កម្ពុជានាំចេញកៅស៊ូនៅត្រីមាសដំបូងឆ្នាំនេះកើនខ្ពស់

កម្ពុជានាំចេញកៅស៊ូនៅត្រីមាសដំបូងឆ្នាំនេះកើនខ្ពស់ ប៉ុន្ដែតម្លៃនៅមិនទាន់មានស្ថិរភាពល្អនៅឡើយ


នៅរយៈពេល ៣ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ១៦៨លានដុល្លារ មានការកើនជាង ៤២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទោះការនាំចេញមានការកើនឡើងក៏ពិតមែន ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា តម្លៃទីផ្សារកៅស៊ូនៅតែមិនទាន់មានស្ថានភាពល្អនៅឡើយនោះទេនៅដើមឆ្នាំ២០២៣នេះ។
កម្ពុជានាំចេញកៅស៊ូនៅត្រីមាសដំបូងឆ្នាំនេះកើនខ្ពស់ ប៉ុន្ដែតម្លៃនៅមិនទាន់មានស្ថិរភាពល្អនៅឡើយ
ដោយ

ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូនៅត្រីមាសទីមួយឆ្នាំ២០២៣នេះ ហាក់មានការកើនឡើងជាងឆ្នាំមុន។ តួយ៉ាង តាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបង្ហាញថា នៅ៣ខែដំបូងនេះ កម្ពុជាសម្រេចបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិមានចំនួនជាង ៦ម៉ឺន៥ពាន់តោន កើនឡើងចំនួនជាង ៤ពាន់តោន ស្មើនឹង ៦,៨% ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូ សម្រេចបានចំនួន ២ ៣០០ ម៉ែត្រគូប។

បើតាម ឯកឧត្តម ហ៊ឹម អូន ទោះបីជាការនាំចេញបានបង្ហាញនូវសញ្ញាវិជ្ជមានក៏ពិតមែន ប៉ុន្តែតម្លៃនៃការនាំចេញកៅស៊ូវិញនៅតែមិនទាន់មានស្ថានភាពល្អនៅឡើយ ដោយនៅតែបន្តធ្លាក់ចុះនៅដើមឆ្នាំ២០២៣នេះ។ ពោលគឺតម្លៃលក់ជ័រកៅស៊ូជាមធ្យមគិតចាប់ពីដើមឆ្នាំរហូតមកដល់ខែមីនាឆ្នាំ២០២៣នេះ លក់បានក្នុងតម្លៃប្រមាណ ១ ៣៥១ដុល្លារក្នុងមួយតោន បានថយចុះចំនួន ២៤៣ដុល្លារក្នុងមួយតោន ឬស្មើនឹងប្រមាណ ១៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ កត្តាដែលធ្វើឲ្យតម្លៃកៅស៊ូបន្តមានការធ្លាក់ចុះនេះ ត្រូវបានឯកឧត្តម ហ៊ឹម អូន អះអាងថា ដោយសារកម្ពុជាពឹងផ្អែកទីផ្សារខាងក្រៅចំពោះទីផ្សារកៅស៊ូពិភពលោកដែលមានស្ថានភាពធ្លាក់ចុះ ខណៈដែលតម្រូវការក៏មានទាបជាងការផ្គត់ផ្គង់។ ជាងនេះទៅទៀត ការដំឡើងអាត្រាការប្រាក់របស់សហរដ្ឋអាមេរិកក្នុងការរិតបន្តឹងចរាចរប្រាក់ដុល្លា និងបញ្ហាសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ផលប៉ះពាល់រវាងចិននិងអាមេរិកអំពីភូមិសាស្រ្តនយោបាយក៏បានជះឥទ្ទិពលដល់តម្លៃទីផ្សារកៅស៊ូកម្ពុជាផងដែរ។

ដោយឡែក ចំពោះការប្រមូលផល និងការដាំដុះដំណាំកៅស៊ូវិញ ឯកឧត្តម ហ៊ឹម អូន បញ្ជាក់ថា ដោយសារអាកាសធាតុប្រែប្រួល ដោយនៅឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង ដូចនេះទិន្នផលកៅស៊ូនៅឆ្នាំនេះអាចនឹងទទួលបានក្នុងបរិមាណទាបផងដែរ។ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាវិញ មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។

សូមបញ្ជាក់ថា ការនាំចេញផលិតផលកសិផលនៅត្រីមាសទី១ឆ្នាំនេះ សម្រេចបានប្រាក់ចំណូលជាង ១ពាន់២រយលានដុល្លារ កើនឡើងប្រមាណ ១៣៥លានដុល្លារ ឬស្មើនឹងជាង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០២។ ក្នុងនោះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ១៦៨លានដុល្លារ មានការកើនជាង ៤២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកា៧លានដុល្លារទៀត ពីលើការចំណាយ២០០លានដុល្លារសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ព័ត៌មាន
កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយការចំណាយនេះមិនរ…

អ្នកជំនាញរំពឹងថា តម្លៃអចលនទ្រព្យ និងការអភិវឌ្ឍនៅខេត្តកោះកុងនឹងកើនឡើង ក្រោយព្រលានយន្ដហោះតារាសាគរបើកដំណើរការ

ព័ត៌មាន
បើគ្មានការប្រែប្រួលទេអាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១នៅខេត្តកោះកុង នឹងបើកឲ្យហោះហើរសាកល្បងនៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់ពីបានពន្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ