វ៉ាក់សាំងកូវីដ១៩-ថៃ

ថៃសម្រុកចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ខណៈដែលការឆ្លងកូវីដ-១៩រលកទី៣ នៅតែបន្ដវាយប្រហារ


ទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសថៃ ដែលបានអូសបន្លាយពេលជាយូរមកហើយនោះ ឥឡូវនេះ បានចាប់ផ្ដើមសម្រុកចាក់ជូនពលរដ្ឋហើយ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក ខណៈដែលរដ្ឋាភិបាលថៃមានគោលដៅចាក់វ៉ាក់សាំងឲ្យបាន៦លានដូសនៅក្នុងខែមិថុនានេះ។ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩របស់ថៃនាពេលនេះ គឺធ្វើឡើងនៅចំពេលដែលការឆ្លងកូវីដ-១៩រលកទី៣ នៅតែបន្ដវាយលុកឆ្លងក្នុងប្រទេសថៃ មិនទាន់ស្ងប់ស្ងាត់នៅឡើយ។ តើយុទ្ធនាការចាក់វ៉ាក់សាំងរបស់ថៃនេះ អាចនឹងទប់ទល់ការឆ្លងរាតត្បាតកូវីដ-១៩បានកម្រិតណា?
កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅប្រទេសថៃ ចាប់ផ្តើមពីថ្ងៃទី ៧ មិថុនា តទៅ - Xinhua
ដោយ

នៅប៉ុន្មាននៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងប្រទេសថៃ គេសង្កេតឃើញថា មជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយចំនួនមានភាពរអាក់រអួលខ្លះៗ ដោយសារតែមានអ្នកមកចុះឈ្មោះចាក់វ៉ាក់សាំងច្រើនជាងការកំណត់ វាបានធ្វើឲ្យមានការពន្យារពេលការចាក់វ៉ាក់សាំងផងដែរ។ ជាក់ស្ដែង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលជាថ្ងៃដំបូងនៃកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ថៃ មានមនុស្សជាង ៣០ម៉ឺននាក់ឯណោះ ដែលបានទទួលការចាក់វ៉ាក់សាំង។ តាមគោលដៅ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបានដល់៦លានដូស នៅក្នុងខែមិថុនានេះ។ហើយ វ៉ាក់សាំងដែលត្រូវយកមកចាក់ជូនពលរដ្ឋរបស់ខ្លួននោះរួមមាន វ៉ាក់សាំងប្រភេទ AstraZeneca របស់អង់គ្លេសនិង វ៉ាក់សាំង Sinovac របស់ចិន។

ទោះបីយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បាននិយាយទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលលោកចុះទៅត្រួតពិនិត្យមើលមជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងក្រុងបាងកកនាពេលថ្មីៗនេះថា «រដ្ឋាភិបាលថៃធានាថា ពលរដ្ឋថៃនឹងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។»

រដ្ឋាភិបាលថៃកំពុងមានផែនការនឹងទិញវ៉ាក់សាំង ១០០លានដូស ដើម្បីចាក់ជូនពលរដ្ឋ៥០លាននាក់ ឬស្មើនឹង៧០% នៃប្រជាជនសរុបនៅត្រឹមចុងឆ្នាំ២០២១នេះ ដើម្បីត្រៀមបើកប្រទេសទាំងស្រុងឡើងវិញនៅខែមករាដើមឆ្នាំក្រោយ។

ប្រទេសថៃ កាលពីឆ្នាំ២០២០មុននេះ រក្សាបានតួលេខឆ្លងកូវីដ-១៩ ក្នុងចំនួនទាប ប៉ុន្ដែ ចាប់តាំងពីមានផ្ទុះរលកឆ្លងកូវីដ-១៩លើកទី៣ ដែលបានចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ២០២១មក ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះ បានហក់ឡើងយ៉ាងខ្លាំង សរុបមកទល់ពេលនេះមានអ្នកឆ្លងជិត២០ម៉ឺននាក់ ខណៈអ្នកស្លាប់មានជាង១២០០ នាក់។

អាជ្ញាធរថៃនៅដើមសប្ដាហ៍នេះ បានបញ្ជាក់ថា ថៃបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីប្រភេទ B.1.617.2 ដែលគេច្រើនហៅថា មេរោគបំប្លែងថ្មីពីឥណ្ឌាដល់ទៅ ២៣៥ករណី ដែលបានឆ្លងរាលដាលក្នុងខេត្តចំនួន៩ នៅទូទាំងប្រទេសថៃ។

ក្រសួងសុខាភិបាលថៃ នៅដើមសប្ដាហ៍នេះ បានបញ្ជាក់ថា ថៃនឹងទទួលបានវ៉ាក់សាំងបន្ថែមជាង៣លាន៤សែនដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅខែក្រោយនេះ ប៉ុន្ដែ ថៃមិនបានបញ្ជាក់ថា តើការផលិតផលិតវ៉ាក់សាំង AstraZeneca ក្នុងស្រុករបស់ខ្លួនមានចំនួនប៉ុន្មាននៅឡើយទេ។

ប្រទេសថៃរំពឹងថា នឹងចុះកិច្ចសន្យានៅក្នុងសប្ដាហ៍នេះ ដើម្បីទទួលបានវ៉ាក់សាំងPfizer​BioN​Tech ចំនួន២០លានដូស និង ៥លានដូសទៀតជា វ៉ាក់សាំង Johnson & Johnson។

សូមបញ្ជាក់ថា ប្រទេសថៃ ថ្មីៗនេះ ក៏បានអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនអាចលក់វ៉ាក់សាំងកូវីដ-១៩ចាក់ជូនពលរដ្ឋរបស់ខ្លួនផងដែរ ដោយក្នុងនោះ វ៉ាក់សាំងអាមេរិក Moderna ត្រូវបានអនុញ្ញាតឲ្យលក់ចាក់ជូនពលរដ្ឋថៃក្នុងតម្លៃជិត ១២២ដុល្លារ សម្រាប់ការចាក់ចំនួន២ដូស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាគ្រោងបង្កើនថវិកាសម្រាប់វ៉ាក់សាំងកូវីដ-១៩ ដល់៦ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
រដ្ឋាភិបាលឥណ្ឌាមានគម្រោងបង្កើនខ្ទង់ថវិកាលើការចំណាយលើវ៉ាក់សាំងកូវីដ-១៩ ជាង ៦ពាន់២រយលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ចាក់ជូនពលរដ្ឋរបស់ខ្…

WHO៖ អត្រាចាក់វ៉ាក់សាំងខ្ពស់អាចជួយកាត់បន្ថយហានិភ័យកូវីដបំប្លែងថ្មី

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានធ្វើការប៉ាន់ប្រមាណនៅដើមសប្តាហ៍នេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងកម្រិតខ្ពស់ ពោលគឺយ៉ាងហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ