តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត

សម្តេច ហ៊ុន សែន៖ ការសាងសង់ផ្លូវមួយចំនួន តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត


ការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវណាមួយ គឺជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ ដែលទាមទារឲ្យមានការដោះស្រាយពីរាជរដ្ឋាភិបាល ឬក្រុមហ៊ុនសាងសង់។ កត្តានេះបានធ្វើឲ្យការចំណាយលើការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវមានការរីកប៉ោងកាន់តែធំ។ ជាក់ស្តែង បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ការសាងសង់ផ្លូវមួយចំនួនតម្លៃដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ គឺមានការចំណាយច្រើនជាងការចំណាយលើការសាងសង់ផ្លូវទាំងមូលទៅទៀត។
សម្តេច ហ៊ុន សែន៖ ការសាងសង់ផ្លូវមួយចំនួន តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត

ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាការងារអាទិភាពមួយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៅមន្ទីរពេទ្យកុមារជាតិកាលពីព្រឹកថ្ងៃទី២០ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ការស្ថាបនាផ្លូវមួយចំនួននៅកម្ពុជា តម្លៃនៃការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ គឺថ្លៃជាងតម្លៃនៃការស្ថាបនាផ្លូវទាំងមូលទៅទៀត។ ផ្លូវដែលសម្តេចតេជោអះអាងថា មានតម្លៃដោះស្រាយសំណងធំជាងតម្លៃផ្លូវទាំងមូល រួមមាន ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវជាតិលេខ១ជាដើម ដែលជាជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលការដោះស្រាយសំណងជូនប្រជាពលរដ្ឋមានពីររបៀប គឺដោះស្រាយសំណងក្រោមគោលការណ៍ស្ម័គ្រចិត្ត និងអនុវត្តតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់កាលពីពេលកន្លងមកថា ការស្ថាបនា ឬពង្រីកផ្លូវមួយ គឺជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ ដែលទាមទារឲ្យមានការជួយសម្របសម្រួល និងដោះស្រាយពីរាជរដ្ឋាភិបាល ឬក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចាត់ទុកកត្តានេះថា បានធ្វើឲ្យការចំណាយលើការស្ថាបនា ឬលើកកម្រិតគុណភាពផ្លូវមានការរីកប៉ោងកាន់តែធំ។ ជាក់ស្តែង ផ្លូវក្រវាត់ក្រុងទី៣ មានចម្ងាយជាង៥០គីឡូម៉ែត្រប៉ុណ្ណោះ គ្រោងចំណាយរហូតដល់ប្រមាណ៣០០លានដុល្លារអាមេរិក។

ទោះជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំង ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាវិស័យដ៏សំខាន់មួយ ដែលបម្រើឲ្យការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ដែលសុទ្ធសឹងបម្រើឲ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ ក្រោយគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គេសង្កេតឃើញថា វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលធ្វើឲ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល៕




អត្ថបទបន្ទាប់


តើចរន្ដនៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានៅត្រីមាសទី១ឆ្នាំនេះ មានការវិវត្តយ៉ាងណាដែរ?

ព័ត៌មាន
នៅរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣ ចំនួនហោះហើរតាមផ្លូវអាកាសរបស់កម្ពុជា មានដល់ជាង ១ម៉ឺន២ពាន់ជើងជាចំនួនកើនឡើងយ៉ាងគំហុក បើធៀបនឹងត្រីមាសទី១…

តម្លៃប្រេងធ្លាក់ចុះ នៅពេលដែលមានក្ដីបារម្ភអំពីតម្រូវការ ហើយប្រាក់ដុល្លារអាមេរិកឡើងថ្លៃ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះក្នុងទីផ្សារអាស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលតម្លៃប្រាក់ដុល្លារអាមេរិកបានកើនឡើងដោយសារមានការរំពឹងទុកថានឹងមានការដំឡើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ