បំណុលបរទេស

អ្នកជំនាញ៖ កម្ពុជានៅមានលទ្ធភាពក្នុងការខ្ចីបំណុលពីបរទេស ប៉ុន្ដែត្រូវយកចិត្តទុកដាក់លើប្រសិទ្ធនៃការប្រើប្រាស់


គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈរបស់កម្ពុជា ដែលបានខ្ចីពីក្រៅប្រទេសទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីមានចំនួនសរុបជិត១០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីកម្រិតបំណុលក្រៅប្រទេសរបស់កម្ពុជាមានការកើនឡើងក្ដី ប៉ុន្ដែអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចជឿជាក់ថា កម្ពុជានៅតែត្រូវខ្ចីលុយពីក្រៅប្រទេសបន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យចាំបាច់មួយចំនួនទៀត។
រូបភាពពីលើអាកាសបង្ហាញពីការអភិវឌ្ឍន៍នៅកម្ពុជា (រូបភាព៖ ស៊ិនហួ)

សម្រាប់អ្នកជំនាញកម្រិតសន្និធិបំណុលសាធារណៈរបស់កម្ពុជាក្នុងទំហំជិត១០ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ គឺនៅតែជាចំនួនមួយមានកម្រិតទាប និងអាចគ្រប់គ្រងបាននៅឡើយទេ មិនទាន់ចោទជាបញ្ហានោះឡើយ។ ប៉ុន្ដែ រាជរដ្ឋាភិបាល ក៏ត្រូវយកចិត្តទុកដាក់លើប្រសិទ្ធនៃការប្រើប្រាស់បំណុលទាំងនេះផងដែរ។

របាយការណ៍ស្តីពីព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យឃើញថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង៩ពាន់៨រយលានដុល្លារអាមេរិក ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស។ បំណុលសាធារណៈទាំងនេះកម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគីមាន៦៨% និងក្របខណ្ឌពហុភាគីមាន៣២%។ ប្រទេសចិន នៅតែជាម្ចាស់បំណុលដ៏ធំរបស់កម្ពុជាដដែលទំហំទឹកប្រាក់បំណុលប្រមាណ៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជាង៤០% នៃបំណុលសរុប។

ពាក់ព័ន្ធសន្និធិបំណុលសាធារណរបស់កម្ពុជានេះដែរ លោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ឃើញថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាក្នុងទំហំជិត១០ពាន់លានដុល្លារនេះ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន។ ដូច្នេះកម្ពុជាអាចនៅមានលទ្ធភាពក្នុងខ្ចីបំណុលពីក្រៅប្រទេសបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធ និងវិស័យចាំបាច់មួយចំនួនទៀតដែលសំដៅដល់ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។ សម្រាប់អ្នកជំនាញរូបនេះកម្ពុជានៅតែត្រូវការខ្ចីបំណុលពីបរទេស ដើម្បីអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ច ដ្បិតថា បច្ចុប្បន្នប្រាក់ចំណូលរបស់កម្ពុជានៅមានទំហំតូចជាងការចំណាយនៅឡើយ។ ប៉ុន្តែកម្ពុជាគួរខ្ចីបំណុល ដែលមានការផ្តល់ភាពអនុគ្រោះ និងកម្រិតសម្បទានខ្ពស់ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗ។

ស្រដៀងគ្នានេះ លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា កម្ពុជានៅមានលទ្ធភាពច្រើនទៀតក្នុងការខ្ចីបំណុលពីក្រៅប្រទេសសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍លើវិស័យសំខាន់ៗតាមតម្រូវការចាំបាច់របស់ខ្លួន។ ព្រោះថាសន្និធិបំណុលសាធារណៈរបស់កម្ពុជានៅមានកម្រិតទាបនៅឡើយ ពោលគឺនៅទាបជាង៥០% នៃផលិតផលក្នុងស្រុកសរុប។ សម្រាប់អ្នកជំនាញរូបនេះ អ្វីដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋត្រូវគិតគូ និងយកចិត្តទុកដាក់តាមដាននោះ ថាតើការខ្ចីបំណុលទាំងនោះយកមកដើម្បីអ្វី និងប្រើប្រាស់មានប្រសិទ្ធភាពកម្រិតណា។

ពាក់ព័ន្ធបញ្ហាបំណុលសាធារណៈរបស់កម្ពុជានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានគូសបញ្ជាក់កាលពីពេលថ្មីៗថា កម្ពុជាបានដាក់ពិដានក្នុងការខ្ចីបំណុលពីបរទេសចំនួន៤០% នៃផលិតផលក្នុងស្រុកសរុប ខណៈមកទល់បច្ចុប្បន្នកម្ពុជាទើបខ្ចីបំណុលពីបរទេសមានតម្លៃប្រមាណ២៣% តែប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប។ ដូច្នេះ កម្ពុជានៅមានលទ្ធភាពខ្ពស់ទៀតក្នុងការកៀរគរទុនហិរញ្ញប្បទានពីបរទេស ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍លើវិស័យនានាពិសេសហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនដាក់ខ្លួនចូលអន្លាក់បំណុលរបស់ប្រទេសណាមួយនោះទេ ហើយកម្ពុជាក៏មិនដែលគិតថា ប្រទេសម្ចាស់បំណុលប្រើប្រាស់កម្ចីហិរញ្ញប្បទាន ដើម្បីដាក់អន្ទាក់មកលើកម្ពុជានោះដែរ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាបដដែល ទោះបីសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងកត្តាខាងក្រៅទៀតក្តី។ ឯកឧត្តមបានគូសបញ្ជាក់ថា កត្តាដែលជួយឲ្យកម្ពុជាអាចរក្សាបានចីរភាពបំណុលសាធារណៈគឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ជាពិសេសកម្ពុជាបានដាក់ចេញនូវគោលការណ៍៥ចំណុចសំដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈនិងការវិនិយោគបំណុលសាធារណៈ។

គោលការណ៍ទាំង៥ចំណុចនោះរួមមានទី១. ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២.ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់ ទី៣.ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ទី៤.ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាព ខ្ពស់បំផុត; និងទី៥ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្ដង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រាបៀរ Heineken® នាំមកជូននូវការប្រគំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធដ៏ប្លែកអស្ចារ្យ!

ព័ត៌មាន
បន្ទាប់​ពីអវត្តមានអស់​រយៈ​ពេល​ពីរ​ឆ្នាំកន្លងមកនេះ ការប្រគំតន្រ្ដី Raveground ​នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់…

ទឹកប្រាក់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមបន្តធ្លាក់ចុះ ៤៤% នៅរយៈពេល៥ខែឆ្នាំ២០២២

ព័ត៌មាន
ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល ខណៈបញ្ហាអាកាសធាតុ ក៏ជាបញ្ហាមួយទៀតសម្រាប់វិស័យកសិកម្ម នាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ