កម្ពុជានាំចូលស្រាបៀរ និងស្រាចម្រុះកើនឡើង១៣៨% នៅឆ្នាំ២០២២

កម្ពុជានាំចូលស្រាបៀរ និងស្រាចម្រុះកើនឡើង១៣៨% នៅឆ្នាំ២០២២ ទោះមានវត្តមានរោងចក្រផលិតស្រាបៀរក្នុងស្រុកកើនឡើងក្ដី


ស្របពេលឆ្នាំ២០២២ជាឆ្នាំ ដែលកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញពីវិបត្តិជំងឺកូវិដ-១៩ បានជំរុញឲ្យតម្រូវ និងការប្រើប្រាស់គ្រឿងស្រវឹង ដូចជា ស្រាបៀរ និងស្រាចម្រុះនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង នៅឆ្នាំ២០២២កន្លងទៅ ការនាំចូលស្រាបៀរ និងស្រាចម្រុះរបស់កម្ពុជាមានទំហំ២៦លានដុល្លារកើនឡើង១៣៨% បើធៀបនឹងការនាំចូលកាលពីឆ្នាំ២០២១។
កម្ពុជានាំចូលស្រាបៀរ និងស្រាចម្រុះកើនឡើង១៣៨% នៅឆ្នាំ២០២២ ទោះមានវត្តមានរោងចក្រផលិតស្រាបៀរក្នុងស្រុកកើនឡើងក្ដី

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២កន្លងទៅកម្ពុជាបាននាំចូលស្រាបៀរ និងស្រាចម្រុះ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងស្រុកក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ កើនឡើង១៣៨% បើធៀបនឹងទំហំនាំចូលកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែ១១លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មយល់ឃើញថា កត្តាដែលជំរុញឲ្យការនាំចូលស្រាបៀរ និងស្រាចម្រុះមានការកើនឡើងខ្លាំងនៅឆ្នាំ២០២២ គឺដោយសារ ឆ្នាំ២០២២ ជាឆ្នាំដែលកម្ពុជាបើកប្រទេសឲ្យដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តវិធានសុខាភិបាលយ៉ាងតឹងរ៉ឹង សំដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១ ដែលយនាពេលនោះមានតំបន់ខ្លះត្រូវបានបិទខ្ទប់។ ពេលបើកប្រទេសឡើងវិញ ពិធីមង្គលការ ក៏ដូចជាពិធីជប់លៀង និងជួបជុំគ្នា ក៏មានច្រើននាំឲ្យតម្រូវការភេសជ្ជ: គ្រឿងស្រវឹងក៏មានការកើនឡើងខ្លាំងផងដែរ។

ឯកឧត្តមបានបន្ថែមយ៉ាងដូច្នេះថា៖«យើងមានរោងចក្រផលិតស្រាបៀរក្នុងស្រុក តែការនាំចូលនៅតែមានច្រើនបង្គួរ គឺដោយសារមានតម្រូវការច្រើន, ម៉ាកខ្លះយើងមិនទាន់មាន និងស្រាចម្រុះខ្លះមិនទាន់ដល់កម្រិតដែលអតិថិជនអាចយកទៅប្រើប្រាស់ក្នុងពិធីមួយចំនួនបានជាដើម បើទោះបីស្រាបៀរ និងស្រាចម្រុះមួយចំនួនដែលផលិតក្នុងស្រុកមានគុណភាពស្របតាមស្តង់ដារអន្តរជាតិក៏ដោយ»។

បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ គ្រឿងស្រវឹងមិនមែនជាទំនិញហាមឃាត់នោះទេ តែរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចមិនលើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋសេពគ្រឿងស្រវឹងនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ចតែងតែចេញសារអប់រំមួយចំនួន សំដៅកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា។

កំណើនទំហំនាំចូលគ្រឿងស្រវឹងនេះ ត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា គឺដោយសារឆ្នាំ២០២២ ជាឆ្នាំដែលរាជរដ្ឋាភិបាលបើកទូលាយសម្រាប់ការជួបជុំ រៀបចំកម្មវិធីនានាបានដូចធម្មតាឡើងវិញ ដែលធ្វើឲ្យតម្រូវការគ្រឿងស្រវឹងមានកើនឡើង វាខុសពីឆ្នាំ២០២១ ដែលរាជរដ្ឋាភិបាលបានរឹតត្បិតការជួបជុំ និងពិសាគ្រឿងស្រវឹង ដើម្បីបង្កាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។

សម្រាប់អ្នកជំនាញរូបនេះ កំណើនទំហំនាំចូលគ្រឿងស្រវឹងនៅឆ្នាំ២០២២ ជាចំនួនតិចតួចប៉ុណ្ណោះ ពោលគឺបើធៀបនឹងទំហំនាំចូលកាលពីឆ្នាំ២០១៩ ចំនួននេះមានការធ្លាក់ចុះជាង២៦% ឯណោះ ដោយកាលនោះកម្ពុជាបាននាំចូលគ្រឿងស្រវឹងក្នុងទំហំទឹកប្រាក់ជិត៣៦លានដុល្លារ។

ពាក់ព័ន្ធផលិតកម្មស្រាបៀរនៅកម្ពុជា យើងសង្កេតឃើញថា ក្រៅពីរោងចក្រដែលមានស្រាប់ មានរោងចក្រផលិតស្រាបៀរថ្មីៗមួយចំនួនត្រូវបានបង្កើតឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង កាលពីឆ្នាំ២០២១បើទោះបីសេដ្ឋកិច្ចកម្ពុជាបានរងការទន្ទ្រានពីវិបត្តិកូវីដ-១៩ តែមានរោងចក្រស្រាបៀរ ដែលមានតម្លៃវិនិយោគខ្ទង់រយលានដុល្លារចំនួនពីរត្រូវបានបង្កើតឡើងរួមមាន រោងចក្រ Vattanac Brewery ដែលមានតម្លៃវិនិយោគ១៤០លានដុល្លារ និងរោងចក្រ Hanuman Beverages ដែលមានទុនវិនិយោគប្រមាណ១៦០លានដុល្លារអាមេរិក។ ក្រៅពីរោងចក្រទាំងពីរនេះ កម្ពុជាមានរោងចក្រផលិតស្រាបៀរធំៗមួយចំនួនទៀតដែលបាននិងកំពុងដំណើរការផលិតយ៉ាងសកម្មរួមមាន រោងចក្រផលិតស្រាបៀរអង្គរ របស់ក្រុមហ៊ុន Cambrew, រោងចក្រផលិតស្រាបៀរកម្ពុជា របស់ក្រុមហ៊ុនជីបម៉ុង និងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន Heineken ជាដើម។

ទន្ទឹមនឹងការ ការលក់គ្រឿងស្រវឹងមានសកម្មភាពផុសផលខ្លាំងនៅលើទីផ្សារ វិស័យនេះ ក៏រងនូវការរិះគន់ពីពលរដ្ឋផងដែរ ដ្បិតថា ការសេពគ្រឿងស្រវឹង បានធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដែលបង្កជាមួយផ្នែកមួយ ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយចុះ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកាលពីពេលកន្លងទៅ ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន៣០ ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០ ក្នុងនោះ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ គឺស្ថិតនៅក្នុងចំណោមលំដាប់ជួរមុខគេ តួយ៉ាងដូចជា ក្រុមហ៊ុនផលិតស្រាបៀរ Heineken និងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាជាដើម៕




អត្ថបទបន្ទាប់


មហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០របស់កម្ពុជា នឹងមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ

ព័ត៌មាន
កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺមិនអាចខ្វះការចូលរួមពីវិស័យឯកជនបានឡើយ!! មន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្…

ក្រុមអាជីវករថា ចរន្តទិញលក់ដែក និងគ្រឿងសំណង់នៅកម្ពុជានៅតែបន្តធ្លាក់ចុះ បើទោះបីសេដ្ឋកិច្ចហាក់ល្អប្រសើរជាងមុនក្តី

ព័ត៌មាន
ចរន្តទិញលក់ដែកនិងគ្រឿងសំណង់នៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានខ្លាំងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីសេដ្ឋកិច្ច និងការឆ្លងរាតត្បាតនៃជំងឺកូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ