្រោងកិច្ចសហប្រតិបត្តិការ​ថ្មីៗ ដើម្បី​គាំទ្រ​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម​របស់ប្រទេស​ទាំងពីរ។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មថៃ បាន​បញ្ជាក់ទៀតថា នៅឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាល​ជប៉ុន នឹងដឹក​នាំ​វិនិយោគិន​វិស័យ​សហគ្រាស​ធុនតូច និងមធ្យម​ចំនួន​៣០០ មកទស្សនកិច្ច​ក្នុងប្រទេសថៃ និងពិចារណា​វិនិយោគ ក៏ដូចជា​ការ​ចាប់ដៃគូពាណិជាមួយនឹង​វិនិយោគិន​ក្នុងស្រុកថៃផងដែរ។ 

យ៉ាងណាក៏ដោយចុះ វិនិយោគជប៉ុន​ហាក់នៅមាន​ក្ដីព្រួយបារម្ភ​មួយចំនួន​ក្នុងការ​វិនិយោគ​នៅប្រទេសថៃ ពិសេស​គឺ​ទាក់ទង​នឹងកង្វះកម្លាំងពលកម្ម និងការកើនឡើងតម្លៃប្រាក់ឈ្នួល​​នៅក្នុងប្រទេសថៃ ដែលវា​ត្រូវបាន​គេរំពឹងថា នឹងមានស្ថានភាព​កាន់តែធ្ងន់ធ្ងរ​នៅពេលអនាគត។

គួរបញ្ជាក់ថា បើតាម​របាយការណ៍ពីស្ថាប័ន Jetro Bangkok បានឲ្យដឹងថា ជប៉ុន គឺជាវិនិយោគិន​ធំបំផុត​នៅក្នុងប្រទេសថៃ ដែលមាន​ក្រុមហ៊ុន​ជប៉ុនប្រមាណ ជាង​៥២០០ ក្រុមហ៊ុន​បច្ចុប្បន្ន​កំពុង​វិនិយោគ​ក្នុងប្រទេសថៃ។

ក្រុមហ៊ុនជប៉ុន​ជាច្រើន​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាលថៃ ឲ្យ​ជួយសម្រួល​ដល់នីតិវិធី​ក្នុងការ​បង់​ពន្ធគយ  ឲ្យមាន​ភាពលឿន​រហ័សជាងមុន និងការគាំទ្រ​ដល់ការធ្វើពាណិជ្ជកម្ម​តាមព្រំដែន​ជាមួយនឹង​បណ្ដាប្រទេសជិតខាង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងដែនដី ប្រកាសឲ្យពលរដ្ឋក្ដាប់ឱកាសវិនិយោគ ខណៈបូកគោនឹងត្រូវអភិវឌ្ឍជាទីក្រុងថ្មី

ព័ត៌មាន
បូកគោដែលត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយរបស់កម្ពុជា ក្នុងទឹកដីខេត្តកំពតនោះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាប្រកាសថា…

Huawei ត្រៀមបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននៅឆ្នាំនេះ និងវាយលុកដំបូងក្នុងទីផ្សារប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Hauwei គ្រោងនឹងបើកសម្ពោធប្រព័ន្ធ Harmony OS ជំនាន់ទី 1.0 ជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ឆាប់ៗនេះហើយ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ