វិស័យទេសចរណ៍ថៃ

ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០


ទោះបីជាវិស័យទេសចរណ៍ថៃ កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាប្រាក់បាតឡើងថ្លៃខ្ពស់ និងនិន្នាការសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្ដែ ក្រុមប្រឹក្សាទេសចរណ៍ថៃ នៅតែរំពឹងថា នៅឆ្នាំ២០២០នេះ នឹងទទួលបានភ្ញៀវធ្វើដំណើរមកកាន់ប្រទេសថៃយ៉ាងហោចណាស់ ៤០ លាននាក់នៅឆ្នាំ២០២០នេះ ជាមួយនឹងប្រាក់ចំណូល ប្រមាណ ជាង ៦៧ ពាន់លានដុល្លារអាមេរិក ស្របពេលដែលរដ្ឋាភិបាលប្រទេសនេះ ក៏មានវិធានការជាច្រើនដើម្បីលើកកម្ពស់សម្រាប់វិស័យទេសចរណ៍ផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

រដ្ឋាភិបាលថៃ កាលពីពេល​កន្លងទៅនេះ បាន​ដាក់ចេញនូវ​វិធាការជំរុញវិស័យទេសចរណ៍​ចំនួន ១៦​ចំណុច ក្នុងគោលដោ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរបរទេស​ឲ្យធ្វើដំណើរ​មកកាន់ប្រទេសថៃ កាន់តែច្រើនឡើង ក្នុងនោះ រួមមាន​ការបើក​នូវ​ហាង និងបញ្ជលក់​ទំនិញ​រួចពន្ធ, ការបើកឲ្យមាន​ច្រកព្រំដែន​ឆ្លងកាត់២៤ម៉ោង ថៃ-ម៉ាឡេស៊ី និងព្រំដែនថៃ-ឡាវ នៅអំឡុង​ថ្ងៃចុងសប្ដាហ៍ និង​ថ្ងៃឈប់សម្រាក, ការបង្កើតឲ្យមាន​សេវាទិដ្ឋាការអេឡិចត្រូនិក (E-visa) និងការ​លើកលែង​ថ្លៃទិដ្ឋាការ​មកដល់​រហូតដល់ថ្ងៃទី ៣០ខែមេសា​ឆ្នាំ២០២០នេះ ហើយអ្វីដែលពិសេស​ទៀតនោះ គឺការ​បញ្ចុះតម្លៃ​រហូតដល់ ៥០% សម្រាប់ថ្លៃ​ចុះចតយន្ដហោះ​ ដែលជាជើងហោះហើរ​អន្តរជាតិ ចាប់ពី​ថ្ងៃទី១ ខែធ្នូ ២០១៩ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។ 

អាជ្ញាធរ​ទេសចរណ៍ថៃ ក៏រំពឹងទុកដែរថា នឹងទទួលបាន​ប្រាក់ចំណូល​សរុប​ពីវិស័យទេសចរណ៍ទាំងមូល​ប្រមាណ ១០០ ពាន់លាន​ដុល្លារអាមេរិក​ ដែលមានកំណើន​ប្រមាណ​៤% ធៀបនឹង​ឆ្នាំមុន។ ចំណូលនេះ គឺមានរួមបញ្ជូលពី​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ ៦៧ ពាន់លាន​ដុល្លារអាមេរិក និង​បានមកពី​ភ្ញៀវទេសចរក្នុងស្រុក​ប្រមាណជាង ៣៨ពាន់លាន​ដុល្លារ។

យ៉ាងណាក៏ដោយចុះ បើតាម​ការបញ្ជាក់​ពីអាជ្ញាធរថៃ នៅឆ្នាំនេះ ហាក់​មានការរំពឹង​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ​ត្រឹមអត្រា​តិចជាង​៥% ប៉ុណ្ណោះ ដោយសារតែ​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ ការប្រកួតប្រជែង​ខ្លាំង និង​តម្លៃប្រាក់បាត​ថៃឡើងថ្លៃខ្ពស់។

ប្រធាន​ក្រុមប្រឹក្សាទេសចរណ៍ថៃ បាន​បញ្ជាក់​ប្រាប់សារព័ត៌មាន Reuters នាពេល​ថ្មីៗនេះ ប្រទេសថៃ កាលពីឆ្នាំមុន ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៣៩លាន ៧សែននាក់ ពោលគឺស្ថិតនៅក្រោម​គោលដៅ ដែលបានកំណត់​ ៤០លាន​នាក់។ 

បើតាម​ការព្យាករ​ពី ក្រុមប្រឹក្សាទេសចរណ៍ថៃ នៅឆ្នាំនេះ ចំនួនទេសចរ​ជនជាតិចិន អាចនឹង​មាន​ប្រហាក់ប្រហែល​នឹងឆ្នាំមុនដែរ គឺមានប្រមាណ ១១លាននាក់ ខណៈដែលមាន​ជនជាតិចិន​កាន់តែច្រើន នឹងធ្វើដំណើរ​ទៅប្រទេស​ផ្សេងទៀត​នៅតំបន់អាស៊ី។ ហេតុផលមួយទៀត ដែលធ្វើឲ្យចំនួន​ទេសចរ​ចិន​មិនមានកំណើន គឺដោយសារតែ​ប្រាក់បាតថៃឡើងខ្ពស់ ដែលបាន​កើនឡើងជិត​១១% ធៀបនឹង​ប្រាក់យន់​របស់ចិន កាលពីឆ្នាំមុន ហើយនេះ ត្រូវបានគេចាត់ទុកថា គឺជា​ផលប៉ះពាល់ធំ សម្រាប់​វិស័យទេសចរណ៍ថៃ។ 

ទោះជាយ៉ាងនេះក្ដី អាជ្ញាធរ​ទេសចរណ៍ថៃ ក៏រំពឹងដែរថា ចំនួន​ភ្ញៀវទេសចរចិន ប្រមាណ​៨០ម៉ឺននាក់ នឹង​ធ្វើដំណើរ​មកកាន់ប្រទេសថៃ នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹង​ប្រព្រឹត្តិទៅក្នុងពេល​ឆាប់ៗនេះ ដែលចំនួន​នេះ គឺមានប្រហាក់ប្រហែលនឹង​ឆ្នាំមុនដែរ។

ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏រំពឹង​ចំនួនទេសចរជនជាតិ​ឥណ្ឌា​នឹង​ហក់កើនឡើង​៣០% នៅឆ្នាំនេះ ពោលគឺកើនឡើង​ពីជាង ២លាន​នាក់​កាលពីឆ្នាំ២០១៩។

សូមបញ្ជាក់ថា ឥណ្ឌា គឺជា​ប្រភព​ភ្ញៀវទេសចរណ៍​ធំបំផុត ទី៣ របស់ប្រទេសថៃ បន្ទាប់ពីចិន និងម៉ាឡេស៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យពីអាមេរិក ផ្សព្វផ្សាយលក់អចលនទ្រព្យសម្រាប់អ្នកវិនិយោគនៅកម្ពុជា

ព័ត៌មាន
វិនិយោគិនដែលជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានប្រកាសស្វែងរកការវិនិយោគពីកម្ពុជា ខណៈក្រុមហ៊ុននេះមើលឃើញថា សេដ្ឋកិច្ចកម្ពុជ…

អ្នកជំនាញ៖ ការពង្រីកវិសាលភាពសេវាផ្ទេរប្រាក់ នឹងបង្កើតទម្លាប់ឲ្យពលរដ្ឋចេះប្រើប្រាស់សេវាធនាគារ

ព័ត៌មាន
អ្នកជំនាញ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានអះអាងថា ការពង្រីកនូវប្រតិបត្តិការសេវាផ្ទេរ ឬការទូទាត់ប្រាក់តាមរយៈភ្នាក់ងារផ្ទេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ