ទេសចរណ៍ថៃ

ថៃហាក់សង្ឃឹមតិចតួចក្នុង​ការចាប់យកភ្ញៀវទេសចរចិននៅចុងឆ្នាំនេះ


ប្រទេសថៃកំពុងមានក្ដីសង្ឃឹមតិចតួចមែនទែន ចំពោះការស្រូបទាញបានភ្ញៀវទេសចរចិន តាមរយៈផែនការពិសេសសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ពិសេសក្នុងអំឡុងពេល«សប្ដាហ៍មាស»ក្នុងខែតុលាខាងមុខ ដែលថៃធ្លាប់រំពឹងថា នឹងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងច្រើន។
បុរសម្នាក់រង់ចាំអ្នកទេសចរនៅឆ្នេរប៉ាតាយ៉ា ក្នុងខេត្តឈុនបុរី ប្រទេសថៃ
ដោយ

ប្រទេសថៃហាក់មិនសូវមានក្ដីសង្ឃឹមខ្ពស់ ចំពោះភ្ញៀវទេសចរចិន ក៏ដោយសារតែ បច្ចុប្បន្នថៃនៅតែបន្ដមានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃរាប់ពាន់នាក់ដដែល ខណៈដែលប្រទេសចិនវិញ នៅមួយរយៈពេលចុងក្រោយនេះ ក៏ចាប់ផ្ដើមមានការរឹតដ្បិតការធ្វើដំណើរជាងមុនផងដែរ ក្រោយមានការផ្ទុះកម្រើកករណីឆ្លងរាលដាលកូវីដ-១៩ជាថ្មី នៅក្នុងខេត្តមួយចំនួន។ នេះបើតាមការអះអាងពីអ្នកជំនាញទេសចរថៃ។

Story: សមាគមភ្នាក់ងារធ្វើដំណើរថៃ បានអះអាងនៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះថា ក្រៅតែពីបញ្ហាឆ្លងរីករាលដាលកូវីដ-១៩ដែលកំពុងកើតមានក្នុងប្រទេសថៃ និងចិនហើយនោះ បញ្ហាការទូតវ៉ាក់សាំង ដែលកំពុងប្រជែងគ្នាយ៉ាងសកម្មរវាងចិន និអាមេរិក ក៏អាចជាផ្នែកមួយប៉ះពាល់ទៅដល់ស្ថានភាពទេសចរណ៍របស់ប្រទេសថៃផងដែរ។

ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាត់ថាណាផន (Sisdivachr Cheewarattanaporn) បានលើកឡើងថា ក្រៅតែពីការបន្ដរាលដាលនៃរលកឆ្លងទី៣នៅក្នុងប្រទេសថៃហើយនោះ គម្រោងបើកទទួលភ្ញៀវទេសចរឡើងវិញរបស់ថៃក៏កំពុងប្រឈមនឹងបញ្ហាមួយទៀត ដោយសារតែខេត្តភាគខាងត្បូងនៃប្រទេសចិន គឺខេត្តគ័ងចូវ បានដាក់ការរឹតបន្ដឹងលើការធ្វើដំណើរយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលថ្មីៗនេះកំពុងត្រូវបានរកឃើញជាបន្ដបន្ទាប់នៅក្នុងប្រទេសចិន។

ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃរូបនេះ បានបន្ថែមថា តាមការសន្និដ្ឋានរដ្ឋាភិបាលចិននឹងផ្ដល់អាទិភាពលើវិធានការសុវត្ថិភាព ដោយនឹងបន្ថែមរយៈពេលនៃធ្វើចត្តាឡីស័ករហូតដល់២១ថ្ងៃ សម្រាប់អ្នកដែលត្រឡប់ពីក្រៅប្រទេសចូលទៅក្នុងប្រទេសចិនវិញ។ ហើយបើមានវិធានការបែបនេះមែន ចង់ឬមិនចង់ វាអាចនឹងធ្វើឲ្យទេសចរចិនស្ទាក់ស្ទើរក្នុងការចេញធ្វើដំណើរកម្សាន្ដក្រៅប្រទេសជាក់ជាមិនខាន បើទោះបីជាកោះភូកេតរបស់ថៃ បើកឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដោយក៏ដោយ។

ប្រទេសជាច្រើននៅតំបន់អាស៊ីកំពុងជាប់គាំង ជាមួយនឹងការរាតត្បាតនៃមេរោគ ហើយពួកគេមានជំនឿចិត្តតិចតួចប៉ុណ្ណោះនៅក្នុងវិស័យទេសចរណ៍ ហើយប្រទេសទាំងនេះ ហាក់រង់ចាំមើលរហូតដល់ត្រីមាសទី៤ឆ្នាំនេះ ទើបសម្រេចគិតគូឡើងវិញសម្រាប់ការធ្វើដំណើរអន្តរជាតិនេះ។

បើទោះបីជា ថៃមានក្ដីសង្ឃឹមតិចចំពោះការទទួលភ្ញៀវទេសចរក៏ដោយ ប៉ុន្ដែ គ្រោងការណ៍បើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ គឺថៃនៅតែជំនះបន្ដធ្វើឲ្យខាងតែបាន បើទោះបីជានៅដំណាក់កាលដំបូងនេះ មិនមានលទ្ធផលផ្លែផ្កាជាដុំកំភួនក្ដី ប៉ុន្ដែយ៉ាងហោចណាស់ វាក៏ជាការសាកល្បងដើម្បីជីវិតរស់សម្រាប់វិស័យទេសចរណ៍ដែរ។ នេះបើតាមការគូសបញ្ជាក់របស់ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ។

អ្នកជំនាញទេសចររូបនេះ បានសង្កត់ធ្ងន់ទៀតថា កត្តាមួយផ្សេងទៀត ដែលត្រូវប្រយ័ត្នគឺ ការប្រជែងគ្នាផ្នែកនយោបាយកាទូតវ៉ាក់សាំងពីសំណាក់ប្រទេសមហាអំណាចអាមេរិក និងចិន ដោយប្រទេសទាំងពីរនេះ កំពុងប្រើប្រាស់ឥទ្ធពលនេះ ដើម្បីទាញយកប្រយោជន៍ពីប្រទេសតំបន់អាស៊ីអាគ្នេយ៍។ ការប្រជែងគ្នារវាងមហាអំណាចទាំងពីរនេះ ក៏អាចនឹងជះឥទ្ធិពលមកលើទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយផ្លាស់ប្ដូរការធ្វើដំណើរនៅពេលអនាគតផងដែរ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជំនាញពន្យល់ពីបញ្ហាដែលអាចកើតឡើង ប្រសិនបើក្រុមហ៊ុនប្រេង KrisEnergy ពិតជាត្រូវរំលាយ

ព័ត៌មាន
ក្រុមហ៊ុនដែលទទួលសិទ្ធិបូមប្រេងនៅកម្ពុជា KrisEnergy កាលពីថ្ងៃទី៤ ខែមិថុនា បានស្នើទៅតុលាការ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយកទៅសងម្ច...

ធនាគារពិភពលោក៖ភាពមិនស្មើគ្នានៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសក្រីក្រ

ព័ត៌មាន
ធនាគារពិភពលោក នៅសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ទោះតិចក្តី ច្រើនក្តី បាននិងកំពុងរួមចំណែកធ្វើឲ្យសេដ្ឋកិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ