ពាណិជ្ជកម្មថៃ-FTA អឺរ៉ុប

ថៃកំពុងសម្រួចមហិច្ឆតាក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមាន FTA ជាមួយអឺរ៉ុប


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃបានបង្ហាញពីជំនឿចិត្តថា ប្រទេសថៃអាចនឹងចាប់ផ្ដើមបន្ដដំណើរការឡើងវិញនូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបនៅឆ្នាំក្រោយនេះ ក្រោយពីកិច្ចចរចានេះ ត្រូវបានផ្អាកអស់រយៈពេលជាង៧ឆ្នាំមកហើយ។ ប្រសិនបើថៃអាចសម្រេចបាននូវកិច្ចចរចាលើកិច្ចព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបពិតមែន នោះថៃនឹងក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពីសិង្ហបុរី និងវៀតណាម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
រូបតំណាង៖ ថៃកំពុងសម្រួចមហិច្ឆតាក្លាយជាប្រទេសទី៣នៅអាស៊ាន ដែលមាន FTA ជាមួយអឺរ៉ុប

កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និង​អឺរ៉ុប​ដែល​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ហាក់​ចាប់ផ្ដើម​មាន​ពន្លឺ​ថា អាច​នឹង​បន្ដ​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុន​នេះ ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ លោក ជូ​រិ​ន ឡាក់​សា​ណា​វិស្សុត បាន​ជួប​ជាមួយនឹង​លោក ភី​កា តា​ភី​អូ​ឡា (Pirkka Tapiola) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ថៃ នា​ដើម​ស​ប្ដា​ហ៍​នេះ​។​ភាគី​ទាំង​ពីរ ក៏​រំពឹង​ថា​នឹង​អាច​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​យោគយល់​គ្នា​មួយ ដើម្បី​ជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ឡើង​វិញ ដែល​អាច​ចាប់ផ្ដើម​ឡើង​នៅ​ឆ្នាំ​ក្រោយ​នេះ​។

លោក ជូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​និយាយ​ថា រដ្ឋាភិបាល និង​ក្រសួងពាណិជ្ជកម្ម គឺ​មាន​ភាព​ម៉ឺងម៉ាត់​មែនទែន​ក្នុង​ការ​បន្ដ​កិច្ចចរចា កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី (FTA) ជាមួយនឹង​សហភាព​អឺរ៉ុប ខណៈ​ដែល​សហភាព​អឺរ៉ុប​ខ្លួនឯង​ផ្ទាល់​ក៏​មាន​បំណង​យក​ប្រទេស​ថៃ ជា​ប្រទេស​ទី​៣​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ផង​ដែរ បន្ទាប់​ពី​អឺរ៉ុប​ធ្លាប់​បាន​ធ្វើ​ជាមួយនឹង​សិង្ហ​បុរី និង​វៀតណាម​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូប​នេះ បាន​គូសបញ្ជាក់​ថា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បាន​ចូល​ជា​ធរមាន ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​ក្នុង​ការ​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ព្រោះ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៥​របស់​ថៃ បន្ទាប់​ពី​អាស៊ាន​, ប្រទេស​ចិន​, ជប៉ុន និង​អា​មេ​រិ​ក​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​របស់​ថៃ បាន​លើក​ឡើង​ថា ឯកសារ​យោគយល់​គ្នា​ដែល​រដ្ឋាភិបាល​ថៃ និង​អឺរ៉ុប​គ្រោង​រៀបចំ​ឡើង ដើម្បី​ឈាន​ទៅ​រក​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ​នោះ គឺ​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម និង​ការ​វិនិយោគ ក៏​ដូច​ជា​ផលប្រយោជន៍​ផ្សេង​ទៀត រួម​មានកម្ម​សិទ្ធ​បញ្ញា លទ្ធកម្ម​រដ្ឋាភិបាល និង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​ជាដើម​។ ទោះ​យ៉ាងណា ឯកសារ​យោគយល់​គ្នា​ទាំងនេះ ត្រូវ​មានការ​ពិចារណា និង​សម្រេច​ដោយ​ភាគី​ទាំង​សងខាង​ជា​មុន​សិន មុន​នឹង​ឈាន​ដល់​ការ​ចាប់ផ្ដើម​កិច្ចចរចា​ជា​ផ្លូវការ​។

មែនទែន​ទៅ ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និង​អឺរ៉ុប​នេះ ត្រូវ​បាន​ផ្អាក​តាំងពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ ពោល​គឺ​ចាប់តាំងពី​ពេល​ដែល​ប្រទេស​ថៃ​មាន​រដ្ឋប្រហារ​ដោយ​យោធា ហើយ​ចាប់តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ថ្មី​របស់​ថៃ បាន​ខិតខំ​តាម​ចែចូវ​អឺរ៉ុប​ខ្លាំង​មែនទែន ដើម្បី​ទាញ​អឺរ៉ុប​ឲ្យ​ចូល​តុ​ចរចា​ឡើង​វិញ​។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ និង​អឺរ៉ុប សម្រេច​បាន​ប្រមាណ​ជាង ៣៣​ពាន់​លាន​ដុល្លារ ដែល​មាន​ប្រមាណ​ជាង ៧,៥% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ថៃ ដែល​មាន​ជាមួយ​ពិភពលោក​។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​ថៃ​ទៅ​អឺរ៉ុប​សម្រេច​បាន​ជាង ១៧​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ចំណាយបន្ថែមជាង ១លានដុល្លារអាមេរិក កែលម្អទីលានវាយកូនហ្គោលលំដាប់អន្តរជាតិហ្គ្រេនភ្នំពេញ

ព័ត៌មាន
ក្រោយពី ជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប បានទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណ…

វៀតណាមនាំចូលសាច់ជ្រូកពីរុស្ស៊ីច្រើនជាងគេបង្អស់

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីឆ្នាំ២០២០រកចំណូលបានប្រមាណជាង១៣០លានដុល្លារ ពីការនាំចេញសាច់ជ្រូកទៅកាន់ប្រទេសវៀតណាម ហើយក៏បានក្លាយជាប្រទេសនាំចេញសាច់ជ្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ