កំណើនសេដ្ឋកិច្ច នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ធនាគារពិភពលោកបន្ទាបការព្យាករសេដ្ឋកិច្ចចិន ប៉ុន្ដែបង្កើនការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក


ធនាគារពិភពលោក (World Bank) បានបង្កើនការព្យាករពីកំណើនសេដ្ឋកិច្ច នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន ក្នុងរង្វង់ ៥,៣% នៅឆ្នាំ២០២២ ដោយសារតែសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសជាច្រើនក្នុងតំបន់នេះ បានចាប់ផ្ដើមងើបស្ទុះឡើងវិញ ពីវិបត្តិកូវីដ១៩ ខណៈកាលពីខែមេសាកន្លងទៅ ធ្លាប់បានព្យាករថានឹងមានកំណើនត្រឹម៤,៨%ប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រទេសចិនវិញ ត្រូវបានធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចនៅឆ្នាំ២០២២ មកនៅត្រឹមអត្រាកំណើន ២,៨% ប៉ុណ្ណោះ ខណៈកាលពីខែមេសាធ្លាប់ព្យាករថានឹងមានកំណើន៥%។
ធនាគារពិភពលោកបន្ទាបការព្យាករសេដ្ឋកិច្ចចិន ប៉ុន្ដែបង្កើនការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ការបន្ទាបការព្យាករសេដ្ឋកិច្ចចិននេះ ដោយសារសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសចិនបានធ្លាក់ចុះ ព្រោះតែការអនុវត្តវិធានការគ្មានកូវីដ១៩ ដែលបានបន្ទច់បង្អាក់ផលិតកម្មឧស្សាហកម្ម និងសេវាកម្ម ក្នុងស្រុក និងការនាំចេញ។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក។

យោងតាមរបាយការណ៍អំពី បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានព្យាករពីកំណើនសេដ្ឋកិច្ច នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន មានក្នុងរង្វង់ ៥,៣% នៅឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២១មានកំណើន២,៦%។ ក៏ប៉ុន្ដែ ប្រទេសចិន ដែលសេដ្ឋកិច្ចមានទំហំ ៨៦% នៃ ផលិតផលសរុប(GDP) របស់ ២៣ប្រទេសក្នុងតំបន់ ត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើនត្រឹម ២,៨% ប៉ុណ្ណោះ ធៀបទៅនឹង ៨,១% ក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រួមបញ្ចូលទាំងប្រទេសចិន ត្រូវបានព្យាករថា នឹងមានកំណើនត្រឹម ៣,២% ក្នុងឆ្នាំ២០២២ ថយចុះពី ៧,២% ក្នុងឆ្នាំ២០២១ ដោយសារតែសេដ្ឋកិច្ចរបស់ចិន ធ្លាក់ចុះក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទទួលបានកំណើនខ្ពស់នៅក្នុងឆ្នាំ២០២១។ លើសពីនេះ ការអនុវត្តគោលនយោបាយសូន្យកូវីដ នៅប្រទេសចិន បានបង្កភាពអាក់ខានដល់ផលិតកម្មឧស្សាហកម្ម និងសេវាកម្ម ដល់ការលក់ដូរក្នុងស្រុក និងដំណើរការនាំចេញ ផងដែរ។ លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានគូសបញ្ជាក់ថា សេដ្ឋកិច្ចបាននិងកំពុងស្តារស្ថានភាពឡើងវិញ នៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ លោកស្រីបន្តទៀតថា ទន្ទឹមគ្នានឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរ នូវគោលនយោបាយអន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។

ដោយឡែក លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិកនៃធនាគារពិភពលោក បានថ្លែងថា អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយ បញ្ហាអតិផរណា និងការជួយអន្តរាគមន៍ ឲ្យសេដ្ឋកិច្ចងើបឡើងវិញ។ លោក Aaditya Mattoo បានគូសបញ្ជាក់ថា វិធានការគ្រប់គ្រង និងការឧបត្ថម្ភធនធ្វើឲ្យព័ត៌មានតម្លៃមានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះ គោលនយោបាយកាន់តែល្អ សម្រាប់ស្បៀងអាហារ ឥន្ធនៈ និងហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង។

បើតាមការបញ្ជាក់របស់ធនាគារពិភពលោក កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនសម្រេចបានអាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ក៏ប៉ុន្តែ ការប្រើប្រាស់វិធានការគ្មានកូវីដ១៩ របស់ប្រទេសចិន គឺជាឧបសគ្គរាំងស្ទះដល់សកម្មភាពងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដល់ទៅ ៤,៨%

ព័ត៌មាន
របាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក បានបង្កើនការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះដល់កំណើន ៤,៨% ខណៈកាលពីខែមេសាស្ថាប័នហិរញ្ញវត្ថុ…

អឺរ៉ុបស៊ើបអង្កេតពីការវាយប្រហារបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ដែលបង្ហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប

ព័ត៌មាន
ប្រទេសអឺរ៉ុបកំពុងស៊ើបអង្កេតនូវអ្វីដែលប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតបាននិយាយថា គឺជាការវាយប្រហារដែលបានបណ្តាលឱ្យមានការលេចធ្លាយឧស្ម័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ