កូនស្រីលោកថាក់ស៊ីនប្រកាសចូលរួមការបោះឆ្នោតនៅថៃជិតចូលមកដល់

កូនស្រីលោកថាក់ស៊ីនប្រកាសចូលរួមប្រជែងអំណាច ខណៈការបោះឆ្នោតនៅថៃជិតចូលមកដល់


កូនស្រីបង្កើតរបស់អតីតមេដឹកនាំថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស បានប្រកាសត្រៀមខ្លួន ដើម្បីឈរឈ្មោះប្រជែងតំណែងនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនៅខែឧសភាឆ្នាំ២០២៣នេះ ស្របពេលដែលបក្សប្រឆាំងដ៏ធំ និងមានឥទ្ធិពលក្នុងប្រទេសថៃកំពុងស្វែងរកពង្រឹងប្រជាប្រិយភាពឡើងវិញ ក្រោយការធ្វើរដ្ឋប្រហារកាលពី៨ឆ្នាំមុន។
ការបោះឆ្នោតនៅថៃជិតចូលមកដល់ហើយ!

នៅចំពោះមុខវត្តមានគូប្រជែងដ៏ធំ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឱ្យពលរដ្ឋថៃទៅបោះឆ្នោត និងជ្រើសរើសមេដឹកនាំឱ្យបានត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោកស្រី ផែតុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន និងជាក្មួយស្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងទៅគ្រប់គ្រងគណបក្សភឿថៃដើម្បីចូលប្រកួតប្រជែងក្នុងសង្វៀននយោបាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។

លោកស្រី ផែតុងថាន ស៊ីណាវ៉ាត្រា បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យ ទី១៥ មករា នៅភាគឦសានប្រទេសថៃថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ! យើងចង់ឲ្យគណបក្សភឿថៃឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដូច្នេះការសន្យាទាំងប៉ុន្មានរបស់យើងចំពោះប្រជាជនថៃនឹងអាចសម្រេចទៅបាន»។

មែនទែនទៅ គណបក្សភឿថៃគឺជាបក្សប្រឆាំងដ៏ធំមួយ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមវណ្ណៈកម្មករ និងប្រជាជននៅតាមទីជនបទ និងហើយក៏មានមួយចំនួននៅទីក្រុងផងដែរ។ ពិសេសក្នុងការបោះឆ្នោតឆ្នាំ២០១៩កន្លងទៅ បក្សភឿថៃទទួលបានអាសនៈភាគច្រើន ដែលជាការគាំទ្រពីពលរដ្ឋនៅតាមជនបទ ប៉ុន្តែនៅតែមិនអាចគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលបាន។

គួរជម្រាបថា លោកស្រី ផែតុងថាន អាយុ៣៦ឆ្នាំបានចូលរួមក្នុងបក្សភឿថៃកាលពីឆ្នាំមុន ហើយបើតាមការស្ទង់មតិក្នុងប៉ុន្មានខែចុងក្រោយនេះ លោកស្រីក៏កំពុងឈរនៅកំពូលតារាងនៃជម្រើសបេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃផងដែរ ពោលគឺនាំមុខលោក ប្រាយុទ្ធ ចាន់អូចា ទៅទៀតដែលបុរសខ្លាំងរូបនេះ កំពុងត្រៀមខ្លួនយកឈ្នះសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះផងដែរ។

សូមរំឭកបន្តិចថា ក្រោយពីរដ្ឋប្រហារនៅឆ្នាំ ២០១៤ ដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មន្ត្រីគ្រាក់ៗដែលស្មោះត្រង់នឹងលោក ស៊ីណាវ៉ាត្រា ក៏ដូចជាបក្សភឿថៃ ត្រូវបានក្រុមយោធាកាន់អំណាច និងតុលាការថៃដកតំណែងជាបន្តបន្ទាប់។ ក្នុងនោះ ទាំងលោកស្រី យីងឡាក់ និងថាក់ស៊ីន ក៏កំពុងភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារដែលត្រូវបានចោទប្រកាន់ដោយក្រុមយោធាផងដែរ។

យ៉ាងណាមិញ ជួនពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធកាលថ្ងៃចន្ទទី១៦មករា បានសម្តែងការព្រួយបារម្ភអំពីការបោះឆ្នោតនាពេលខាងមុខ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋថៃទាំងប្រុសស្រីទៅបោះឆ្នោតប្រកបដោយភាពឈ្លាតវៃផងដែរ។

នៅក្នុងសុន្ទរកថានៃពិធីប្រារព្ធទិវាគ្រូបង្រៀនកាលពីថ្ងៃចន្ទ លោក ចាន់អូចាបានថ្លែងថា៖ «ប្រទេសថៃនៅតែហ៊ុមព័ទ្ធដោយបញ្ហាដែលជះឥទ្ធិពលទៅអនាគត»។ លោកបន្តថា បញ្ហាទាំងនោះនឹងប៉ះពាល់ដល់ដំណើរការឆ្ពោះទៅមុខរបស់ប្រទេសនេះ ដូច្នេះការសម្រេចចិត្តដ៏ល្អគឺចាំបាច់ណាស់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៧ ខែឧសភាខាងមុខ។

លោកលើកទឹកចិត្តឱ្យប្រជាជនគួរតែពិចារណាដោយប្រុងប្រយ័ត្ន ដោយបន្តទៀតថា អ្វីដែលសំខាន់បំផុតក្នុងការចូលរួមការបោះឆ្នោតនោះ គឺការរើសយកមេដឹកនាំមួយដែលរួមចំណែកដល់កម្លាំងរឹងមាំ ដើម្បីរក្សាស្ថិរភាពរបស់ប្រទេស។

ការអត្ថាធិប្បាយរបស់លោក ប្រាយុទ្ធ នេះដែរធ្វើឡើងបន្ទាប់ពីលោកត្រូវបានចូលកាន់តំណែងជាសមាជិកគណបក្សរួបរួមជាតិថៃ (UTN) កាលពីថ្ងៃចន្ទសប្តាហ៍មុន។ លោកបានចូលរួមជាមួយគណបក្សនេះ បន្ទាប់ពីបានងាកចេញពីគណបក្សផាឡាង ប្រាឆារ៉ាត (PPRP) ដែលជាគណបក្សកំពុងកាន់អំណាចក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ៕




អត្ថបទបន្ទាប់


ការវិនិយោគអចលនទ្រព្យនៅចិនដាំក្បាលចុះជាលើកដំបូងក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានជួបនូវការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ ហើយក៏ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល២៣ឆ្នាំ…

រុស្ស៊ីសម្រេចបានអតិរេកគណនីចរន្ដដល់ទៅ ២២៧ពាន់លានដុល្លារនៅឆ្នាំ២០២២ ទោះរងទណ្ឌកម្មពីលោកខាងលិច

ព័ត៌មាន
យោងតាមរបាយការណ៍ធនាគារកណ្តាលរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអង្គារ៍ទី១៧មករាថា អតិរេកគណនីចរន្តរបស់រុស្ស៊ី ដែលជាតុល្យភាពនៃសាច់ប្រាក់ដែលហូរចូលមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ