ការប្រមូលទិញផ្លែមៀន

រដ្ឋ នៅតែបន្ដយុទ្ធនាការប្រមូលទិញមៀនប៉ៃលិនពីកសិករ


គិតមកទល់ពេលនេះ មានរយៈពេលជិតកន្លះខែហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទិញផ្លែមៀនប៉ៃលិនពីកសិករ ហើយយុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិននេះនៅតែបន្ដធ្វើដដែល នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ។ យ៉ាងណាមិញ នៅជុំទី១នេះ ក្រុមការងាររបស់រដ្ឋាភិបាល បានចុះប្រមូលទិញផ្លែមៀនពីកសិករផ្ទាល់ជិត ២ពាន់តោន ខណៈដែលយុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែនពីក្រុមកសិករនៅតែបន្តដដែល ។ ជាទូទៅ ផ្លែមៀនប៉ៃលិន ឬតាង៉ែន ដែលក្រុមកសិករ អាចលក់បានមានតម្លៃចាប់ពី ២ពាន់រៀល ទៅ ២ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម។
ក្រុមការងារ​លោកនាយក​រដ្ឋមន្ត្រី និង​អាជ្ញាធរ ​ចុះ​​ប្រមូល​ទិញ​ផ្លែ​មៀន ពី​កសិករ​នៅក្នុង​ខេត្ត​បាត់ដំបង។ រូបថត៖ ឯកឧត្តម ហ៊ីង ប៊ុនហៀង

ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យុទ្ធនាការ ក្នុង​ការ​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន របស់​ខ្លួន ដើម្បី​ជួយ​សម្រួល​ទីផ្សារ​ដល់​កសិករ ដែល​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន  នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ក្រោយ​ពី​ផ្លែ​មៀន​ប៉ៃលិន​ទាំងនោះ មិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ថៃ​បាន​។ ជា​ជំហាន​ដំបូង​នៃ​យុទ្ធនាការ​នេះ ក្រុមការងារ​របស់​រដ្ឋាភិបាល បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន ជិត ២​ពាន់​តោន ដោយ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែសីហា​។ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា អគ្គនាយក​ក្រុមហ៊ុន ឡេ​ង ណា​វ៉ា​ត់​ត្រា ជា​អ្នក​បន្ត​នូវ​សកម្មភាព​ទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះ ដោយ​លោក​បាន​ចាប់ផ្ដើម​បន្ត​យុទ្ធនាការ​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន ពី​កសិករ ក្នុង​ខេត្តបាត់ដំបង តាំងពី​ថ្ងៃ​ទី​៣ ខែកញ្ញា មក​។

ដោយឡែក សម្រាប់​ផ្លែ​មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន ដែល​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា បាន​ប្រមូល​ទិញ​ផ្ទាល់​ពី​ក្រុម​កសិករ ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ដទៃ ត្រូវ​បាន​យក​មក​លក់​បន្ត នៅ​តាម​ទីតាំង​ជា​ច្រើន ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​ខេត្តសៀមរាប និង​តាកែវ ផង​ដែរ ក្នុង​តម្លៃ ១​ពាន់​៩​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមការងារ​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន នៅ​ជុំ​ទី​១ ត្រូវ​បាន​បញ្ចប់ ដោយ​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា គឺជា​អ្នក​ចុះ​ប្រមូល​ទិញ​ផ្ទាល់​ពី​កសិករ បន្ត​ពី​ក្រុមការងារ​រដ្ឋាភិបាល​កម្ពុជា​។ លោក សេង ឌី​លី​ន ក្រុមការងារ​ប្រមូល​ទិញ​ផ្លែ​មៀន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា កន្លង​មក ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ផ្ទាល់​ពី​ក្រុម​កសិករ​ជី​ត​២​ពាន់​តោន ភាគច្រើន គឺជា​ផ្លែ​មៀន​របស់​កសិករ ក្នុង​ខេត្តបាត់ដំបង ដែល​រួមចំណែក​ជួយ​សម្រួល​ដល់​កសិករ ក្នុង​ខេត្ត​នេះ ប្រមាណ​៩០% ឯណោះ​។

លោក ឈឹ​ម វិ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា ខេត្តបាត់ដំបង ជាទី​តាំង​ក្នុង​ការ​ប្រមូល​ទិញ​ផ្លែ​មៀន ដូច្នេះ ផ្លែ​មៀន​ភាគច្រើន​ដែល​ប្រមូល​ទិញ​កន្លង​មក គឺជា​ផ្លែ​មៀន​របស់​កសិករ ក្នុង​ខេត្តបាត់ដំបង ដោយឡែក ផ្លែ​មៀន​របស់​កសិករ ខេត្ត​ដទៃ ដែល​ជួប​បញ្ហា​ប្រឈម ក្រុមការងារ​ក៏​បាន​ចុះ​ប្រមូល​ទិញ​មួយ​ចំនួន​ដែរ​។ បើ​តាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង សព្វថ្ងៃ ផ្លែ​មៀន​ប៉ៃលិន ដែល​ក្រុមការងារ​រដ្ឋាភិបាល​ប្រមូល​ទិញ មាន​តម្លៃ ២​ពាន់​រៀល ទៅ ២​ពាន់​៥​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។

ចំណែក​លោក សួន ជុំ អនុ​គណៈកម្មាធិការ​ខាង​ដំណាំ​មៀន​ប៉ៃលិន ក្នុង​ខេត្ត​ប៉ៃលិន យល់​ថា ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​កសិករ ដែល​រដ្ឋាភិបាល​បាន​គិតគូ ដល់​កសិករ និង​បាន​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ យ៉ាង​មាន​ប្រសិទ្ធភាព​។ ដ្បិតថា យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ភាគច្រើន បាន​ប្រមូល​ទិញ​ផ្លែ​មៀន របស់​កសិករ នៅ​ខេត្តបាត់ដំបង តែ​យ៉ាងណា​លោក សួន ជុំ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា សព្វថ្ងៃ ផ្លែ​មៀន​ប៉ៃលិន ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ មិនសូវ​មានការ​កកស្ទះ នោះ​ទេ ព្រោះ​បច្ចុប្បន្ន ក៏​មាន​ឈ្មួញ​មួយ​ចំនួន បាន​ចុះ​ទិញ​ដែរ​។

សូម​បញ្ជាក់​ថា កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន សរុប​ជាង​១​ម៉ឺន​៣​ពាន់​ហិ​កតា ដែល​អាច​ប្រមូល​ផល​បាន​ជិត ៧​ពាន់​ហិ​កតា​។ ដោយឡែក បរិមាណ​នៃ​ការ​ប្រមូល​ផល​សរុប ក្នុងឆ្នាំនេះ មាន​ប្រមាណ ១១​ម៉ឺន​តោន​។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងជាង៩០ ដែលមានទុនសរុបជាង២,៥ពាន់លានដុល្លារ នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ប៉ុន្តែយើងសង្កេតឃើញថា ចរន្តវិនិយោគលើគម្រោងថ្មីៗ នៅកម្ពុជាពីសំណាក់វិនិយោគិនជាតិ និង អន្តរ…

គោ ក្របី ជិត៤ម៉ឺនក្បាលបានឆ្លង និងជិត ៤០០ក្បាលងាប់ ដោយសារជំងឺដុំពកស្បែក

ព័ត៌មាន
ជំងឺដុំពកស្បែកលើសត្វគោ ក្របី កំពុងឆ្លងរាតត្បាតកាន់តែខ្លាំងលើសត្វគោ ក្របី ស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយ។ គិតមកដល់ពេលនេះ មានសត្វគោ ក្របី រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ