កញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»

ថៃគ្រោងនឹងចរចាជាមួយចិន និងម៉ាឡេស៊ីបើកឲ្យមានកញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»


រាជរដ្ឋាភិបាលថៃគ្រោងនឹងចរចាជាមួយនឹងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីបង្កើតឲ្យមានកញ្ចប់ទេសចរណ៍ពិសេសអំឡុងពេលកូវីដ១៩ ឬហៅថា Travel Bubble នៅក្នុងខែកុម្ភៈនេះ ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ការលើកឡើងរបស់ថៃអំពីគម្រោង Travel Bubbleនេះ គឺធ្វើឡើងនៅគ្រាដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ ទើបតែបានអនុញ្ញាតឡើងវិញ ឲ្យភ្ញៀវទេសចរចូលមកក្នុងប្រទេសខ្លួន ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ នេះបើតាមការរាយការណ៍ដោយការសែតបាងកកប៉ុស្ដិ៍របស់ថៃ។
កញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»

រាជរដ្ឋាភិបាល​លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ នឹង​ជួបពិភាក្សា​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងទេសចរណ៍ចិន​នៅក្នុងពេលឆាប់ៗនេះ ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការទ្វេភាគី​ លើ​​កញ្ចប់ទេសចរណ៍ពិសេសនៅអំឡុងពេលកូវីដ១៩ ឬហៅថា Travel Bubble ដោយអនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អាច​​ធ្វើដំណើរ​ទៅវិញ​មក​រវាង​ប្រទេសទាំងពីរ​បាន​កាន់តែងាយស្រួល និងសុវត្ថិភាព។ នេះបើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។ បន្ថែមពីនេះ មន្ត្រីរាជរដ្ឋាភិបាលថៃ ក៏កំពុងតែ​រៀបចំ​បង្កើតឲ្យមាន​កិច្ចពិភាក្សាជាមួយប្រទេស​ជិតខាង ដូចជា​ប្រទេសម៉ាឡេស៊ី​ សម្រាប់​កិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរ នៅចុងខែនេះ។

រាជរដ្ឋាភិបាល​ថៃ កំពុង​ព្យាយាម​​ខ្លាំងមែនទែន​​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​ទ្វេភាគី ដើម្បី​ជំរុញ​ការងើបឡើងវិញ​​នៃវិស័យឧស្សាហកម្ម​ទេសចរណ៍ ក៏ដូចជា​សេដ្ឋកិច្ច បន្ទាប់ពី​ប្រទេសនេះ ទើបតែបានចាប់ផ្ដើម​​អនុវត្ត​ឡើងវិញ នូវការ​បើក​ឲ្យ​ជនបរទេស​​ដែលបានចាក់វ៉ាក់សាំង​រួច​ អាចធ្វើដំណើរចូលក្នុងប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ក្នុងនោះដែរ ថៃបានដាក់គោលដៅ​ចម្បង​ ដើម្បីស្វែងរក​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ជាមួយនឹង​ចិន និងម៉ាឡេស៊ី ដ្បិតថា ប្រទេសទាំងពីរនេះ គឺជាប្រភពទេសចរណ៍​ដ៏សំខាន់​​សម្រាប់​​ប្រទេសថៃ នៅអំឡុងពេល​មិន​ទាន់មានកូវីដ១៩​រាតត្បាត​។

ទេសចរ​ជនជាតិ​ចិន និងម៉ាឡេស៊ី គឺមានចំណែក​ដល់ទៅ ជាង​១ភាគ៣នៃ​ចំនួន​ភ្ញៀវទេសចរអន្តរជាតិ​សរុប ​៤០លាននាក់ ដែលថៃទទួលបាន​នៅឆ្នាំ២០១៩ ព្រមទាំងទទួលបាន​ចំណូល​ប្រមាណ ២០ពាន់លានដុល្លារ​ពីវិស័យនេះផងដែរ។ ប៉ុន្ដែ ក្រោយមានកូវីដ១៩​ចូលលុកលុយ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ បាន​ដាំក្បាលចុះយ៉ាងខ្លាំង ពិសេស​ភ្ញៀវចិនតែម្ដង ហើយមកទល់ពេលនេះ ក្រុងប៉េកាំង​ក៏នៅតែ​បន្ដ​ដាក់ចេញវិធានការ​តឹងតែង​​ចំពោះការធ្វើដំណើរ​ចេញទៅក្រៅប្រទេស​នៅឡើយដែរ។

សូមបញ្ជាក់ថា តាមរយៈ​ កញ្ចប់ទេសចរណ៍ពិសេស Travel bubble ភ្ញៀវទេសចរ​មិន​មានការតម្រូវ​ឲ្យធ្វើចត្តាឡីស័ក​នោះទេ និងអាច​ទទួលបាន​នូវ​ការលើកលែង​ទិដ្ឋាការ និងការស្នាក់នៅ​ពិសេសផងដែរ។ ប៉ុន្ដែ ប្រទេស​ដែល​អនុវត្ត​កញ្ចប់​ទេសចរណ៍ពិសេសនេះ ក៏នឹងត្រូវ​ព្រមព្រៀង​លើ​ចំនួន​កូតា​ភ្ញៀវទេសចរ និង​បញ្ជាក់ពី​ទីតាំង​ជាក់លាក់​នៃការ​ធ្វើដំណើរ​របស់​ពួកគេ ដើម្បីការពារ​ការឆ្លងរីករាលដាលកូវីដ១៩៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស និងកូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ដែលខូតខាតដោយសារវិបត្តកូវីដ១៩

ព័ត៌មាន
ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលសំខាន់ៗដូចជា…

Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២

ព័ត៌មាន
របាយការណ៍ពីស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Fitch Ratings បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាម នឹងមានសម្ទុះងើបឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ