បច្ចេកវិទ្យា-នវានុវត្តន៍-ឌីជីថល

សហគ្រិនបច្ចេកវិទ្យា កែវ រស្មី មានមហិច្ឆតាធ្វើឌីជីថលភាវូបនីយកម្មសហគមន៍នៅកម្ពុជា


ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានឹងមានសក្ដានុពលដ៏អស្ចារ្យសម្រាប់ភាពជោគជ័យ ខណៈដែលវិស័យភស្តុភារ (Logistics) នៅក្នុងប្រទេសកម្ពុជាបានងាកទៅរកប្រព័ន្ធឌីជីថល។ នេះបើតាមការបញ្ជាក់របស់សហគ្រិនបច្ចេកវិទ្យាមួយរូបនេះដែលបាននិងកំពុងធ្វើនវានុវត្តន៍កម្មវិធីបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យភស្តុភារ (Logistics) នេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
លោក កែវ រស្មី ស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ឧទ័យ ថេកណឡជី (UDAYA Technology)។
ដោយ

លោក កែវ រស្មី គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ឧទ័យ ថេកណឡជី (UDAYA Technology) ដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ លោកជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក កែវ រស្មី បានប្រឡូកក្នុងវិស័យការងារនៅស្ថាប័នឯកជនពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦។ ប៉ុន្តែដោយសារតែលោកជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកមធ្យោបាយនានាដើម្បីចូលរួមចំណែកដល់សង្គម លោកក៏បានក្លាយជាសហគ្រិន រហូតឈានដល់ការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ឧទ័យ នេះឡើងក្នុងឆ្នាំ ២០១០។

លោក កែវ រស្មី បានរៀបរាប់ពីដំណើរដ៏វែងឆ្ងាយនៃការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យានេះឡើង ជាមួយនឹងបេសកកម្មក្នុងការក្លាយជាដៃគូទំនើបកម្មបច្ចេកវិទ្យាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍សម្រាប់ទាំងអស់គ្នា។ 

លោកមានប្រសាសន៍ថា៖ «អ្វីៗទៅមុខដូចដែលយើងបានធ្វើតាមផែនការ ប៉ុន្តែ នៅពេលយើងដំណើរការ វាលំបាកខ្លាំងណាស់ ដោយសារដំបូងៗ យើងមានបុគ្គលិកតិចនាក់បំផុត យើងខំទាំងត្រដាបត្រដួស ដោយសារតែពេលនោះវាជាលើកដំបូងដែលយើងឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យា ហើយ យើងក៏មិនសូវទទួលបានអតិថិជនច្រើនប៉ុន្មានដែរ។»

ក្រុមហ៊ុន ឧទ័យ ថេកណឡជី បង្កើត​ដំបូងនៅឆ្នាំ២០១០ កាលណោះ មានបុគ្គលិកតែ ១២នាក់ ឥឡូវបានរីកធំមានបុគ្គលិកជិត ៧០នាក់ ។

ដំបូងឡើយ ក្រុមហ៊ុន ឧទ័យ ថេកណឡជី មានបុគ្គលិកត្រឹមតែ ១២ នាក់ប៉ុណ្ណោះ ដោយលោក រស្មី គឺជាអ្នកគ្រប់គ្រងទូទៅ ដែលសកម្មក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន រីឯស្ថាបនិកនិងវិនិយោគិនផ្សេងទៀតជា«ដៃគូមិនចេញមុខ» ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានពង្រីកប្រតិបត្តិការរបស់ខ្លួន រហូតមានបុគ្គលិកជិត ៧០នាក់ ដែលភាគច្រើនជាយុវជនវ័យក្មេងៗ មានទេពកោសល្យ និងប្រកបដោយថាមពល ឧទ័យ ថេកណឡជី ក៏មានការិយាល័យកណ្តាលធំទូលាយសមរម្យ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក កែវ រស្មី មានប្រសាសន៍ថា ខណៈពេលដែលបច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសង្គម កម្ពុជា សក្ដានុពលមានគ្រប់ទិដ្ឋភាព និងគ្រប់វិស័យ ដូច្នេះ "ចក្ខុវិស័យរបស់យើងគឺរួមចំណែកធ្វើឱ្យសង្គម និងជីវិតសហគមន៍កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាទំនើប"។

ដោយមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងទីផ្សារ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមតាមរយៈសមាហរណកម្មនៃបច្ចេកវិទ្យាដែលអាចជួយឱ្យសង្គមទទួលបានអត្ថប្រយោជន៍ អតិបរមាពីសម័យឌីជីថលរូបនីយកម្ម។ 

លោកនាយកគ្រប់គ្រងបានបន្ថែមទៀតថា «ឌីជីថលភាវូបនីយកម្ម គឺផ្ដល់ប្រយោជន៍ច្រើនណាស់ដល់យើងទាំងអស់គ្នា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើសព្វថ្ងៃនេះ ហើយវាក៏ជាទស្សនវិស័យរៀងរាល់ថ្ងៃរបស់យើងផងដែរ។» 

ចក្ខុវិស័យរបស់យើងគឺរួមចំណែកធ្វើឱ្យសង្គម និងជីវិតសហគមន៍កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាទំនើប
— កែវ រស្មី ស្ថាបនិក ឧទ័យ ថេកណឡជី

ក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គម (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល មានសារសំខាន់ក្នុងការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាធ្វើសមាហរណកម្មនៅក្នុងសង្គមឌីជីថល ហើយដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានរំខានដល់មជ្ឈដ្ឋានសង្គមកន្លងមក ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់នៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងនិន្នាការឆ្ពោះទៅរកបច្ចេកវិទ្យាដែលកំពុងបង្កើនល្បឿន និងលើសពីការរំពឹងទុក។

ក្រុមហ៊ុន ឧទ័យ ថេកណឡជី កំពុងផ្តោតសំខាន់ទៅលើការច្នៃប្រឌិតនិងធ្វើទំនើបកម្មកម្មវិធីឌីជីថល ដើម្បីបម្រើវិស័យផ្សេងៗ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាជនកាន់តែយល់ដឹងកាន់តែច្បាស់អំពីបច្ចេកវិទ្យា។

ជាមួយនឹងកម្មវិធីវេជ្ជសាស្ត្រអេឡិចត្រូនិករបស់ខ្លួន ឧទ័យ ថេកណឡជី សង្ឃឹមថានឹងជួយជំរុញវិស័យសុខាភិបាលឱ្យមានសក្ដានុពលពេញលេញ ដោយមានការគាំទ្រពីកម្មវិធីឌីជីថលរបស់ខ្លួន។ នៅពេលកកើតដំបូងៗ ឧទ័យ ថេកណឡជី ផ្តោតសំខាន់ទៅលើវិស័យសុខាភិបាល ដោយសារសក្តានុពលដ៏ខ្លាំងក្លានៃវិស័យនេះ ហើយនៅពេលនោះ លោក កែវ រស្មី បានតាំងចិត្តយ៉ាងមុតមាំថា នឹងធ្វើឱ្យវិស័យនេះមានការផ្លាស់ប្ដូរ។

ចក្ខុវិស័យរបស់ ឧទ័យ ថេកណឡជី គឺរួមចំណែកធ្វើឱ្យសង្គម និងជីវិតសហគមន៍កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាទំនើប ។

សហគ្រិនវ័យ៤០ឆ្នាំរូបនេះបានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំមើលឃើញកាលពីឆ្នាំ២០១០ គឺថា មានការត្អូញត្អែរជាច្រើនអំពីវិស័យសុខាភិបាលនៅកម្ពុជា។ ខ្ញុំបានសួរខ្លួនឯងថា ក្នុងនាមជាសហគ្រិនម្នាក់ តើខ្ញុំអាចប្រើចំណេះដឹងរបស់ខ្ញុំយ៉ាងដូចម្ដេច ដើម្បីរួមចំណែកជួយដល់សង្គមរបស់យើង ? ដូច្នេះហើយទើបខ្ញុំចាប់ផ្ដើមបេសកកម្មមួយដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ដោយប្រើចំណេះដឹងរបស់ខ្ញុំ និងបច្ចេកវិទ្យា ដើម្បីបង្កើតប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រដ៏ល្អនិងរឹងមាំមួយ។» 

លោក រស្មី បានបន្ថែមថា «ខ្ញុំជឿជាក់ថា ប្រសិនបើមន្ទីរពេទ្យនិងគ្លីនិកទាំងអស់មានប្រព័ន្ធគ្រប់គ្រងល្អ ពួកគេនឹងអាចកែលម្អប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់ខ្លួន ដោយសារវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យនឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់ខ្លួន។ យើងនាំយកបទពិសោធន៍ថ្មីមកជូនវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យសម្រាប់ការបំពេញការងាររបស់ពួកគេ ព្រមទាំងកែលម្អប្រតិបត្តិការធុរកិច្ចរបស់មន្ទីរពេទ្យនិងគ្លីនិក ឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងលឿនរហ័សជាងមុន។» 

ឌីជីថលភាវូបនីយកម្ម គឺផ្ដល់ប្រយោជន៍ច្រើនណាស់ដល់យើងទាំងអស់គ្នា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើសព្វថ្ងៃនេះ ហើយវាក៏ជាទស្សនវិស័យរៀងរាល់ថ្ងៃរបស់យើងផងដែរ
— កែវ រស្មី ស្ថាបនិក ឧទ័យ ថេកណឡជី

ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) របស់ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ដែលដំបូងឡើយអាចកត់ត្រាត្រឹមតែឈ្មោះនិងអាយុរបស់អ្នកជំងឺប៉ុណ្ណោះ ឥឡូវនេះត្រូវបានធ្វើនវានុវត្តន៍កាន់តែទំនើបហើយកំពុងត្រូវបានប្រើប្រាស់ដោយមន្ទីរពេទ្យនិងគ្លីនិកជាង៤០ (ទាំងរដ្ឋ និងឯកជន) ដែលភាគច្រើនជាមន្ទីរពេទ្យដែលមានកេរ្តិ៍ឈ្មោះល្បីស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនកំពុងតែរៀបចំគម្រោងពង្រីកការដាក់ពង្រាយកម្មវិធីឌីជីថលនេះទៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែមានភាពរីកចម្រើនស្របតាមឌីជីថលភាវូបនីយកម្ម។

ស្របពេលជាមួយគ្នានេះផងដែរ ជំងឺរាតត្បាតសាកលកូវីដ-១៩បានរុញច្រានកំណើនយ៉ាងគំហុកនៅក្នុងឧស្សាហកម្មភស្តុភារ នៅកម្ពុជា ហើយក្រុមហ៊ុន ឧទ័យ ថេកណឡជី បានទាញយកអត្ថប្រយោជន៍ពីការ រីកចម្រើនយ៉ាងឆាប់រហ័សនេះ តាមរយៈបច្ចេកវិទ្យារបស់ខ្លួន ដោយពង្រីកវិសាលភាពនៃការបម្រើ​សេវាកម្មរបស់ខ្លួនទៅក្នុងវិស័យភស្តុភារផងដែរ។ 

លោក កែវ រស្មី បានលើកឡើងថា «សេវាកម្មនិងវិស័យភស្តុភារនៅក្នុងប្រទេសកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានមោទនភាពដែលបានដើរតួនាទីសំខាន់នៅក្នុងចំណែកនៃកំណើននេះ។ យើងមានសុទិដ្ឋិនិយមថា សង្គមកម្ពុជានឹងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងនេះថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយយើងកំពុងខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីជំរុញនិន្នាការនេះ។» 

សព្វថ្ងៃ ក្រុមហ៊ុន ឧទ័យ ថេកណឡជី កំពុងផ្ដល់កម្មវិធីឌីជីថលនិងជួយសម្រួលដល់ចរាចរណ៍កញ្ចប់បញ្ញើជាង៣លានកញ្ចប់តាមរយៈបច្ចេកវិទ្យាឌីជីថលភស្តុភាររបស់ខ្លួនក្នុងមួយខែៗ ដែលជាតួលេខបានកើនឡើងបួនដង បើធៀបនឹងតួលេខក្នុងឆ្នាំ២០២០។ 

លោក រស្មី បានបន្ថែមយ៉ាងដូច្នេះថា «ការចូលរួមរបស់ ឧទ័យ ថេកណឡជី នៅក្នុងវិស័យសុខាភិបាលនិងវិស័យភស្តុភារមានតម្លៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ហើយថែមទាំងផ្ដល់នូវគំនិតថ្មីៗ និងបទពិសោធន៍សំខាន់ៗ ដែលអនុញ្ញាតឱ្យយើងអាចនឹងពង្រីកទៅកាន់វិស័យសក្ដានុពលផ្សេងទៀត។» 

លោកបានមានប្រសាសន៍ថា នៅពេលដែលក្រុមហ៊ុនបានចូលជ្រៅទៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដោយការច្នៃប្រឌិតប្រព័ន្ធគ្រប់គ្រងឌីជីថលទំនើបៗនិងសម្បូរបែប ដើម្បីផ្តល់សេវាកម្មទៅដល់ក្រុមហ៊ុនអាជីវកម្មលើវិស័យជាច្រើនទៀត ដូចជា វិស័យការថែទាំសុខភាព ភស្តុភារ គណនេយ្យ អប់រំ បដិសណ្ឋារកិច្ច និងស្វ័យប្រវត្តិកម្មឧស្សាហកម្ម ព្រមទាំងប្រព័ន្ធផលិតបេតុងឆ្លាតវៃ (Smart Batching Plant) បន្ថែមទៀតផងដែរ ៕




អត្ថបទបន្ទាប់


នៅត្រីមាស១ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង១៥ម៉ឺននាក់ កើនជាង១១៤%

ព័ត៌មាន
បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានថមថយ និងបើកសង្គម-សេដ្ឋកិច្ច ឡើងវិញ សន្ទុះនៃអ្នកដំណើរបរទេសចូលមកកម្ពុជា មានការស្ទ…

វិស័យផ្លូវថ្នល់នឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ជាមួយ រ៉ូឡូកិនបង្ហាប់ថ្នល់ DYNAPAC ពីប្រទេសស៊ុយអែត

ព័ត៌មាន
(ភ្នំពេញ)៖ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ខេអិន ស៊ីជី បានបើកសម្ពោធ រ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ម៉ូដែល DRS1…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ