កំពង់ផែទេសចរណ៍ខេត្តកំពត

ក្រសួងសាធារណការជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោយមានការយឺតយ៉ាវ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត បង្កើនល្បឿនសាងសង់របស់ខ្លួនបន្ថែម បន្ទាប់ពីការសាងសង់ហាក់មានភាពយឺតយ៉ាវខ្លាំង។ ការជំរុញពន្លឿនការងារសាងសង់នេះ គឺដើម្បីឲ្យការសាងសង់កំពង់ផែនេះ អាចបញ្ចប់តាមពេលវេលាដែលក្រុមហ៊ុនបានសុំពន្យារនៅត្រឹមខែមិថុនា ឆ្នាំ២០២២ ខណៈតាមផែនការដំបូងកំពង់ផែនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រួតពិនិត្យការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត

បច្ចុប្បន្ន​កំពង់​ផែ​ទេសចរណ៍​ដែល​មាន​តម្លៃ​ជាង​៩​លាន​ដុល្លារ​មួយ​នេះ សម្រេចការ​សាងសង់​បាន​ជាង​៩០% ហើយ ក្រោយ​ចំណាយពេល​សាងសង់​ជិត​៤​ឆ្នាំ​កន្លង​មកនេះ​។

ក្នុងអំឡុងពេល​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​សាងសង់​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​កំពង់​នេះ​ជ្រើសរើស​កម្មករ និង​បង្កើន​វេន​ធ្វើការ​បន្ថែម ក្រោយ​ឯកឧត្តម​មើលឃើញ​ពី​ភាពយឺត​យ៉ាវ​ក្នុង​ការ​សាងសង់​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​នេះ​ជាង​ការ​រំពឹង​ទុក​។

ទោះ​យ៉ាងណា នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​កំពង់​ផែ​ខាងលើ​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​បញ្ចប់​ការ​សាងសង់​កំពង់​ផែ​នេះ​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ខាង​មុខ​នេះ​។ ប៉ុន្តែ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មិន​រំពឹង​ថា ក្រុមហ៊ុន​នេះ​អាច​បញ្ចប់​ការ​សាងសង់​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ប្តេជ្ញា​នោះ​ឡើយ​។ ក្រោយ​ពិនិត្យ​មើល​សមិទ្ធផល និង​លទ្ធភាព​ជាក់ស្តែង ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្រេច​ពន្យារពេល​សាងសង់​ឲ្យ​ក្រុមហ៊ុន​នេះ​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២២​។ 

បច្ចុប្បន្ន​កំពុង​ផែ​ទេសចរណ៍​ដែល​មាន​តម្លៃ​ជាង​៩​លាន​ដុល្លារ​មួយ​នេះ សម្រេចការ​សាងសង់​បាន​៩៣% ហើយ ក្រោយ​ចំណាយពេល​សាងសង់​ជិត​៤​ឆ្នាំ កន្លង​មកនេះ​។ តាម​គម្រោង​កំពង់​ផែ​នេះ​គ្រោង​បញ្ចប់​ការ​សាងសង់​តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ធ្លាប់​បាន​សម្រេច​ពន្យារពេល​ឲ្យ​ក្រុមហ៊ុន​ដល់​ដំណាច់ឆ្នាំ​២០២១ ហើយ​បន្ដ​ពន្យារពេល​រហូត​មក​ទល់​បច្ចុប្បន្ន​។ ការ​ពន្យារពេល​ជា​បន្តបន្ទាប់​នេះ គឺ​បន្ទាប់​ពី​មានការ​រំខាន​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មាន​កម្មករ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​ដោយសារ​ខ្លាច​ជំងឺ​រាតត្បាត​នេះ​។

កំពង់​ផែ​នេះ​សាងសង់​លើ​ផ្ទៃ​៤​ហិ​កតា ស្ថិត​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ដែល​មាន​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពត​។ បើ​តាម​របាយការណ៍​របស់ ADB ស្តី​ពី​ទេសចរណ៍​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​(GMS) ក្រោយ​កំពង់​ផែ​ទេសចរណ៍​នេះ​បើក​ដំណើរការ នឹង​អាច​ផ្តល់​សេវាកម្ម​ទេសចរណ៍​ជូន​ភ្ញៀវ​អន្តរជាតិ និង​ក្នុងស្រុក​បាន​ប្រមាណ ៣៦​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងសៀងហៃនឹងកាត់បន្ថយពន្ធសរុប ២២ពាន់លានដុល្លារ សម្រាប់អាជីវកម្មរង ប៉ះពាល់ដោយសារកូវីដ១៩

ព័ត៌មាន
ក្នុងកាលៈទេសៈនេះ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដ៏ខ្លាំងក្លា ទីក្រុងសៀងហៃ គ្រោងនឹងដាក់ចេញនូវគោលនយោបាយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួ…

IMF ព្យាករថា អតិផរណាកើនឡើងដល់ចុងឆ្នាំ២០២២ ខណៈតម្លៃដឹកជញ្ជូនកើនកាន់តែខ្ពស់

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនថា តម្លៃដឹកជញ្ជូនខ្ពស់ជាងមុនកំពុងជំរុញឱ្យអតិផរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ