បាតុកម្មនៅមីយ៉ាន់ម៉ានិងថៃ

ប្រទេសថៃនិងមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការធ្វើបាតុកម្មកាន់តែខ្លាំង


យើងងាកមកចាប់អារម្មណ៍ពីស្ថានការណ៍វិវត្តចុងក្រោយទាក់ទងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឯណេះវិញ ឃើញថានៅថ្ងៃអាទិត្យទី២៨កុម្ភៈកន្លងទៅថ្មីៗនេះ ទាំងក្រុមបាតុករនៅប្រទេសភូមា និងប្រទេសថៃសុទ្ធតែបានចេញតាមផ្លូវធ្វើបាតុកម្មតវ៉ានឹងរដ្ឋាភិបាល ។ ស្ថិតក្នុងប្រទេសខុសគ្នាមែន តែក្រុមបាតុករទាំងនេះ មានគោលបំណងមួយស្រដៀងគ្នា គឺទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដោយពួកគេមិនចង់រស់នៅក្រោមឥទ្ធិពលយោធានោះទេ។
ប្រទេសថៃនិងមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការធ្វើបាតុកម្មកាន់តែខ្លាំង
ដោយ

ដំបូងយើងនិយាយ ដោយឡែក អំពីប្រទេសភូមា, បើតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកភូមាជាច្រើន បានឲ្យដឹងថា មានការបង្គិចគ្នា រវាងប៉ូលីសនិងក្រុមបាតុករ កាលពីថ្ងៃអាទិត្យទី២៨កុម្ភៈ ដែល ជាការប៉ះទង្គិចគ្នាដ៏ខ្លាំក្លា បំផុតមិនធ្លាប់មានតាំងពីមានរដ្ឋប្រហារដោយយោធានៅថ្ងៃទី ១កុម្ភៈ បណ្តាលឲ្យស្លាប់បាតុករចំនួន១៨នាក់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត។

យ៉ាងណាមិញបើតាមប្រភពរបស់អង្គការសហប្រជាជាតិ គឺបាតុករដែលបានស្លាប់ក្នុងថ្ងៃអាទិត្យនោះ អាចមានរហូតដល់ ទៅជាង២០នាក់ឯណោះ។

ក្នុងចំណោម អ្នកស្លាប់បាត់បង់ជីវិតទាំងនោះ ភាគច្រើនត្រូវរងគ្រោះដោយការបាញ់ស្រោចពីក្រុមប៉ូលីស នៅទីក្រុងផ្សេងៗគ្នារួមមាន ក្រុង Yangon, ក្រុង Bago និងក្រុង Dawei របស់ភូមា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅបន្ទាប់ពីក្រុមហ៊ុនជប៉ុនជាច្រើនបានចាប់ផ្តើមផ្អាក និងដកចេញនូវគម្រោងវិនិយោគរបស់ខ្លួនពីភូមា កាលពីថ្ងៃសុក្រសប្តាហ៍មុនក្រុមប៉ូលីសបានឃាត់ខ្លួនបុរស ជនជាតិជប៉ុនម្នាក់ ដែលជាអ្នកការសែតឯករាជ្យ កំពុងរាយការណ៍អំឡុងពេលបាតុកម្ម។ ករណីនេះ ត្រូវបានគេរាយការណ៍ថា ជាករណីឃាត់ខ្លួនអ្នកការសែតដំបូងបង្អស់ ចាប់តាំងពីមានការធ្វើបាតុកម្មអស់ជិតមួយខែមកនេះ។ 

សូមបញ្ជាក់ថា រាប់ចាប់តាំងពីមានបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក  មានបាតុករភូមាជាង៨៥០នាក់ត្រូវចាប់ខ្លួន ប៉ុន្តែគេជឿថា ចំនួននេះនឹងមានការកើនឡើងថែមទៀត ព្រោះថា គ្រាន់តែនៅក្នុងថ្ងៃអាទិត្យម្សិលមិញមួយថ្ងៃប៉ុណ្ណោះ មានបាតុករដល់ទៅជាង ៤០០នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន។

គួររំឭកផងដែរថា ក្រុមយោធាបានបង្កើនការបង្រ្កាបដល់ក្រុមបាតុករយ៉ាងចាស់ដៃ ក្រោយពីឯកអគ្គរដ្ឋទូតភូមាប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុន បានថ្កោលទោសការធ្វើរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ ដោយបានស្នើឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ថ្កោលទោសការធ្វើរដ្ឋប្រហារនេះជាសាធារណៈ។  

ចំណែកឯព័ត៌មានចុងក្រោយបំផុតទាក់ទងនឹងលោកស្រី Aung San Suu Kyi វិញ គឺនៅមួយខែ ក្រោយពីមានរដ្ឋប្រហារទំលាក់លោកស្រីចេញពីដំណែង នៅថ្ងៃទី១មិនាម្សិលមិញនេះ តុលាការបានផ្តើមជំនុំជម្រះករណីលោកស្រី Suu Kyi ដោយបានចោទប្រកាន់លោកស្រី ២បទល្មើស។ តុលាការបានចោទប្រកាន់លោកស្រីពីបទផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឲ្យមានចលាចល និងអសន្តិសុខសង្គម។ ទី២តុលាការបានចោទប្រកាន់អ្នកស្រីពីបទនាំចូលវិទ្យុទាក់ទងសម្រាប់អគ្គរក្សលោកស្រីដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយសំអាងថាផ្ទុយពីច្បាប់ទូរគមនាគមន៍របស់ភូមា។

នៅចំពោះមុខបទចោទទាំង២ លោកស្រី Suu Kyi ប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ៦ឆ្នាំ។ នេះបើតាមមេធាវីរបស់អ្នកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិនានា។ តុលារការក៏បានកំណត់ពេលទៅថ្ងៃទី១៥ខែមិនា ដើម្បីធ្វើការជំនុំជម្រះក្តីលើលោកស្រី Aung San Su Kyi ម្តងទៀត។

ចំណែកឯនៅប្រទេសថៃ ឯណេះវិញ យើងសង្កេតឃើញ ថារលកបាតុកម្មប្រឆាំង និងទាមទារឲ្យលោកប្រាយុទ្ធ ចាន់អូចារនាយករដ្ឋមន្ត្រីថៃ ចុះចេញពីដំណែង បានបោកបក់សារជាថ្មីនៅយប់ថ្ងៃអាទិត្យសប្តាហ៍មុន។

បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាហើយដើរសំដៅទៅរកផ្ទះលោក ប្រាយុទ្ធ ក្នុងទីក្រុងបាំងកក ប៉ុន្តែត្រូវបានប៉ូលីសដាក់រនាំងដែកបង្អាក់ដំណើរនៅតាមផ្លូវរបស់ពួកគេ ជាមួយនឹងការប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក បាញ់ដើម្បីបំបែកក្រុមបាតុករ។

ការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមបាតុករដែលភាគច្រើនជាយុវជន បានកើតឡើងជាបន្តបន្ទាប់ពេញមួយយប់ថ្ងៃអាទិត្យដែលបានបណ្តាលឲ្យមន្ត្រីប៉ូលីស ២៣នាក់ និងបាតុករ ១០នាក់របួស។

មន្ត្រីប៉ូលីសបង្រ្កាបបាតុកម្មមួយរូបត្រូវបានគេរាយការណ៍ស្លាប់ពេលកំពុងបំពេញភារកិច្ច ដោយសារតែជំងឺគាំងបេះដូងរបស់លោកបានរើឡើង។

សូមបញ្ចាក់ថា ក្រោយពីមានការប៉ះទង្គិចគ្នាដូចនេះ វិមានរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យប៉ូលីសមានការអត់ធ្មត់ និងស្នើឲ្យក្រុមអ្នកតវ៉ាគោរពច្បាប់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជំនួប​រវាង​មេដឹកនាំកូរ៉េខាងជើង និងអាមេរិក អាចកើតឡើងទេ​នៅឆ្នាំនេះ?

ព័ត៌មាន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាននិយាយនៅថ្ងៃទី ២៨ ខែកុម្ភៈថា ព្រឹត្តិការណ៍ប្រាររព្ធកីឡាអូឡាំពិក ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេ…

យប់​នេះ​វ៉ាក់សាំង​កូវីដ-១៩​ជាង​៣២ម៉ឺន​ដូស​នឹង​ដឹក​មក​ដល់​កម្ពុជា!

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅយប់ម៉ោង ៧៖៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ដែលផលិតបន្ដនៅប្រទេសឥណ្ឌាចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ