ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ប្រមូលទិន្នន័យបាន៦០%ហើយ

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០%ហើយ ក្នុងក្របខណ្ឌទូទាំងប្រទេស


ក្រសួងផែនការបានរៀបចំធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ប្រមូលទិន្នន័យបាន ៦០ភាគរយហើយនៅទូទាំងប្រទេស គិតមកទល់ពេលនេះ។ ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២នេះ ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើកដំបូងនៅឆ្នាំ២០១១ ហៅថា ជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងពិធីបើកកិច្ចប្រជុំនៃគណៈកម្មាធិការជំរឿនសេដ្ឋកិច្ចនៅរាជធានីខេត្ត ស្តីពី ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២

មន្ត្រីជាន់ខ្ពស់​ក្រសួងផែនការ អះអាង​ថា ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច​មាន​សារៈសំខាន់​បំផុត ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវការ​ប្រើប្រាស់​ទិន្នន័យ សម្រាប់​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា និង​ផ្តល់​សូចនាករ​សម្រាប់​ចំណុច​ដៅ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០១៦-២០៣០​។

លោក ផ​ន ចិន្តា អគ្គលេខាធិការ​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​ប្រាប់​សារព័ត៌​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច ជា​ការងារ​ដ៏​ធំ និង​មាន​សារៈសំខាន់​ដូច​ជា អាច​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អង្គភាព​ទាំង​ខ្នាត​តូច មធ្យម និង ខ្នាត​ធំ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង អាច​ធ្វើការ​វាស់វែង​អំពី​គណនី​ភាព​ជាដើម​។  លោក ផ​ន ចិន្តា បាន​បញ្ជាក់​បន្ថែម​ថា ក្រសួងផែនការ​បានចុះ​ប្រមូល​ព័ត​មាន​ពី​អង្គភាព​សេដ្ឋកិច្ច​ទូ​ទាំង​ប្រទេស​គឺ​ចាប់តាំងពី​ថ្ងៃ​ទី ០១ ខែមីនា​មក​ម្ល៉េះ ហើយ​គិត​មក​ទល់​ពេល​នេះ ប្រមូល​ទិន្នន័យ​បាន​ប្រហែល ៦០% និង​កំពុង​បន្ត​ការ​ប្រមូល​ដើម្បី​ឲ្យ​ចប់​តាម​ការ​កំណត់​ដែល​បាន​គ្រោងទុក​។ 

ជំរឿន​សេដ្ឋកិច្ច​នេះ ធ្វើ​ឡើង​រយៈពេល ១០​ឆ្នាំ​ម្តង ហើយ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២២ នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ នៅ​ទូ​ទាំង​ប្រទេស​ដោយ​ត្រូវ​ប្រើប្រាស់​មន្ត្រី​សម្ភាសន៍​សរុប​ចំនួន​ប្រមាណ​៥​ពាន់​នាក់​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​បញ្ជាក់​ថា ផ្អែក​លើ​របាយការណ៍​លទ្ធផល​បឋម​ស្តី​ពី​ការ​ស្រង់​បញ្ជី​អង្គភាព​សេដ្ឋកិច្ច នៅ​តាម​រាជធានី​ខេត្ត​ទាំង​២៥ បានឱ្យ​ដឹង​ថា មាន​ចំនួន​អង្គភាព​សេដ្ឋកិច្ច​សរុប​ជាង ៧​សែន​៤​ម៉ឺន ទីតាំង​មូលដ្ឋាន នៅ​ឆ្នាំ​២០២១ ក្នុង​ទូ​ទាំង​ប្រទេស​។ ចំនួន​អង្គភាព​សេដ្ឋកិច្ច បាន​កើន​ទ្បើ​ង​ប្រមាណ ៤៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១ (​ជំរឿន​សហគ្រាស​ឆ្នាំ​២០១១) ហើយ​បាន​កើន​ទ្បើ​ង​ប្រមាណ ៤៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ (​ទិន្នន័យ​អង្កេត​ចន្លោះ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១៤)​។

ជាមួយ​គ្នា​នេះ ទិន្នន័យ​ទាំងអស់​ដែល​បាន​មក​ពី​ជំរឿន​សេដ្ឋកិច្ច គឺជា​ទិន្នន័យ​ពិតប្រាកដ ដែល​បាន​មក​ពី​គ្រប់​អង្គភាព​សេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និង​សេវាកម្ម​ផ្សេង​ៗ​។ ហើយ​លទ្ធផល​ទិន្នន័យ​ដែល​បាន​មក​ពី​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច នឹង​ត្រូវ​បាន​ប្រើប្រាស់​ដ៏​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ផង​ដែរ​៕

 អត្ថបទ សោម ស្រី​ពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកព្រមានចិនចំៗថា ប្រយ័ត្ននាំទុក្ខដាក់ខ្លួន បើហ៊ានជួយរុស្ស៊ីគេចពីទណ្ឌកម្ម

ព័ត៌មាន
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន(Jake Sullivan) បានព្រមានត្រង់ៗទៅកាន់ប្រទេសចិនថា អាចប្រឈមមុខនឹងផលវិបាកខ្លួនឯង បើ…

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីបង្កើនការបាញ់មីស៊ីលដល់ក្បែរព្រំដែនប៉ូឡូញ ខណៈកិច្ចចរចានៅតែបន្តរៀបចំ

ព័ត៌មាន
កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាននិងកំពុងបន្តធ្វើឡើងកាន់តែខ្លាំង ជាក់ស្តែងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមប្រតិភូចរចា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ