ថៃត្រៀមកញ្ចប់ថវិកាចំណាយ ៩៣ពាន់លានដុល្លារ

ថៃត្រៀមកញ្ចប់ថវិកាចំណាយ ៩៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្នុងការពន្លឿនសេដ្ឋកិច្ច


រាជរដ្ឋាភិបាលថៃនៅពីថ្ងៃទី ៣១ឧសភា បានស្នើឲ្យមានការកញ្ចប់ថវិកាចំណាយមួយច្រើនជាងមុនដោយមានប្រហែល ៩៣ ពាន់លានដុល្លារ នៅក្នុងសេចក្តីព្រាងកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៣ ដើម្បីពន្លឿន ក៏ដូចជាស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះ ត្រូវបានគេមើលឃើញថាកំពុងមានការងើបឡើងវិញយឺត ជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ថៃត្រៀមកញ្ចប់ថវិកាចំណាយ ៩៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្នុងការពន្លឿនសេដ្ឋកិច្ច

កញ្ចប់​ថវិកា​នេះ កំពុង​ត្រូវ​បាន​ពិនិត្យ និង​ពិភាក្សា​នៅ​ក្នុង​សភា​ថៃ ហើយ​វា​មាន​ច្រើន​ជាង​កញ្ចប់​ថវិកា​ចំណាយ​នៅ​ឆ្នាំ​២០២២​ប្រ​ហែ​ជិត​៣% ហើយ​បើ​ធៀប​នឹង​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ កញ្ចប់​ថវិកា​ចំណាយ​ឆ្នាំ​២០២៣ គឺ​មាន​ប្រហែល​ជិត​៤% ។

ប្រទេស​ថៃ គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​អ្នក​រៀបចំ​ផែនការ​ថវិកា​នេះ បាន​សន្មត់​ថា កញ្ចប់​ថវិកា​ដែល​ស្នើ​ឡើង​នេះ អាច​ជួយ​ដោយ​បង្កើន​នូវ​តម្រូវការ​ក្នុងស្រុក និង​ជួយ​ឲ្យ​មានការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-ocha) បាន​ប្រាប់​ទៅ​កាន់​សភា​អំពី​កញ្ចប់​ថវិកា​ចំណាយ​នេះ​ថា ក្រោម​កាលៈទេសៈ​បែប​នេះ រដ្ឋាភិបាល​ត្រូវ​អនុវត្ត និង​ពង្រីក​ផង​ដែរ​នូវ​គោលនយោបាយ​សារពើពន្ធ ដើម្បី​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ​" ។

លោក​បាន​បន្ថែម​ថា​នៅ​ក្នុង​ឆ្នាំ ២០២៣ ខាង​មុខ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​សារពើពន្ធ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រសើរ​ឡើងជា​បណ្តើរ​ៗ នៅ​ពេល​ដែល​សេដ្ឋកិច្ច​មាន​សម្ទុះ​ឡើង​វិញ ក្រោយ​ពី​ការ​ធូរស្បើយ​នៃ​ការ​ឆ្លង​នៃ​កូ​វី​ដ​១៩​។

គួរ​រំលឹក​ថា កញ្ចប់​ថវិកា​ដែល​ស្នើ​ដោយ​លោក ប្រា​យុទ្ធ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក ពីព្រោះ​បើ​មានការ​បរាជ័យ​ក្នុង​ការ​ការ​ផ្ទៀងផ្ទាត់​នៃ​សេចក្តី​ព្រាង​ជា​លើក​ដំបូង​នេះ អាច​បង្ខំ​ឱ្យ​គាត់​លាលែង​ពី​តំណែង ឬ​រំលាយ​សភា​តែ​ម្តង​។

ប្រសិនបើ​សភា​អនុម័ត នោះ​កញ្ចប់​ថវិកា​ចំណាយ​នេះ នឹង​តម្រូវ​ឱ្យ​ផ្ចៀ​ង​ផ្ទាត់​ពីរ​ដង​ទៀត​ក្នុង​ខែសីហា មុន​ពេល​បញ្ជូន​ទៅ​ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដាក់​ឲ្យ​អនុវត្ត​។

បើ​ទោះបីជា​បែប​នេះ​ក្តី លោក ភី​តា លី​ម​ចា​រួន​រាត (Pita Limjaroenrat) មេដឹកនាំ​គណបក្សប្រឆាំង​មួយ​បាន​និយាយ​ថា គណបក្ស​របស់​លោក​មិន​អាច​យល់ព្រម​អនុម័ត​សំណើ​កញ្ចប់​ថវិកា​ចំណាយ​នេះ​បាន​ទេ ដោយសារ​វា​មិន​ទាន់​មាន​ភាព​ជាក់លាក់ ក្នុង​ការ​ជួយ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​ជំងឺ​រាតត្បាត Covid-19 ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​ផែនការ​ថវិកា​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​នេះ ដើម្បី​នាំ​មក​នូវ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស និង​បង្កើន​ក្តី​សង្ឃឹម​របស់​សាធារណជន​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយរងទណ្ឌកម្មពីអាមេរិក Huawei ខំពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មី

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងពង្រឹងអាជីវកម្មថាមពលឌីជីថលថ្មីរបស់ខ្លួន ដើម្បីជួយធានាដល់ការបន្តលូតលាស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស…

ក្រុមវិនិយោគិនបារាំងបង្ហាញពីបំណងបង្កើនឱកាសវិនិយោគនៅកម្ពុជា តាមរយៈ«វេទិកាធុរកិច្ចបារាំង-កម្ពុជា»

ព័ត៌មាន
ក្រុមអ្នកវិនិយោគជាច្រើនក្រុមហ៊ុនមកពីប្រទេសបារាំង បាននិងកំពុងសម្លឹងរកសក្ដានុពល សម្រាប់ការវិនិយោគបន្ថែមនៅកម្ពុជា តាមរយៈការរៀបចំ «វេទិកាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ