ប្លុកប្រជែងគ្នារវាងអាមេរិក និងចិន

ប្រសិនបើមានការចែកជាប្លុកប្រជែងគ្នារវាងអាមេរិក និងចិន តើមួយណានឹងអាចទាញបានផលចំណេញច្រើនបំផុត?


ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបច្ចុប្បន្នកំពុងប្រេះឆាកាន់តែខ្លាំង និងមិនទាន់មានសញ្ញាណាមួយថា នឹងអាចរកឃើញការផ្សះផ្សាគ្នាបាននៅឡើយទេ។ មានសំណួរសំខាន់ចោទឡើងថា ចុះប្រសិនបើទំនាក់ទំនង មហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ នៅតែបន្ដបែបនេះ និងអាចឈានទៅដល់ការចែកប្លុកគ្នាក្ដោបក្ដាប់ឥទ្ធិពល តើមួយណា នឹងរងផលប៉ះពាល់ជាង ហើយមួយណានឹងចំណេញជាង?
ទង់ជាតិប្រទេស ចិន និងទង់ជាតិ សហរដ្ឋអាមេរិក
ដោយ

ប្រសិនបើ​ភាព​ប្រេះឆា​រវាង​អា​មេ​រិ​ក និង​ចិន នៅ​តែ​បន្ដ​ទៅ​មុខ ជាមួយនឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ត្រូវ​បាន​រៀបចំ​ឡើង​វិញ ជា​ជាង​ការ​កាត់​ផ្ដាច់​ទាំងស្រុង នោះ​ផលវិបាក ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​មានការ​រំខាន​ច្រើន​ទៅ​លើ​ប្លុក​ចិន ជា​ជាង​ប្លុក​អា​មេ​រិ​ក​។​នេះ​បើ​យោង​តាម​ការ​អះអាង​ពី ស្ថាប័ន​មូលធន​សេដ្ឋកិច្ច (Capital Economics) របស់​អង់គ្លេស​។ តើ​មក​ពី​ហេតុផល​អ្វីខ្លះ ទើប​ស្ថាប័ន​ស្រាវជ្រាវ​របស់​អង់គ្លេស​មួយ​នេះ ហ៊ាន​អះអាង​បែប​នេះ?

Story: បើ​យើង​មើលទៅ​លើ​របាយការណ៍​របស់ ស្ថាប័ន​មូលធន​សេដ្ឋកិច្ច (Capital Economics) ដែល​ត្រូវ​បាន​ស្រង់​មក​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ផ្អែក​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សកលលោក សរុប​មាន ២១៧ ប្រទេស និង​ដែនដី ដែល​ទទួលស្គាល់​ដោយ ធនាគារពិភពលោក រួម​ទាំង​កោះ​តៃវ៉ាន់​ផង​នោះ គឺ​មាន​ចំនួន ១១៤ ប្រទេស និង​ដែនដី​ទៅ​ហើយ គឺ​ស្ថិត​ក្នុង​ប្លុក​សេដ្ឋកិច្ច​អា​មេ​រិ​ក ខណៈ​ចំនួន ៩០​ទៀត ស្ថិត​ក្នុង​ប្លុក​សេដ្ឋកិច្ច​ចិន​។

របាយការណ៍​របស់ ស្ថាប័ន​មូលធន​សេដ្ឋកិច្ច Capital Economics បាន​កំណត់​បញ្ជាក់​ទៀត​ថា បើ​ទោះបីជា ប្លុក​ចិន មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ប្លុក​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្ដែ ប្លុក​ចិន​កាន់កាប់​ប្រមាណ ២៥% នៃ GDP របស់​ពិភពលោក​ប៉ុណ្ណោះ ខណៈ​ប្លុក​អា​មេ​រិ​ក កាន់កាប់​ដល់​ទៅ ៦៨% នៃ GDP សរុប​។

របាយការណ៍​ដដែល​នេះ បាន​គូសបញ្ជាក់​ថា បើ​ទោះបីជា ប្លុក​ចិន មាន​ចំនួន​ប្រទេស​ច្រើន​នៅ​ក្នុង​ជំរុំ​របស់​ខ្លួន​ក៏​ដោយ ប៉ុន្ដែ ភាគច្រើន​គឺជា​ប្រទេស​តូច​ៗ បើ​គិត​ក្នុង​លក្ខខណ្ឌ​សេដ្ឋកិច្ច ហើយ​ចិន នៅ​តែ​ពឹងផ្អែក​ច្រើន​ណាស់​ទៅ​លើ ប្លុក​ប្រទេស​លោក​ខាងលិច ទាំង​តម្រូវការ​ចុង​ក្រោយ និង​ធាតុ​ចូល​សម្រាប់​សេដ្ឋកិច្ច​។

របាយការណ៍​របស់​ស្ថាប័ន​មូលធន​សេដ្ឋកិច្ច ដែល​សរសេរ​ដោយ​សេដ្ឋកិច្ចវិទូ​លោក Julian Evans និង Mark Williams បាន​បង្ហាញ​ទៀត​ថា ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​ធំ​បំផុត ពី​ការ​បែកបាក់​ទំនាក់ទំនង​នេះ គឺ ការ​ធ្វើ​ពាណិជ្ជកម្ម​តែ​ម្ដង​។

លើស​ពី​ពាក់កណ្តាល​នៃ ជំនួញ​ពាណិជ្ជកម្ម​សកលលោក គឺ​កើត​មាន​ឡើង​នៅ​ក្នុង​ប្លុក​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ប្លុក​ចិន គឺ​មាន​ទំហំ​ត្រឹមតែ ៦% នៃ​ជំនួញ​សកលលោក​នេះ ហើយ​ក្នុង​នោះ​ទៀត​សោត ៤០% គឺជា​ការ​ជួញដូរ​រវាង ចិន និង​ទីក្រុង ហុង កុង​។

ប្រភព​ដដែល​នេះ បាន​ធ្វើការ​សន្និដ្ឋាន​សំខាន់​មួយ​ថា ប្លុក​ចិន នៅ​មានការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ តម្រូវការ​ទីផ្សារ​របស់​ប្លុក​អា​មេ​រិ​ក ដោយ​ការ​នាំ​ចេញ ៥៩% របស់​ប្លុក​ចិន គឺ​ទៅ​កាន់​ប្លុក​អា​មេ​រិ​ក ហើយ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​ប្លុក​អា​មេ​រិ​ក ទៅ​កាន់​ប្លុក​ចិន​វិញ គឺ​ត្រឹមតែ ១៥% ប៉ុណ្ណោះ​។

នៅ​ក្នុង​ចំណោម​សេដ្ឋកិច្ច​ធំ​ៗ​កំពូល​ទាំង ៥០ នៅ​លើ​សកលលោក គឺ​មាន​ចំនួន ៤៣ ទៅ​ហើយ​ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ ពឹងផ្អែក​ខ្លាំង​ទៅ​លើ តម្រូវការ​ទីផ្សារ និង​ផលិតកម្ម ក្នុង​ប្លុក​អា​មេ​រិ​ក​។

បើ​គិត​ជា​មធ្យម បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ ទទួល​បាន​ចំណែក ១២% នៃ GDP ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់ ប្លុក​អា​មេ​រិ​ក ហើយ​ពួក​គេ​ក៏​បាន​ចំណាយ​រង្វង់ ១២% នៃ GDP ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ប្លុក​អា​មេ​រិ​ក​ផង​ដែរ​។ យ៉ាងណាមិញ ទំនាក់ទំនង​ដដែល​នេះ ជាមួយនឹង ប្លុក​ចិន វិញ គឺ​មាន​ជា​មធ្យម​ត្រឹមតែ ៤% នៃ GDP ប៉ុណ្ណោះ​។

សូម​ជម្រាប​ដែរ​ថា ទំនាក់ទំនង​ប្រេះឆា​រវាង អា​មេ​រិ​ក និង​ចិន ចាប់ផ្តើម​នៅ​ក្នុង​អាណត្តិ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ ហើយ​វា​រីក​កាន់តែ​ធំ នៅ​ក្នុង​អាណត្តិ​លោក ចូ បៃ​ឌិន ដែល​បញ្ហា​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ក៏​ចូលរួម​ចំណែក​មួយ​ផ្នែក​ផង​ដែរ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លែស្រកានាគវៀតណាម កំពុងរងទុក្ខជាថ្មីទៀត ក្រោយចិនហាមឃាត់ការនាំចូល

ព័ត៌មាន
ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២១នេះ ហាក់មិនសូវរលូនប៉ុន្មានទេ ដោយសារតែចិនមានការរឹតត្បិតកាន់តែខ្លាំង ក្រោយពេលប្រទ…

សហភាពអឺរ៉ុបគ្រោងចំណាយ ៣៥ពាន់លានដុល្លារ ដើម្បីបង្កើតស្ថាប័នសុខភាពថ្មីមួយ

ព័ត៌មាន
គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាប្រមាណ ៣៥ពាន់លានដុល្លារ ក្នុងការបើកដំណើរការនូវស្ថាប័នសុខភាពថ្មីមួយ ដែលត្រូវបានហៅថា អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ