កំណែទម្រង់កាតព្វកិច្ចលើពន្ធនាំចូលរថយន្តអគ្គិសនី

ក្រសួងហិរញ្ញវត្ថុថៃនឹងស្នើឱ្យមានកំណែទម្រង់កាតព្វកិច្ចលើពន្ធនាំចូលរថយន្តអគ្គិសនី


ប្រទេសថៃកំពុងសម្រួចយុទ្ធសាស្ត្ររបស់ខ្លួនកាន់តែមុតស្រួចក្នុងការជំរុញការវិនិយោគផលិតរថយន្ដអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ដោយថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុរបស់ថៃ បានប្រកាសពីផែនការនឹងដាក់ស្នើទៅកាន់គណៈរដ្ឋមន្ត្រីឲ្យមានការកាត់បន្ថយកាតព្វកិច្ចពន្ធសម្រាប់ការនាំចូលរថយន្ដអគ្គិសនីឲ្យបានដល់ទៅ ៤០% , ២០% និងសូន្យភាគរយតែម្ដង អាស្រ័យទៅលើទំហំកម្លាំងម៉ាស៊ីនរបស់យានយន្ដដែលនាំចូលនោះ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក សានទី ព្រំផាត នៅក្នុងកាសែតបាងកកប៉ុស្ដិ៍។
ក្រុមហ៊ុនផលិតរថយន្តធំៗបន្តវិនិយោគលើរថយន្តអគ្គិសនី

លោក សានទី ព្រំផាត បាននិយាយថា រថយន្តអគ្គិសនីតូចៗគួរតែត្រូវទទួលបានអត្រាពន្ធនាំចូលទាបជាងរថយន្តធំៗ ដែលវាជាផ្នែកមួយនៃផែនការរបស់ក្រសួងក្នុងការជំរុញដល់ការលក់ និងប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេស។

ទន្ទឹមនេះ លោកបានបន្តថា ក្រសួងក៏បានពិចារណាផងដែរនូវការឧបត្ថម្ភធនសមស្របមួយ ដើម្បីគាំទ្រដល់ការទិញរថយន្តអគ្គិសនីរបស់អ្នកប្រើប្រាស់។ ប្រភពពីក្រសួងហិរញ្ញវត្ថុថៃដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រាក់ឧបត្ថម្ភសម្រាប់អ្នកទិញរថយន្តអគ្គិសនីទំនងជាមិនទាបជាងចំនួនដែលធ្លាប់បានផ្តល់ជូនសម្រាប់គម្រោងទិញរថយន្តលើកដំបូង របស់រាជរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រានោះទេ ពោលគឺគម្រោងនេះនឹងផ្ដល់ជូនត្រឡប់មកវិញនូវប្រាក់ពន្ធប្រមាណ ៣ពាន់ដុល្លារ ទៅឲ្យអ្នកទិញរថយន្តដំបូង។

ដោយឡែក ចំពោះក្រុមហ៊ុនរថយន្តអគ្គសនី ដែលអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការលើកលែងពន្ធនាំចូលពីសំណាក់រាជរដ្ឋាភិបាលថៃបាន លុះត្រាតែក្រុមហ៊ុនទាំងនោះ មានផែនការច្បាស់លាស់ក្នុងបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសថៃ។ វិធានការគាំទ្ររបស់រដ្ឋាភិបាលនេះ គឺតម្រូវឱ្យក្រុមហ៊ុននាំចូលរថយន្តអគ្គិសនី ត្រូវផលិតរថយន្តឲ្យបានលើសពាក់កណ្ដាល នៃចំនួនយានយន្ដដែលបាននាំចូលទៅកាន់ប្រទេសថៃ។ សូមជម្រាបថា ក្រុមហ៊ុនរថយន្ដអគ្គិសនីត្រូវតែបង្កើតរោងចក្រក្នុងស្រុកថៃក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ បន្ទាប់ពីទទួលបានការលើកទឹកចិត្តក្រោមវិធានការរបស់រាជរដ្ឋាភិបាលថៃ។

សូមបញ្ជាក់ថា អត្រាពន្ធនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសថៃមានការខុសគ្នា។ ជាក់ស្ដែង រថយន្តអគ្គិសនី ដែលនាំចូលពីប្រទេសចិនទទួលបានអត្រាពន្ធ ០% ក្រោមកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសចិន និងប្រទេសថៃ។ ដោយឡែក រថយន្តអគ្គិសនីដែលនាំចូលពីកូរ៉េខាងត្បូងត្រូវត្រូវជាប់ពន្ធនាំចូល ៤០% ខណៈរថយន្តមកពីអឺរ៉ុបជាប់ពន្ធ ៨០%៕


អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសវៀតណាមនឹងបើកជើងហោះអន្តរជាតិទាំងអស់ឡើងវិញចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈតទៅ!

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានប្រកាសនឹងលុបចោលការវិធានការរឹតបន្តឹងកូវីដ១៩ របស់ខ្លួនលើជើងហោះហើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះត…

តំណាងពាក់ព័ន្ធវិស័យកសិកម្ម រួមគ្នាប្រែក្លាយវឌ្ឍនភាពកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព

ព័ត៌មាន
ក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC) និងអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) បានសហការបើកកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ