ប្រទេសថៃ ចង់សហការជាមួយវៀតណាម

ប្រទេសថៃ ចង់សហការជាមួយវៀតណាម ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោក


អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ថាណាខន វ៉ាប៊ូនគង់ឆាណា (Thanakorn Wangboonkongchana) បាននិយាយថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាពនៃការធ្វើការរួមគ្នាក្នុងការដំឡើងតម្លៃអង្ករ ដើម្បីបង្កើនអំណាចចរចារបស់ពួកគេនៅក្នុងទីផ្សារអង្ករពិភពលោក។ ស្របពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam ក៏បានជួបជាមួយមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ ដើម្បីពិភាក្សាអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ប្រទេសថៃ ចង់សហការជាមួយវៀតណាម ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោក

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Thanakorn បាន​និយាយ​ថា លោក​បាន​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន រួម​ទាំង​ការ​លើកកម្ពស់​សន្តិសុខ​ស្បៀង ដើម្បី​បង្កើន​តម្លៃ​កសិផល និង ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​រវាង​ប្រទេស​វៀតណាម​។

លោក Thanakorn បាន​អះអាង​ថា ការ​ពិភាក្សា​នេះ​គឺ​មាន​គោលបំណង​ឱ្យ​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​ទាំង​ពីរ​នេះ​ដំឡើង​តម្លៃ​អង្ក ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ និង ជំរុញ​អំណាច​ចរចា​របស់​ពួក​គេ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក បន្ទាប់​ពី​អង្ករ​បាន​ធ្លាក់​ចុះ​តម្លៃ​ទាប​អស់​រយៈពេល​ជាង ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​គិតគូរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ដឹក​ជញ្ជូន​កសិកម្ម ដើម្បី​ធានា​ការ​ដឹក​ជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​នៃ​ផលិតផល​ដែល​ងាយ​រង​ផល​ប៉ះពាល់​អំឡុង​ពេល​ដឹក​ជញ្ជូន​នៅ​តាម​ផ្លូវគោក និង តាម​ផ្លូវ​សមុទ្រ​រវាង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ទៅ​កាន់​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា នាយក​រដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​ណែនាំ​ភ្នាក់ងារ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​របស់​ថៃ ស្រប​ពេល​ដែល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ធូរស្រាល​នោះ គេ​ឃើញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ​កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ងើបឡើង​វិញ​នៃ​តម្រូវការ​ពិភពលោក​។ ម្យ៉ាងទៀត ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​បាត​កំពុង​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​។

លោក Alongkorn Ponlaboot ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង សហករណ៍​បាន​និយាយ​ថា តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​ពិភពលោក​មាន​កម្រិត​ទាប​ក្នុង​រង្វង់ ៣០០ ដុល្លារ ទៅ ៤០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​តោន​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មក​ហើយ ខណៈ​ដែល​តម្លៃ​ផលិតកម្ម​បាន​បន្ត​កើនឡើង​។

លោក Alongkorn បាន​និយាយ​ថា ប្រសិនបើ​ប្រទេស​ថៃ និង វៀតណាម ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដ៏​ធំ​របស់​ពិភពលោក ធ្វើការ​រួម​គ្នា ដើម្បី​ដំឡើង​តម្លៃ​អង្ករ ពួក​គេ​នឹង​មាន​អំណាច​ចរចា​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​ពាណិជ្ជកម្ម​អង្ករ​ពិភពលោក ហើយ​កសិករ​អង្ករ​របស់​ពួក​គេ​នឹង​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន​។

យ៉ាងណា​ម៉េ​ញ លោក Chookiat Ophaswongse ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ​បាន​បដិសេធ​ចំពោះ​វិធានការ​នេះ ដោយ​បាន​និយាយ​ថា ការ​នាំ​ចេញ​អង្ករ​គឺជា​ពាណិជ្ជកម្ម​សេរី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​ជាស​កល ហើយ​មិន​គួរ​ព្យាយាម​ដំឡើង​តម្លៃ​នោះ​ទេ ខណៈ​ឥណ្ឌា​ក៏​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​មួយ​ទៅ​កាន់​ទីផ្សារ​សកល​ជាង ២០​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ បើ​ធៀប​នឹង​ប្រទេស ថៃ និង វៀតណាម មានការ​នាំ​ចេញ​បាន​ត្រឹមតែ​ជាង ៦ លោ​ន​តោន​ប៉ុណ្ណោះ​។

លោក Chookiat បាន​ព្រមាន​ថា ប្រសិនបើ​ថៃ និង​វៀតណាម រួម​គ្នា​ដំឡើង​ថ្លៃ​អង្ករ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ប្រទេស​ផ្សេង​ទៀត​ជ្រើសរើស​ទិញ​អង្ករ​ពី​ឥណ្ឌា និង អ្នក​នាំ​ចេញ​អង្ករ​ផ្សេង​ទៀត ដូច​ជា​កម្ពុជា មី​យ៉ា​ន់​ម៉ា និង​ប៉ា​គី​ស្ថាន​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមត្រីអះអាងថា ទីផ្សារត្រីចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ និងរំពឹងកើនឡើងថែមទៀតនៅចុងឆ្នាំនេះ

ព័ត៌មាន
បន្ទាប់ពីរងបញ្ហាទីផ្សារធ្ងន់ធ្ងរនៅអំឡុងពេលកូវីដ១៩រាតត្បាតខ្លាំង បច្ចុប្បន្នទីផ្សារត្រីនៅកម្ពុជា ចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ ខណៈដែលខាងស…

UN បានជំរុញឲ្យប្រទេសចិន ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងអំពើភេរវកម្មរបស់ខ្លួន

ព័ត៌មាន
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល៍ បាច់ឆ៍លេត (Michelle Bachelet) បានធ្វើដំណើរទស្សនកិច្ចដ៏កម្ររបស់ខ្លួនទៅកាន់ប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ