ការនាំចេញផ្លែមៀនប៉ៃលិន

តើដំណើរការនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនវិវត្តដល់ណាហើយ?


រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកិច្ចការងារបច្ចេកទេសក្នុងការនាំចេញមៀនប៉ៃលិនពីកម្ពុជាទៅកាន់ទីផ្សារចិនឲ្យបានឆាប់ៗនេះ ដើម្បីជួយជំរុញកំណើននាំចេញ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះឈានដល់ពិនិត្យ និងវាយតម្លៃគុណភាពមៀន និងរោងចក្រសម្លាប់សមាសភាពចង្រៃដោយផ្ទាល់ហើយ។
ទិន្នផលផ្លែមៀនរបស់ខេត្តប៉ៃលិន (រូបភាព៖សហគមន៍ផលិតផលមៀនប៉ៃលិន)

មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន និង​បាត់ដំបង​រំពឹង​ថា ទីផ្សារ និង​តម្លៃ​មៀន​ប៉ៃលិន ដែល​ជួប​បញ្ហា​ធ្លាក់​ថ្លៃ និង​កង្វះ​ទីផ្សារ នឹង​មាន​ភាពល្អ​ប្រសើរ ប្រសិនបើ​អាច​នាំ​ចេញ​ត្រង់​ទៅ​ចិន ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ី​។ ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ប្រមាណ​៧០% ភាគច្រើន​នាំ​ចេញ​ទៅ​ថៃ និង​វៀតណាម ខណៈ​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជាង​២​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​។ 

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថ្មី​ៗ​នេះ​ថា ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ចិន បាន​ឈាន​ដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់ សម្លាប់​សមាសភាព​ចង្រៃ​។ អគ្គ​រដ្ឋបាល​គយ​ចិន នឹង​វាយតម្លៃ វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​កម្ពុជា​ពី​ចម្ងាយ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​។ ទោះបី​យ៉ាងនេះ​ក្តី ការ​ចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ ការ​វាយតម្លៃ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ស​ប្តា​ហ៍​ទី​១​នៅ​ខែមករា ឆ្នាំ​២០២២ ដោយ​ជ្រើសរើស​ចម្ការ​តំណាង​មួយ​ចំនួន និង​រោងចក្រ​ចំនួន​១​នៅ​ខេត្ត​ប៉ៃលិន​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម បាន​ក្រើនរំលឹក​ថា ដើម្បី​មាន​លទ្ធភាព​ចរចា​បើក ទីផ្សារ​ឱ្យ​បាន​លឿន​ឈាន​ដល់​ការ​អនុញ្ញាត​នាំ​ចូល​ទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ស្ដង់ដារ​គុណភាព និង​សុវត្ថិភាព​ឱ្យ​បាន​ពេញលេញ ដែល​ទាមទារ​ឱ្យ​ម្ចាស់​ចម្ការ ត្រូវ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​តាម​គោលការណ៍​នៃ​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ត្រូវ​មានការ​វិនិយោគ​សាងសង់​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដារ​កំណត់​ឱ្យ​បាន​គ្រប់គ្រាន់​។

លោក អែម សុ​ភឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ចំពោះ​ទីផ្សារ​ចិន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ទីផ្សារ​មៀន​ប៉ៃលិន​របស់​កម្ពុជា ដែល​កំពុង​ជួប​បញ្ហា​រឿង​តម្លៃ និង​កង្វះ​ទីផ្សារ​។ លោក​ជឿជាក់​ថា ទីផ្សារ​និង​តម្លៃ​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​នឹង​មាន​ភាពល្អ​ប្រសើរ​ប្រសិនបើ​កម្ពុជា​អាច​នាំ​ចេញ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ី​។

ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ភាគច្រើន​ពឹង​លើ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ទីផ្សារ​មៀន​ប៉ៃលិន​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រប់ពេលវេលា​ប្រសិនបើ​មានការ​បិទ ឬ​រឹត​បន្តឹង​តាម​ព្រំដែន​ពី​ប្រទេស​ទាំង​ពីរ​។ កម្ពុជា ត្រូវការ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៧០% នៃ​ទិន្នផល​សរុប​ក្នុង​១​ឆ្នាំ​ៗ ខណៈ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​មាន​ប្រមាណ​៣០% តែ​ប៉ុណ្ណោះ​។ មន្ត្រី​ជំនាញ​កសិកម្ម​បាន​អះអាង​ទៀត​ថា ផ្លែ តម្លៃ​មៀន​ប៉ៃលិន​បច្ចុប្បន្ន ចន្លោះ​ពី​១,៥០០​រៀល​ទៅ​២,៥០០​រៀល​ក្នុង​១​គីឡូក្រាម​។ ក្រៅពី​ទីផ្សារ​ថៃ កសិករ​ក៏​កំពុង​សម្លឹង​មើល​ទីផ្សារ​វៀតណាម ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី​ផង​ដែរ​។   

ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន​នេះ​ដែរ លោក អ៊ិ​ន សុវណ្ណ​មុនី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា កន្លង​មក​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​ល្អ (GAP) ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​មៀន​ប៉ៃលិន​បាន​ចំនួន​៣៣៥​នាក់ នៅ​តាម​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង​។ លោក​បាន​បន្ត​ថា គោលបំណង​នៃ​ការ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ឲ្យ​ការ​ដាំ​ដុះ​ផ្លែ​មៀន​ប៉ៃលិន​របស់​ពួក​គេ​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​តំបន់ និង​លើ​សកលលោក​។

លោក បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​អ្នកចូលរួម​បណ្តុះបណ្តាល​ទាំងអស់​មាន​តែ​ម្ចាស់​កសិដ្ឋាន​២៣​នាក់​ប៉ុណ្ណោះ​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​អនុវត្តន៍​បច្ចេកទេស​កសិកម្ម​ល្អ ដែល​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការ​អាច​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​កាន់​ទីផ្សារ​អាស៊ាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើថៃមានការប្រុងជើងការអ្វីខ្លះ ដើម្បីទប់ទល់នឹងអូមីក្រុង នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលខាងមុខនេះ?

ព័ត៌មាន
បើទោះបីជាស្ថានភាពឆ្លងកូវីដ១៩ប្រចាំថ្ងៃ នៅក្នុងប្រទេសថៃនៅតែស្ថិតក្នុងចំនួនខ្ពស់ក៏ដោយ ប៉ុន្ដែនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាចេញមកបញ្ជា…

ក្រុមកម្មករ កម្មការនី សម្ដែងក្ដីរីករាយ ក្រោយឭដំណឹងថា រដ្ឋាភិបាលកំពុងគិតគូរលើការការកែលម្អរថយន្តដឹកកម្មករនិយោជិត

ព័ត៌មាន
ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ បានសម្ដែងនៅសប្បាយរីករាយ ក្រោយទទួលដំណឹងថា រាជរដ្ឋាភិបាលពិសេសខាងក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ