ថៃបន្ដចាក់វ៉ាក់សាំងលាយលំគ្នា

ប្រទេសថៃបង្ហាញថា ការវ៉ាក់សាំងលាយចូលគ្នាដូសទី១ Sinovac និងទី២ AstraZeneca គឺសុវត្ថិភាព និងមានប្រសិទ្ធភាព


ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលលាយគ្នា ដូសទី១ Sinovac និងដូសទី២ AstraZeneca គឺមានសុវត្ថិភាព និងបង្កើតភាពស៊ាំប្រឆាំងនឹងមេរោគបំប្លែងថ្មី ឌែលតា ខណៈបច្ចុប្បន្នថៃបានចាក់វ៉ាក់សាំងលាយបញ្ជូលគ្នានេះជូនពលរដ្ឋរបស់ខ្លួនប្រមាណជាង ១លាន ៥សែននាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
គ្រូពេទ្យថៃកំពុងចាក់វ៉ាក់សាំងកូវីដ១៩ឱ្យពលរដ្ឋរបស់ខ្លួន

ក្រសួងសុខាភិបាលថៃបាននិយាយថា ការលាយបញ្ជូលគ្នា រវាង Sinovac និង AstraZeneca បានបង្កើនភាពស៊ាំដល់កម្រិតមួយដូចការចាក់វ៉ាក់សាំង AstraZeneca ពីរដូសដែរ។ ទន្ទឹមនេះ វាអាចពន្លឿនល្បឿនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះថែមទៀត សូមបញ្ជាក់ថា ពលរដ្ឋថៃអាចចាក់វ៉ាក់សាំង ដូសទី២ AstraZeneca បន្ទាប់ពីចាក់ដូសទី១ Sinovac បានរយៈពេល១ខែ។ នេះបើយោងតាមមជ្ឍមណ្ឌលគ្រប់គ្រងកូវីដថៃ។

លេខាអចិន្ត្រៃយ៍សុខភាពសាធារណៈថៃ លោក Kiatiphum Wongrajit បានឱ្យដឹងថា ការលាយវ៉ាក់សាំងបញ្ជូលគ្នានេះ នឹងត្រូវប្រើសម្រាប់ការចាក់វ៉ាក់សាំងភាគច្រើនក្នុងប្រទេសថៃ។

គួរឱ្យកត់សម្គាល់ថា ការអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងលាយគ្នានេះ ក្រោយពេលគេរកឃើញប្រព័ន្ធការពារមេរោគរបស់វ៉ាក់សាំង Sinovac មានការថមថយចុះ និងបានបង្កឱ្យមានការព្រួយបារម្ភពីមេរោគបំប្លែងថ្មីឌែលតា។ 

យ៉ាងណាមិញ នៅថៃកាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលជជែកដេញដោលគ្នាក្នុងរដ្ឋសភាថៃ ស្តីពីវិបត្តិមេរោគឆ្លង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់សមាជិកសភាថា កុំឱ្យរិះគន់វ៉ាក់សាំងចិន Sinovac ដើម្បីការពារពលរដ្ឋថៃ និងជៀសវាងការបង្កភាពមិនចុះសម្រុងដល់ទំនាក់ទំនងថៃ-ចិន។

ទន្ទឹមនេះគួរឱ្យដឹងថា តម្រូវការប្រើប្រាស់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់នៅប្រទេសថៃអាចនឹងការធ្លាក់ចុះ ស្របពេលដែល ថៃបានជ្រើសរើសវ៉ាក់សាំង ប្រភេទ AstraZeneca និង Pfizer ដើម្បីប្រើប្រាស់ជាដូសជំរុញដើម្បីចាក់ជូនដល់ពលរដ្ឋរបស់ខ្លួនប្រមាណ៣លាននាក់។

សូមរំឮកថា កាលពីខែកក្កដា ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងបង្កើតដោយប្រទេសលោកខាងលិច ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ខណៈប្រទេសនេះ បានជួបឧបសគ្គក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយចំពេលចំនួនឆ្លង និងស្លាប់មានការកើនឡើងកាន់តែច្រើន។ យ៉ាងណាមិញរហូតមកដល់ពេលនេះ ពលរដ្ឋថៃប្រមាណជាង ១៣% នៃពលរដ្ឋសរុប ៦៦លាននាក់ ទើបតែទទួលបានវ៉ាក់សាំងគ្រប់២ដូសប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩សរុប ជាង១លាន២សែននាក់ហើយ និងមានអ្នកស្លាប់សរុបជាង១ម៉ឺន២ពាន់នាក់ ដោយក្នុងនោះ មេរោគកូវីដ-១៩ ដែលបាននិងកំពុងលុកលុយខ្លាំងនៅប្រទេសថៃ គឺជាប្រភេទមេរោគបំប្លែងថ្មី អាល់ហ្វា និងឌែលតា៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាច្រានចោល ការលើកឡើងរបស់ក្រុមហ៊ុនម្ចាស់នាវាលួចដឹកប្រេងចេញពីកម្ពុជា ដែលថា ការចាកចេញពីកម្ពុជាគ្រាន់តែដើម្បីប្ដូរនាវិក និងចាក់ប្រេង

ព័ត៌មាន
អាជីវកម្មបូមប្រេងនៅកម្ពុជាកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់កាន់តែខ្លាំង នៅក្រោយពេលដែលនាវាផ្ទុកប្រេងជិត៣០ម៉ឺនបារ៉ែលដែលបូមបានពីអណ្ដូងប្រេងក…

ពលរដ្ឋអាមេរិកជិត ៩លាននាក់នឹងបាត់បង់ប្រាក់ជំនួយសម្រាប់ភាពគ្មានការងារធ្វើ

ព័ត៌មាន
ប្រជាពលរដ្ឋអាមេរិកជិត ៩លាននាក់ ដែលបាត់បង់ការងារ និងកំពុងរស់នៅដោយពឹងផ្នែកទៅលើ ប្រាក់ជំនួយរបស់ទុនបម្រុងសហព័ន្ធនោះ នឹងបាត់បង់អត្ថប្រយោជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ